នេះហើយជាធនធានមនុស្សក្នុងវិស័យការពារជាតិដែលកម្ពុជាកំពុងត្រូវការ! នាយទាហានវ័យក្មេងកម្ពុជាចំនួន ៤រូប បានសាងមោទនភាពជាតិយ៉ាងធំធេង បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា (កម្រិតវិស្វករជំនាញដ្រូនអាកាស និងផែនទី) ជំនាន់ទី៩៩ ដោយជោគជ័យ ពីបណ្ឌិត្យសភាយោធាអវកាស ម៉ាសៃស្កាវ៉ា ដែលជាសាលាបណ្ដុះបណ្ដាលបច្គេកវិទ្យាយោធាលំដាប់កំពូលនៃសហព័ន្ធរុស្ស៊ី។

យោងតាមការប្រកាស និងការអបអរសាទរជាផ្លូវការពីសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី បានឱ្យដឹងថា វីរយុវជនទាំង ០៤រូបនេះ បានចំណាយពេលសិក្សា និងហ្វឹកហាត់យ៉ាងស្វិតស្វាញអស់រយៈពេល ៦ឆ្នាំពេញ នៅលើទឹកដីនៃសហព័ន្ធរុស្ស៊ី។ អ្វីដែលកាន់តែពិសេស និងគួរឱ្យកោតសរសើរនោះ គឺពួកគេបានបញ្ចប់ការសិក្សាលើជំនាញយុទ្ធសាស្ត្រសំខាន់ៗចំនួនពីរ ដែលកងទ័ពជាតិកំពុងត្រូវការចាំបាច់ក្នុងយុគសម័យឌីជីថល រួមមាន ជំនាញថតដ្រូនពីលើអាកាស និងជំនាញផែនទីព័ត៌មានភូមិសាស្ត្រ។
សមាសភាពនាយទាហានឆ្នើមទាំង ០៤រូប ដែលទទួលបានជោគជ័យក្នុងការសិក្សានេះ រួមមាន ផ្នែកជំនាញថតដ្រូនពីលើអាកាស មានលោកអនុសេនីយ៍ទោ ឃួន រដ្ឋា និងលោកអនុសេនីយ៍ទោ ឥន្ទ សុផែន ចំណែកឯផ្នែកជំនាញផែនទីព័ត៌មានភូមិសាស្ត្រ មានលោកអនុសេនីយ៍ទោ រាជ វិរៈវង្ស និងលោកអនុសេនីយ៍ទោ ខន ឧត្ដម។
នៅក្នុងបរិបទសង្គ្រាម និងបច្ចេកវិទ្យាយោធាទំនើបនាពេលបច្ចុប្បន្ន ជំនាញគ្រប់គ្រងយន្តហោះគ្មានមនុស្សបើក ដើម្បីថតរូបភាពស៊ើបការណ៍ពីលើអាកាស និងការវិភាគទិន្នន័យផែនទីភូមិសាស្ត្រ គឺជាអាវុធយុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុតក្នុងការជួយពង្រឹងកិច្ចការការពារជាតិ និងបូរណភាពទឹកដី។ សមិទ្ធផលដ៏ត្រចះត្រចង់របស់នាយទាហានទាំង ០៤រូបនេះ នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការយកចំណេះដឹង និងបច្ចេកវិទ្យាជឿនលឿនមកជួយធ្វើទំនើបកម្ម ក៏ដូចជាបង្កើនសមត្ថភាពការពារជាតិរបស់កងយោធពលខេមរភូមិន្ទឱ្យកាន់តែខ្លាំងក្លាថែមទៀត៕










