មនុស្សជាច្រើនសួរថា តើការដាក់ដុំ WiFi នៅក្នុងបន្ទប់គេងអាចធ្វើឱ្យកើតជំងឺមហារីកដែរឬទេ ពីព្រោះវាមានភាពងាយស្រួលក្នុងការប្រើប្រាស់អ៊ីនធើរណេត និងមានសេវាពេញ? ចម្លើយសម្រាប់សំណួរនេះ មិនពិតទេ វាមិនបង្កឱ្យកើតជំងឺមហារីកឡើយ។ បើតាមការបញ្ជាក់ពីស្ថាប័នស្រាវជ្រាវមហារីកលំដាប់ពិភពលោក គឺគ្មានភស្តុតាងវិទ្យាសាស្ត្រណាមួយបង្ហាញថា រលកសញ្ញា WiFi ធ្វើឱ្យប៉ះពាល់ដល់សុខភាពរហូតដល់កើតមហារីកទេ។

រលកសញ្ញា WiFi គឺជាប្រភេទរលកវិទ្យុដែលមានថាមពលខ្សោយខ្លាំង (ដូចរលកវិទ្យុ FM និងទូរទស្សន៍)។ វាគ្មានថាមពលគ្រប់គ្រាន់ក្នុងការបំផ្លាញកោសិកា ឬកាត់ផ្តាច់ DNA នៅក្នុងរាងកាយមនុស្ស ដែលជាដើមហេតុនៃជំងឺមហារីកដូចជាកាំរស្មីអ៊ិច (X-rays) នោះទេ។ ម្យ៉ាងទៀត ដុំ WiFi នៅតាមផ្ទះ វាបញ្ចេញថាមពលកម្រិតទាបជាងទូរស័ព្ទដៃរបស់យើងទៅទៀត ហើយកម្លាំងរលកសញ្ញានឹងចុះខ្សោយពេលវាសាយភាយឆ្ងាយពីដុំ WiFi ដូច្នេះ ទោះជាដាក់វាក្នុងបន្ទប់គេង ក៏មិនអាចបង្កគ្រោះថ្នាក់ដល់សុខភាពឡើយ។.jpg)
អង្គការសុខភាពពិភពលោក (WHO) និងគណៈកម្មការអន្តរជាតិការពារវិទ្យុសកម្ម (ICNIRP) បញ្ជាក់ថា គ្មានភស្តុតាងច្បាស់លាស់បញ្ជាក់ពីការដាក់ដុំ WiFi នៅក្នុងបន្ទប់គេងនាំឱ្យកើតជំងឺមហារីកនោះទេ ហើយមានតែកាំរស្មី X-ray ឬ CT Scan តែប៉ុណ្ណោះ ដែលធ្វើឱ្យប៉ះពាល់សុខភាពឈានទៅកើតមហារីក។
ទោះជាមិនធ្វើឱ្យកើតមហារីកក្តី ប៉ុន្តែការដាក់ដុំ WiFi នៅក្បែរគ្រែគេងពេក ឬលេងទូរស័ព្ទដៃមុនពេលគេង នឹងធ្វើឱ្យប៉ះពាល់ដល់ខួរក្បាល និងរំខានការផលិតអរម៉ូនមេឡាតូនីន (Melatonin) ដែលជួយឱ្យគេងលក់ស្កប់ស្កល់ ព្រមទាំងធ្វើឱ្យមានអារម្មណ៍តានតឹង ឈឺក្បាល ឬគេងមិនលក់ ជាដើម។ ហេតុនេះ គួរតែដាក់វាឱ្យឆ្ងាយពីគ្រែគេង ចាប់ពី២ ទៅ៣ម៉ែត្រ ឬដាក់នៅខាងក្រៅបន្ទប់គេងវិញ ហើយបិទដុំ WiFi នៅមុនពេលចូលគេងពេលយប់ដើម្បីកាត់បន្ថយការរំខាន និងជួយសន្សំសំចៃអគ្គិសនី។
សូមរំឭកដែរថា ដើម្បីទទួលបានសញ្ញា WiFi ខ្លាំង លឿន និងគ្របដណ្តប់បានពេញមួយផ្ទះ គូរតែដាក់នៅកន្លែងខ្ពស់ចំកណ្តាលផ្ទះដើម្បីឱ្យសញ្ញាជះទៅគ្រប់បន្ទប់បានស្មើៗគ្នា ។ យើងក៏អាចដាក់វានៅក្បែរបន្ទប់ធ្វើការ ឬបន្ទប់ទទួលភ្ញៀវបានដូចគ្នា ដើម្បីឱ្យល្បឿនអ៊ីនធើរណេតកាន់តែលឿន ប៉ុន្តែចៀសវាងដាក់នៅក្បែរបង្អួចពីព្រោះធ្វើឱ្យសញ្ញាជះទៅខាងក្រៅ ឬដាក់នៅកន្លែងទាប៕










