តារាចម្រៀង សួស វីសា បានបង្ហាញពីទុក្ខលំបាករបស់ខ្លួនដោយលើកឡើងថាទោះបីជាអង្គុយរៀបរាប់រឿងក្នុងចិត្ត១០ឆ្នាំទៀតក៏មិនអស់។ អម្រែកជីវិតជួបការលំបាកតាំងពីវ័យនៅសិក្សាទម្រាំអាចឈរមកដល់សព្វថ្ងៃនេះ សួស វីសា ថាមិនមែនជារឿងងាយស្រួលនោះទេ នាងអាចរកភាពជោគជ័យចូលក្នុងគ្រួសារប៉ុន្តែបែរមកអភ័ព្វរងថ្មបាក់ពីមនុស្សជុំវិញខ្លួន។

ដើមខែថ្មីភ្លាម សួស វីសា បានបង្ហាញទុក្ខកង្វល់ក្នុងចិត្តដើម្បីឱ្យខ្លួនឯងបានធូរស្រាលបន្ទាប់ពីជីវិតហាក់ជួបប្រទះបញ្ហាធ្វើគុណបានទោស រងថ្មបាក់ពីមនុស្សជុំវិញខ្លួន។ សួស វីសា បានរៀបរាប់នៅថ្ងៃទី១ មិថុនា ថា «ជីវិតបងប្អូនបែបណាខ្ញុំអត់ដឹងទេ តែជីវិតខ្ញុំគឺខ្ញុំចេះមានអម្រែករែកនៅលើស្មាតាំងពីវ័យកំពុងតែនៅរៀនម្ល៉េះ អម្រែកនោះប្រឹងរែកផង ទូលផង លីផង សែងផង ឆ្លងកាត់ព្យុះភ្លៀងតូចធំមកអស់ហើយ ទំរាំតែខ្ញុំអាចមកឈរនៅចំណុចរាល់ថ្ងៃនេះបានវាមិនមែនជារឿងងាយស្រួលទេ»។ យ៉ាងណា តារាចម្រៀងហង្សមាសរូបនេះថា ជីវិតរបស់នាងសំណាងក៏សំណាងព្រោះតែងតែមានទេវតាតាមថែ ប៉ុន្តែអភ័ព្វក៏អភ័ព្វណាស់ដែរ។
.png)
សួស វីសា នាងសំណងត្រង់ពីដើមមកការងារសម្រេចតាមបំណងប៉ងប្រាថ្នារហូតនិងនាំតែភាពជោគជយ័ចូលក្នុងគ្រួសារ និងតែងតែធ្វើឱ្យគ្រួសារមានមោទនភាពដោយសារនាងជានិច្ច មិនដែលនាំរឿងក្តៅក្រហាយធ្វើឱ្យឪពុកម្តាយទឹកភ្នែកដោយសារនាងម្តងណាទេ។ វីសា ថានាងជាផ្កាយសំណាងនៅក្នុងកែវភ្នែករបស់គ្រួសារ តាំងពីក្មេងរហូតដល់វ័យជាង៣០ឆ្នាំផ្លាយនេះនាងមានតែនាំលាភនាំជ័យចូលផ្ទះជាហូរហែនិងតែងតែដឹកនាំឱ្យតែគ្រួសារដើរធ្វើបុណ្យ ឬនាំគ្រួសារដើរលេងសប្បាយៗតាមលទ្ធភាពជារឿយៗ …… ។
ចំណុចដែលអភ័ព្វ សួស វីសា បានលើកឡើងថាតាំងពីដើមមកនាងតែងតែរងថ្មបាក់ពីមនុស្សជុំវិញខ្លួន គេជាអ្នកសាងបញ្ហានាងជាដោះស្រាយ គេជាអ្នកខុសនាងចេញមុខទទួល អភ័ព្វតែរឿងគេយកទុក្ខទោសមកទម្លាក់ឱ្យ។ តារាចម្រៀងរូបនេះលើកឡើងទៀតថា «ធ្វើបុណ្យបានតែទោស ទាំងដែលរឿងនោះមិនបានដឹងឮសោះក៏នៅតែជាយើងដែលត្រូវមកដោះស្រាយឱ្យគេរហូតត្រូវកើតទុក្ខជាមួយគេត្រូវដេកភ័យជាមួយគេត្រូវដេកគិតជំនួសគេ រកដំណោះស្រាយឱ្យគេទាំងដែលខ្លួនឯងអត់មានពាក់ព័ន្ធសូម្បី១% ពេលខ្លះខ្ញុំពិតជាហត់»។ សួស វីសា បានសង្កត់ធ្ងន់ចុងក្រោយថា «រៀបរាប់ប៉ុណ្ណេះបានហើយ..បើទោះរៀបរាប់១០ឆ្នាំទៀតក៏មិនអស់ពាក្យក្នុងចិត្តនេះដែរ.. ប៉ុណ្ណេះក៏ធូរទ្រូងខ្លះដែរ…»។
ការបង្ហាញរឿងរ៉ាវក្នុងចិត្តរបស់ សួស វីសា ក៏បានធ្វើឱ្យអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះបានបង្ហាញការយល់ចិត្តនិងផ្តល់កម្លាំងចិត្តឱ្យអាយដលរបស់ពួកគេផងដែរ។ គួរឱ្យដឹងថា ថ្មីៗនេះ សួស វីសា បានបង្ហោះបទចម្រៀងចាស់ៗរបស់ខ្លួនជាច្រើនដែលអាចជាសញ្ញាតារាចម្រៀងរូបនេះវិលមកកាន់ឆាកតន្រ្តីវិញ។ សួស វីសា ធ្លាប់បានបង្ហើបផងដែរថាឧបសគ្គនៃការប្រែប្រួលរូបរាងរបស់នាងគឺជាកត្តាដែលនាងគ្មានទំនុកចិត្តវិលមកកាន់អាជីពវិញ៕










