ថ្មីៗនេះ អ្នកដំណើរតាមរថភ្លើងជប៉ុនបានបង្ហាញការមិនពេញចិត្តក្នុងបណ្តាញសង្គម X ចំពោះស្ថានីយរថភ្លើងធំៗមួយចំនួននៅប្រទេសជប៉ុន ដាក់ស្លាកសញ្ញាជាភាសាថៃ និងជជែកវែកញែកពីស្លាកសញ្ញាឌីជីថលបង្ហាញព័ត៌មានជើងរថភ្លើងដែលដាក់ភាសាច្រើន រួមទាំងភាសាថៃ ដើម្បីឱ្យភ្ញៀវទេសចរបរទេសអាចអានអក្សរពីការធ្វើដំណើរតាមរថភ្លើង។ ការជជែកនេះ បន្ទាប់ពីពលរដ្ឋជប៉ុនបង្ហោះរូបស្លាកសញ្ញាជាភាសាថៃនៅស្ថានីយរថភ្លើង ដោយអ្នកដំណើរជប៉ុនចង់ឱ្យដាក់ត្រឹមតែភាសាជាតិ និងអង់គ្លេស មិនចាំបាច់មានភាសាថៃទេ ពីព្រោះមិនមែនជាភាសាសកល។
.jpg)
មតិជាច្រើនលើកឡើងថា ការដាក់ស្លាកសញ្ញាច្រើនភាសាពេក ដូចជា អង់គ្លេស ចិន កូរ៉េ រួមទាំងថៃ ហើយស្លាកសញ្ញាឌីជីថលត្រូវផ្លាស់ប្តូរពីភាសាមួយទៅភាសាមួយទៀតនាំឱ្យរំខានដល់ការធ្វើដំណើរ សម្រាប់អ្នកប្រញាប់ប្រញាល់មិនអាចអានព័ត៌មានជើងរថភ្លើងភ្លាមៗបានឡើយ និងត្រូវឈររង់ចាំរហូតដល់ស្លាកសញ្ញាត្រឡប់មកបង្ហាញជាភាសាជប៉ុនវិញ។ ម្យ៉ាងទៀត វាធ្វើឱ្យទំហំអក្សរជប៉ុនកាន់តែរួមតូចទៅៗ មិនអាចឱ្យអ្នកដំណើរជប៉ុនមើលឃើញឈ្មោះស្មានីយ ឬម៉ោងចេញដំណើរឡើុ ជាពិសេស មនុស្សចាស់។
អ្នកបញ្ចេញមតិជាច្រើនសំណូមពរឱ្យស្ថានីយរថភ្លើងធំៗដាក់ស្លាកសញ្ញាជាភាសាជាតិ និងភាសាអង់គ្លេសប៉ុណ្ណោះ ពីព្រោះជាភាសាសកលសម្រាប់ឱ្យភ្ញៀវទេសចរបរទេសអាចអានយល់ មិនចាំបាច់មានភាសាថៃនាំឱ្យរញ៉េរញ៉ៃនោះទេ។
ទោះយ៉ាងណា ក្រុមហ៊ុនរថភ្លើងជប៉ុននៅតែដាក់ស្លាកសញ្ញាព័ត៌មានជាច្រើនភាសា ដោយសារតែភ្ញៀវទេសចរបរទេសមកមកកម្សាន្តនៅប្រទេសជប៉ុនកើនឡើងជាបន្តបន្ទាប់នៅឆ្នាំ២០២៦នេះ។ ការមិនពេញចិត្តរបស់ពលរដ្ឋជប៉ុនលើការដាក់ស្លាកសញ្ញាជាច្រើនភាសានៅតាមស្ថានីយរថភ្លើង មិនមែនទើបតែកើតឡើងពេលនេះទេ គឺមានការជជែកវែកញែកតាំងពីឆ្នាំ២០២៤ មកម៉្លេះ ថាតើផ្តល់ផលចំណេញ ឬរំខាន។

សូមរំឭកដែរថា បន្ទាប់ពីបញ្ចប់វិបត្តិការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជប៉ុនក៏បានបើកប្រទេសរបស់ខ្លួនទទួលភ្ញៀវទេសចរបរទេសឡើងវិញ ហើយភ្ញៀវទេសចរចិន កូរ៉េខាងត្បូង និងថៃ បានទៅលេងជប៉ុនកើនឡើង ទើបក្រុមហ៊ុនរថភ្លើងជប៉ុនធំៗចាប់ផ្តើមដាក់បញ្ចូលភាសាជាច្រើន រួមទាំងថៃផងដែរ ទៅក្នុងស្លាកសញ្ញាឌីជីថលដើម្បីឱ្យភ្ញៀវបរទេសអានយល់។
ជុំវិញបញ្ហានេះ អ្នកលេងបណ្តាញសង្គមថៃក៏បានផ្ទុះការមិនពេញចិត្តដែរ ពីអ្នកដំណើរតាមរថភ្លើងជប៉ុនមិនគាំទ្រភាសាថៃ ។ ប៉ុន្តែអ្នកលេងបណ្តាញសង្គមថៃខ្លះទៀតថា សមត្ថភាពអានភាសាអង់គ្លេសរបស់ពលរដ្ឋថៃនៅទាបខ្លាំង បើធៀបជាមួយពលរដ្ឋបណ្តាប្រទេសជិតខាងក្នុងតំបន់អាស៊ាន ទើបក្រុមហ៊ុនរថភ្លើងជប៉ុនសម្រេចដាក់ភាសាថៃនៅលើស្លាកសញ្ញាដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរថៃអាចធ្វើដំណើរក្នុងប្រទេសជប៉ុនដោយងាយស្រួល៕










