Home ព័ត៌មានជាតិ ក្រុមនិស្សិតខ្មែរផ្ដួលថៃ ម៉ាឡេស៊ី និងម៉ុងហ្គោលី គ្រងតំណែង«ជើងឯក»ជជែកដេញដោលនៅអាស៊ី

ក្រុមនិស្សិតខ្មែរផ្ដួលថៃ ម៉ាឡេស៊ី និងម៉ុងហ្គោលី គ្រងតំណែង«ជើងឯក»ជជែកដេញដោលនៅអាស៊ី

89
0

ចា.ញ់ខាងបាល់ទាត់តែឈ្នះវិញខាងប្រាជ្ញា! ក្រុមនិស្សិតខ្មែរបានសាងប្រវត្តិសាស្ត្រថ្មីជូនជាតិ ដោយការគ្រងតំណែង «ជើងឯក» ក្នុងកម្មវិធីប្រកួតជជែកដេញដោលលំដាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (JCI ASPAC 2026) នៅប្រទេសជប៉ុន ក្រោយវាយបកផ្តួលក្រុមខ្លាំងមកពីប្រទេសថៃ ម៉ាឡេស៊ី និងម៉ុងហ្គោលី យ៉ាងចាស់ដៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY3l1YpT2DYdm1toUiRgCHmiUOyep45B5muFOokz00lAHRq4KSxst3fNT43IQ6qfarzENd0R55AjzGorN-X1Gxiddwi_ZcNLUMcIdN52CW0cc0WzOpni3BNvJ9XgRLzRMed5B2Rf3oeYhCYJ8QpvZGAaTX198_-FoD04HGXyTOiM_nJkUNFdz-ld8aaEM/s1280/photo_2026-06-15_10-23-06%20(2).jpg
យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការពីសភាពាណិជ្ជកម្មយុវជនអន្តរជាតិ (Junior Chamber International – JCI) និងវិទ្យាស្ថាន ខេមអេដ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមនិស្សិតតំណាងកម្ពុជាបានដណ្តើមបានមេដាយមាស និងពានរង្វាន់ជើងឯកនៅក្នុងព្រឹត្តិការណ៍ JCI ASPAC Niigata 2026 Debating Championship ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុង Niigata ប្រទេសជប៉ុន។ សមាសភាពយុវជនឆ្នើមដែលបានរួមចំណែកលើកតម្កើងកិត្តិយសជាតិរួមមាន លោក ស៊ាង ធានសឹង្ហ, កញ្ញា អ៊ុង ខេមរាបូណ៌មីច័ន្ទ និងកញ្ញា ស្លេះ រ៉យ្យ៉ាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2qBSkDOaSZ0UF_S5TFX-xr3i2pxLZ7L411fXfqxwWYaQtQYN_CWR8rQulrTQ3iURZ-bNsXpes0XU453T9of3lxqW7V3_Nx33Hg7U8S9gi18NfHcf0WlpWRG1kvhcvklWuPRfswlc9AUFdhHSTxr-WEO9KInGb2bGTg3OznX1sz9fPNmk5Ndobve6CiHo/s1280/photo_2026-06-15_10-23-06.jpg
នៅក្នុងដំណើរផ្លូវឆ្ពោះទៅរកការគ្រងមកុដជើងឯកនេះ ក្រុមនិស្សិតតស៊ូមតិរបស់កម្ពុជាបានឆ្លងកាត់ឧបសគ្គ និងការប្រកួតយ៉ាងស្វិតស្វាញ ដោយបានបំបែកកំណត់ត្រាយកឈ្នះគូប្រជែងមកពីបណ្តាប្រទេសធំៗជាបន្តបន្ទាប់ តាមរយៈវោហារស័ព្ទ និងយុទ្ធសាស្ត្រវែកញែកយ៉ាងមុតស្រួច រហូតឈានដល់ជំនួបដណ្តើមពាននៅវគ្គផ្ដាច់ព្រាត់ ផ្ដួលគូប្រកួតតំណាងប្រទេសម៉ុងហ្គោលី និងលើកពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជូនមាតុភូមិបានសម្រេច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXHPVgL9GMt_GQBDVkyDSaE7ebIvKI8MnL2-tDhfgjdYs3Oz2ybvTQHNOd9deM3SqLKMRhaTp24DA-CxdEoAC_xWIuDj7tu-PTXJZgSAnKsKBtXh69ayLvZ9f9ixRdfl5lPfG3aOMrIoVLcs17Fv59kSUVGWPekkvxtJsU_ofqesXdRk-SGrCVRtdgASg/s1280/photo_2026-06-15_10-23-07%20(2).jpg
ជោគជ័យជាប្រវត្តិសាស្ត្ររបស់យុវជនកម្ពុជានៅលើទឹកដីជប៉ុននាពេលនេះ ទទួលបានការអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំងក្លាពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី។ សមិទ្ធផលនេះមិនត្រឹមតែជាមោទនភាពផ្ទាល់ខ្លួនរបស់វិទ្យាស្ថាន និងក្រុមនិស្សិតប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីកម្មស្រស់ស្រាលបង្ហាញថា ក្មេងជំនាន់ក្រោយរបស់កម្ពុជាមានសមត្ថភាពចំណេះដឹង និងវោហារស័ព្ទអន្តរជាតិ មិនចាញ់និស្សិតមកពីបណ្តាប្រទេសជឿនលឿនដទៃឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTsg_Gmv-cmOExSWRHi7PmkquzB2U8OGWKbS3R77Cx6N2R5cdn7lBpFuOGzCc83JMX6aB2RX2b2hHAkFt_4ypS7psyMLAc38R5fnPIXBLuWyK_ad6hh3leFvf-6A_wPibOeA_P96kJ3oR3Q-WBFTZslUxWKh2aUtR7oA7319s0bTd8E8UluZhL_uHy7jM/s1280/photo_2026-06-15_10-23-07.jpg

តាមរយៈការគ្រងតំណែងជាម្ចាស់ជើងឯកតំបន់អាស៊ី-ប៉ាស៊ីហ្វិក (JCI ASPAC 2026) នេះ ក្រុមនិស្សិតឆ្នើមកម្ពុជាទាំង ៣ រូប នឹងត្រូវធ្វើដំណើរទៅតំណាងឱ្យតំបន់ទាំងមូល ដើម្បីចូលរួមប្រកួតជម្រុះជើងឯកពិភពលោក (JCI World Public Speaking & Debating Championship) ក្នុងព្រឹត្តិការណ៍ JCI World Congress ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ នាប្រទេសហ្វីលីពីន៕