សិស្សមិនស្គាល់ឈ្មោះគ្រូ មិនឱ្យតម្លៃលើការសិក្សា ទៅរៀនមិនទៀងទាត់តែហាក់ដូចជាមានមោទនភាពចំពោះខ្លួនឯងដោយគ្រាន់តែមានគេស្គាល់ច្រើននៅលើបណ្តាញសង្គម ពេលនេះរូបគេកំពុងតែប្រឈមនឹងស្នាមខ្មៅជាប់ខ្លួនមិនងាយនឹងរលប់។ ជាមួយគ្នានេះមានអ្នកសិល្បៈជាច្រើនរូបបង្ហាញពីគុណតម្លៃរបស់គ្រូបង្រៀននិងកុំឱ្យយុវជនផ្សេងទៀតយកគំរូតាម Chen Radee។
.png)
តារាចម្រៀង លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានសរសេរនៅលើបណ្តាញសង្គមថា «សូមកុំនាំគ្នាស្តាប់ ហើយយកគំរូតាមឱ្យសោះ! យ៉ាងហោចលោកគ្រូ អ្នកគ្រូ គឺជាអ្នកមានគុណទី២បន្ទាប់ពីឪពុកម្តាយរបស់យើង!»។ សម្រាប់តារាចម្រៀង សាយ លោកបានលើកឡើងថា «ពាក្យចាស់ពោលថា គ្រូបាអាចារ្យ គឺជាឪពុកម្តាយទី២របស់យើង ដល់សម័យកាលណាក៏មិនអាចផ្លាស់ប្ដូរបានដែរ
ផឹកទឹកឱ្យនឹកដល់ប្រភពជ្រកម្លប់ឱ្យនឹកអ្នកដាំ មនុស្សរមិលគុណគឺចោលម្សៀត»។ 
ងាកមកកាន់តារាចម្រៀងរូបសង្ហា សេង មង្គល វិញលោកបានបញ្ចេញមតិថា «Content creator ភាគច្រើនសុទ្ធតែនិយាយពីគុណតម្លៃគ្រូ និងចំណេះដឹងដែលបានមកពីការរៀនសូត្រ ។ ប្អូនម្នាក់នោះបានចែករំលែកពីការរៀនសូត្រគឺល្អហើយតែដល់កម្រិតថា រៀនមិនស្គាល់សូម្បីឈ្មោះគ្រូរយៈពេល3ឆ្នាំ វាមិនមែនជារឿងធម្មតាទេ។ ប្អូនអាចភ្លេចឈ្មោះរបស់ដែលគ្មានប្រយោជន៍បានតែគ្រូជាអ្នកមានគុណរបស់ប្អូន បើសូម្បីតែឈ្មោះមិនអាចចាំបាន
តើប្អូននិយាយពីគុណធម៌ និង ភាពរីកចម្រើនទៅមុខដូចម្ដេចបាន?ទោះបីគ្រូនោះ ជាប្រភេទគ្រូយ៉ាងម៉េចក៏ដោយ…! ត្រូវចាំថាគ្រូមួយថ្ងៃ គ្រូមួយជីវិត…»។.png)
ចំពោះតារាចម្រៀង Step ដែលមានប្រវត្តិការសិក្សាល្អនិងមានឈ្មោះបោះសំឡេងនៅក្នុងអាជីពសិល្បៈបានបង្ហាញទៅកាន់យុវជនកុំឱ្យភ្លេចការសិក្សាដែលជាគ្រឹះមូលដ្ឋានដ៏សំខាន់។ លោកបាននិយាយថា « ពេលនេះប្រហែលជាប្អូនៗខ្លះកំពុងរៀនមុខជំនាញដែលមិនទាន់ស្រលាញ់ ឬគិតថាមានផ្លូវផ្សេងដែលអាចនាំទៅរកភាពជោគជ័យបានលឿនជាង។តែកុំភ្លេចថា ការសិក្សា គឺជាគ្រឹះមូលដ្ឋានដ៏សំខាន់…មិនមែនគ្រាន់តែសម្រាប់ការងារ ឬអនាគតទេ តែសម្រាប់ការក្លាយជាមនុស្សល្អម្នាក់ ដែលចេះគិត ចេះយល់ និងរស់នៅក្នុងសង្គមដោយមានគុណធម៌»។ Step បន្ថែមថា «កាន់តែធំ កាន់តែយល់ថា ចំណេះដឹងគឺជាទ្រព្យសម្បត្តិដែលគ្មានអ្នកណាអាចដកហូតពីយើងបាន…ទោះទិសដៅជីវិតទៅខាងណាក៏ដោយ ពេលនៅក្មេងយើងគួររៀនឱ្យកាន់តែច្រើន ដើម្បីខ្លួនឯង ដើម្បីគ្រួសារ ដើម្បីសង្គម»!។
ការយល់ឃើញរបស់អ្នកសិល្បៈប៉ុន្មានរូបខាងលើនេះគឺអាចបញ្ជាក់ទៅកាន់យុវជន យុវនារីដទៃទៀតឱ្យតម្លៃទៅលើគ្រូបង្រៀននិងការសិក្សាដែលជាថ្នាលដ៏សំខាន់នៅក្នុងឆាកជីវិតដែលគ្មានអ្នកណាអាចលួចយើងបាននោះទេ។ ដូច្នេះការដាស់តឿននេះគឺកុំឱ្យបរិយាកាសមួយចំនួននៅក្នុងសង្គមអូសទាញយុវជនភ្លេចការសិក្សា ភ្លេចក្រេបយកចំណេះដឹង មានសីលធម៌ល្អនៅក្នុងសង្គម៕










