តើគួរទុកចិត្តដែរឬទេ? មេបញ្ជាការកងទ័ពអាកាសថៃ បានចេញមុខប្រកាសជាផ្លូវការថា ប្រទេសថៃសម្រេចជ្រើសរើសយកក្របខ័ណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ហៅកាត់ថា MOU 2000 ដើម្បីបន្តដំណើរការការងារវាស់វែង និងបោះបង្គោលព្រំដែនគោកជាមួយប្រទេសកម្ពុជា។ ការប្រកាសនេះបានបង្កជាសំណួរចោទថា តើអាចទុកចិត្តបានកម្រិតណា ព្រោះកន្លងមកថៃបានបង្ហាញចេតនាយ៉ាងច្បាស់ក្រឡែតថាពួកគេចង់លុបឯកសារប្រវត្តិសាស្ត្រមួយនេះចោល។.jpg)
យោងតាមរបាយការណ៍ជាក់ស្ដែងពីសារព័ត៌មានក្នុងស្រុករបស់ថៃ មេបញ្ជាការកងទ័ពអាកាសថៃលោក Praphas Sonjaidee បានបញ្ជាក់ថា កងទ័ពអាកាសរួមទាំងគណៈកម្មការព្រំដែនរួម នឹងបន្តអនុវត្តការងារបច្ចេកទេសស្របទៅតាមគោលការណ៍ដែលមានចែងនៅក្នុង MOU 2000 ដោយគ្មានការប្រែប្រួលឡើយ។ ការណ៍នេះមានន័យថា រាល់ការចរចា និងការដោះស្រាយភាពមិនចុះសម្រុងគ្នានៅតាមខ្សែបន្ទាត់ព្រំដែនគោក នឹងត្រូវធ្វើឡើងតាមយន្តការទ្វេភាគីដែលបានព្រមព្រៀងគ្នាកាលពី២៦ឆ្នាំមុន ដោយផ្អែកលើឯកសារផែនទីប្រវត្តិសាស្ត្រដែលបានកំណត់នៅក្នុងឯកសារនោះ។

ផ្អែកលើការវិភាគរបស់មន្ត្រីជំនាញ កត្តាដែលជំរុញឱ្យភាគីថៃសម្រេចជ្រើសយកការប្រកាសរក្សា MOU 2000 នេះ គឺដើម្បីទប់ទល់នឹងយុទ្ធនាការព័ត៌មានផ្ទៃក្នុង ស្របពេលដែលថៃទើបតែបានអនុម័តកញ្ចប់ថវិកាបន្ទាន់ជិត ៣០ម៉ឺនដុល្លារ ឱ្យទៅមជ្ឈមណ្ឌលសម្របសម្រួលព័ត៌មានរួម ដើម្បីបើកយុទ្ធនាការផ្សព្វផ្សាយបែបវាយលុក។ ការប្រកាសរបស់មេបញ្ជាការទ័ពអាកាស គឺដើម្បីជួយលាងសម្អាតរូបភាពរដ្ឋាភិបាល ដោយបង្ហាញទៅកាន់សាធារណជន និងអ្នកវិនិយោគអន្តរជាតិថា ថៃដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងដើរតាមផ្លូវច្បាប់ជាធំ។.jpg)
ក្រៅពីនេះ យុទ្ធសាស្ត្រដ៏សំខាន់បំផុតគឺការបំបែករឿងដីគោក ដើម្បីបើកផ្លូវយកផលប្រយោជន៍សមុទ្រនៅក្នុងតំបន់ទាមទារត្រួតគ្នា OCA ដែលមានផ្ទុកប្រេងកាត និងឧស្ម័នធម្មជាតិរាប់ពាន់លានដុល្លារ។ តាមរយៈការបង្ហាញជំហររឹងមាំ និងស្មោះត្រង់លើរឿងព្រំដែនគោកតាមសេចក្តីប្រកាសជ្រើសយក MOU 2000 ថៃមានបំណងកសាងទំនុកចិត្តការទូតជាមួយទីក្រុងភ្នំពេញ ដើម្បីបង្កើតបរិយាកាសល្អ ក្នុងការអូសទាញកម្ពុជាឱ្យឆាប់ឈានដល់ការចរចាចែករំលែកផលប្រយោជន៍ថាមពលនៅលើសមុទ្រនាពេលខាងមុខ។.jpg)
សរុបសេចក្តីមក ការប្រកាសសម្រេចជ្រើសយកឯកសារ MOU 2000 របស់មេបញ្ជាការកងទ័ពអាកាសថៃសម្រាប់ការបោះបង្គោលព្រំដែនគោក មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាជាយុទ្ធសាស្ត្រការទូតដ៏ចំណានមួយដើម្បីដោះស្រាយវិបត្តិផ្ទៃក្នុងផង និងដើម្បីត្រៀមលក្ខណៈសម្រុកយកផលប្រយោជន៍សេដ្ឋកិច្ចថាមពលនៅលើផ្ទៃសមុទ្រជាមួយកម្ពុជាផងដែរ៕










