មោទនភាពជាតិខ្មែរលំដាប់ពិភពលោក! អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានស្ថាប័នអន្តរជាតិ Skytrax វាយតម្លៃជាប់ឈ្មោះជាព្រលានយន្តហោះថ្មីល្អបំផុតមួយ ក្នុងចំណោមកំពូលព្រលានយន្តហោះទាំង ៥ លើសកលលោក សម្រាប់ឆ្នាំ២០២៦។ នេះគឺជាជាសមិទ្ធផលដ៏ត្រចះត្រចង់ ដែលសបញ្ជាក់ឱ្យឃើញថា ហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពផ្តល់សេវាកម្មអាកាសចរណ៍របស់កម្ពុជា បានឈានដល់កម្រិតស្តង់ដារខ្ពស់បំផុតជាប្រវត្តិសាស្ត្រ។

យោងតាមការប្រកាសលទ្ធផលជាផ្លូវការនៅក្នុងរបាយការណ៍របស់ស្ថាប័នវាយតម្លៃអាកាសចរណ៍លំដាប់សកល Skytrax World Airport Awards 2026 បានឱ្យដឹងថា «អាកាសយានដ្ឋានអន្តរជាតិតេជោ» របស់ព្រះរាជាណាចក្រកម្ពុជា បានដណ្តើមបានចំណាត់ថ្នាក់លេខ ៥ យ៉ាងត្រចះត្រចង់ នៅក្នុងបញ្ជីស្ថានីយអាកាសយានដ្ឋានថ្មីល្អបំផុតរបស់ពិភពលោក (World’s Best New Airport Terminal 2026)។

ពានរង្វាន់កម្រិតពិភពលោកនេះ ត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់បំផុត ដោយផ្អែកលើការស្ទង់មតិ និងការវាយតម្លៃដោយផ្ទាល់ពីអ្នកដំណើរអន្តរជាតិរាប់លាននាក់ ទៅលើស្ថានីយអាកាសយានដ្ឋានថ្មីៗទាំងអស់ ដែលបានបើកដំណើរការក្នុងរយៈពេល ១៨ ខែចុងក្រោយ។ ការវាយតម្លៃនេះបានផ្តោតសំខាន់លើគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធ បទពិសោធន៍ទូទៅរបស់អ្នកដំណើរ កម្រិតសេវាកម្ម និងភាពរួសរាយរាក់ទាក់របស់បុគ្គលិក។

នៅក្នុងចំណាត់ថ្នាក់ប្រកួតប្រជែងកំពូលនេះ អាកាសយានដ្ឋានរបស់កម្ពុជា បានឈរឈ្មោះរួមគ្នាជាមួយមហាយក្សអាកាសចរណ៍ធំៗ រួមមាន ១, Aso Kumamoto Airport របស់ជប៉ុន ២, T3 Guangzhou Baiyun Airport របស់ចិន ៣, T1 San Diego International Airport របស់សហរដ្ឋអាម៉េរិក ៤, Navi Mumbai របស់ឥណ្ឌា និង ៥, Techo International Airport របស់កម្ពុជា។

គួរបញ្ជាក់ថា ជោគជ័យដ៏ធំធេងនេះបាននាំមកនូវក្តីមោទនភាព និងភាពរីករាយជាខ្លាំងដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ព្រោះអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាព្រលានយន្តហោះតែមួយគត់នៅក្នុងតំបន់អាស៊ាន ដែលមានសមត្ថភាពខ្ពស់អាចឡើងមកបង្អួតរាង និងជាប់ឈ្មោះក្នុងចំណោមសហគមន៍អាកាសចរណ៍កំពូលៗទាំង ៥ នៅលើលោក។
អាកាសយានដ្ឋានលំដាប់ថ្នាក់ខ្ពស់ (កម្រិត 4F) មួយនេះ មិនត្រឹមតែលេចធ្លោលើផ្នែកសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានទទួលស្គាល់លើផ្នែករចនាបថស្ថាបត្យកម្មដ៏ទំនើបប្លែក ដែលគូសប្លង់ដោយក្រុមហ៊ុនល្បីឈ្មោះលំដាប់ពិភពលោក Foster + Partners ដោយបានបញ្ចូលនូវអត្តសញ្ញាណវប្បធម៌ខ្មែរ និងបច្ចេកវិទ្យាបៃតងយ៉ាងល្អឥតខ្ចោះ។ ការទទួលបានចំណាត់ថ្នាក់ពី Skytrax នៅពេលនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី និងជាមេដែកដ៏មានឥទ្ធិពលមួយក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគអន្តរជាតិឱ្យមកកាន់កម្ពុជាកាន់តែច្រើនឡើង៕










