នេះជាក្តីសង្ឃឹមថ្មីស្រឡាងមួយសម្រាប់វិធីសាស្ត្រព្យាបាលជំងឺមហារីកសុដន់ដ៏កា.ចសា.ហាវ! ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថាសារធាតុសកម្មចម្បងនៅក្នុង «ពិសឃ្មុំ» មានសមត្ថភាពពិសេសអស្ចារ្យអាចចូលទៅវា.យប្រហារ និងដុតបំផ្លា.ញកោសិកាមហារីកសុដន់ប្រភេទកាចបានយ៉ាងរហ័សបំផុតនៅក្នុងមន្ទីរពិសោធន៍ ដោយមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់កោសិកាល្អៗជុំវិញនោះឡើយ។
.jpg)
យោងតាមរបាយការណ៍ផ្លូវការរបស់វិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ ហារី ភើឃីនស៍ (Harry Perkins Institute of Medical Research) នៃប្រទេសអូស្ត្រាលី ដឹកនាំដោយលោកស្រីបណ្ឌិត ស៊ីអារ៉ា ឌូហ្វី (Ciara Duffy) បានរកឃើញថាសារធាតុ មេលីទីន (Melittin) ដែលជាសមាសធាតុសកម្មស្នូលនៅក្នុងពិសឃ្មុំ មានប្រសិទ្ធភាពខ្ពស់ជាពិសេសក្នុងការកម្ទេចកោសិកាមហារីកសុដន់ប្រភេទកាចសាហាវបំផុតពីរគឺ ប្រភេទ ទ្រីបផល-ណេហ្គាទីវ (Triple-negative) និងប្រភេទ ហឺធូ-ប៉ុស្តិ៍ទីវ (HER2-positive) ដែលជាទម្រង់ជំងឺរឹងរូស និងពិបាកការព្យាបាលបំផុតដោយប្រើវិធីសាស្ត្រវេជ្ជសាស្ត្របច្ចុប្បន្ន។.jpg)
នៅក្នុងការពិសោធន៍នោះ ក្រុមអ្នកវិទ្យាសាស្ត្របានលាតត្រដាងថា សារធាតុសកម្មពីពិសឃ្មុំនេះ ដំណើរការទៅបុកទម្លុះដោយចាក់ធ្លាយបង្កើតជាប្រហោងនៅលើភ្នាសកោសិកាមហារីក និងកាត់ផ្តាច់ប្រព័ន្ធផ្សព្វផ្សាយសញ្ញានៃការរីករាលដាលរបស់ដុំសាច់។ វាមានសមត្ថភាពអាចចូលទៅដុតបំផ្លាញ និងកម្ទេចភ្នាសកោសិកាមហារីកឱ្យងាប់បានយ៉ាងគំហុកក្នុងរយៈពេលត្រឹមតែប្រហែល ១ម៉ោងប៉ុណ្ណោះ ខណៈពេលដែលវាហុចផលប៉ះពាល់តិចតួចបំផុតទៅលើកោសិកាធម្មតាដែលមិនមានជំងឺ។ លើសពីនេះ វាក៏អាចជួយបង្កើនប្រសិទ្ធភាពរបស់ថ្នាំគីមី (Chemotherapy) ឱ្យកាន់តែពូកែជាងមុនក្នុងការកម្ទេចដុំសាច់ដែលស៊ាំនឹងថ្នាំទៀតផង។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្របានសង្កត់ធ្ងន់ និងក្រើនរំលឹកថា របកគំហើញនេះគឺស្ថិតនៅក្នុងដំណាក់កាលបឋមដំបូងនៅឡើយ។ ការពិសោធន៍នេះត្រូវបានធ្វើឡើងតែនៅក្នុងលក្ខខណ្ឌមន្ទីរពិសោធន៍ និងនៅលើសត្វសាកល្បងតែប៉ុណ្ណោះ។ មុននឹងសារធាតុពិសឃ្មុំនេះ អាចក្លាយជាឱសថព្យាបាលជាផ្លូវការនៅលើទីផ្សារ វាតម្រូវឱ្យមានការសិក្សាយ៉ាងទូលំទូលាយបន្ថែមទៀត តាមរយៈការធ្វើតេស្តគ្លីនិកលើរាងកាយមនុស្ស (Human clinical trials) ដើម្បីកំណត់ឱ្យបានច្បាស់លាស់អំពីសុវត្ថិភាព ប្រសិទ្ធភាព កម្រិតដូសប្រើប្រាស់ និងផលប៉ះពាល់ផ្សេងៗ ដូច្នេះមានន័យថា «ពិសឃ្មុំ» មិនទាន់ជាថ្នាំព្យាបាលមហារីកដាច់ក្នុងពេលបច្ចុប្បន្ននេះឡើយ៕










