តារាសម្តែង ស៊ីន យូប៊ីន និងបវរកញ្ញា អ៊ិន លក្ខិណា បានអំពាវនាវដល់សប្បុរសជនចូលរួម «មូលនិធិ ១ ម៉ឺនរៀល ១ ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា។ យុទ្ធាការនេះនឹងចាប់ផ្តើមពេញមួយខែក្នុងខែមិថុនា ឆ្នាំ២០២៦។
នៅលើបណ្តាញសង្គមរបស់ អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 បានប្រើប្រាស់សំឡេងរបស់ខ្លួនដើម្បីគៀងគរដល់សប្បុរសជននានាឱ្យចូលរួមក្នុងយុទ្ធនាការដ៏សំខាន់នេះដើម្បីជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា។ លក្ខិណា បាននិយាយថាទោះបីជាស្ថិតនៅក្នុងកាលៈទេសៈបែបណាក៏ដោយការជួយសង្គ្រោះកុមារនៅមន្ទីរពេទ្យគន្ធបុផ្ផាមិនអាចមើលរំលងបាន។ ស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនប្រាកដប្រជា ស្របពេលដែលប្រទេសកម្ពុជាប្រឈមនឹងជម្លោះព្រំដែន តែកុមារដែលប្រើប្រាស់សេវាកម្មដោយឥតគិតថ្លៃនៅមន្ទីរពេទ្យមិនបានថមថយដូចសេដ្ឋកិច្ចឡើយ។
បវរកញ្ញារូបនេះបានបញ្ជាក់ថា ការចំណាយលើថ្លៃថ្នាំក្នុង១ឆ្នាំរបស់មន្ទីរពេទ្យគន្ធបុផ្ផាគឺប្រមាណ៤៦លានដុល្លារ។ ជាមួយគ្នានេះ អ៊ិន លក្ខិណា បានលើកទឹកចិត្តដល់សប្បុរជនឱ្យចូលរួម «មូលនិធិ ១ ម៉ឺនរៀល ១ ម៉ឺននាក់» របស់មន្ទីរពេទ្យនេះខណៈនាងបានចូលរួមរួចហើយ។
នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ តារាសម្តែង ស៊ីន យូប៊ីន បានបង្ហោះវីដេអូមួយដោយបានដាក់ចំណងជើងថា «សូមចូលរួមជាមួយខ្ញុំ ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា។យើងរួមគ្នាដើម្បីស្នាមញញឹម និងអនាគតកុមារកម្ពុជា។ ខ្ញុំបានបរិច្ចាគរួចហើយ ចុះអ្នកវិញ? »។

គួរឱ្យដឹងថា «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជាដែលត្រូវបានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា និងបំផុសចលនាសប្បុរសធម៌ ក៏ដូចជាដើម្បីរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ក្នុងគោលបំណងរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ ព្យាបាល និងសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង នៅមន្ទីរពេទ្យគនុ្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប៕










