Home ព័ត៌មានអន្តរជាតិ ម៉ាឡេស៊ីប្រកាសផ្អាកនាំចូលបង្គាពីថៃភ្លាមៗ ដើម្បីឆ្លើយតបនឹងវិធានការរឹតបន្តឹងលើត្រីស្ពង់

ម៉ាឡេស៊ីប្រកាសផ្អាកនាំចូលបង្គាពីថៃភ្លាមៗ ដើម្បីឆ្លើយតបនឹងវិធានការរឹតបន្តឹងលើត្រីស្ពង់

77
0

វិធានការតបតផ្នែកពាណិជ្ជកម្មបានផ្ទុះឡើង បន្ទាប់ពីប្រទេសម៉ាឡេស៊ីបានប្រកាសផ្អាកការនាំចូលបង្គាចំនួន៥ប្រភេទពីប្រទេសថៃភ្លាមៗ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នេះតទៅ។ ក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី បានបញ្ជាក់ថា វិធានការនេះធ្វើឡើងក្នុងគោលបំណងពង្រឹងការត្រួតពិនិត្យ និងលើកកម្ពស់ស្តង់ដារសុវត្ថិភាពចំណីអាហារ ដើម្បីធានាថា គ្រឿងសមុទ្រនាំចូលទាំងអស់ស្របតាមបទដ្ឋានគុណភាពត្រឹមត្រូវ។ ការផ្អាកនេះនឹងបន្តអនុវត្តរហូតទាល់តែភាគីថៃផ្តល់ការបកស្រាយ និងឆ្លើយតបជាផ្លូវការចំពោះសំណួររបស់ម៉ាឡេស៊ី ជុំវិញបញ្ហាសុវត្ថិភាពចំណីអាហារដែលជាការព្រួយបារម្ភ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-JiEiTd164GkkhyXNDQrf1-5QPpilD6E-HxxcyTrl5vV7MlsllIcj0VbOtj3zmH3vHocbPNZhMT_8PoX0ffiz9Q6xQTw5IhQXt1vJIm1rerAwtB7kiIRhi-LS924wGHkikASiBcJR8jXctuE-rGEMtSSdCMcnndhoY4Or16PpCbv0DqkPqWF1Y58IxQ0/s1024/photo_2026-06-01_13-26-53.jpg
ចំណាត់ការនេះត្រូវបានគេមើលឃើញថា ជាការឆ្លើយតបភ្លាមៗ បន្ទាប់ពីប្រទេសថៃបានដាក់បម្រាមហាមឃាត់ការនាំចូលត្រីស្ពង់ (Seabass) របស់ម៉ាឡេស៊ី។ ទោះបីជាក្រុមអ្នកនេសាទថៃបានទទូចឱ្យរដ្ឋាភិបាលពន្លឿនការចរចាជាមួយម៉ាឡេស៊ីក៏ដោយ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ហាក់មិនទាន់មានចំណាត់ការឆ្លើយតបណាមួយឡើយ។ គួរជម្រាបថា ក្នុងមួយឆ្នាំៗ ថៃបាននាំចេញបង្គាទៅកាន់ទីផ្សារម៉ាឡេស៊ី ក្នុងបរិមាណចន្លោះពី៦,០០០ ដល់៨,០០០តោន ដែលការបិទច្រកនេះកំពុងធ្វើឱ្យភាគីថៃជួបការលំបាកយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUQ_b3TJKGdOpDQDNQiQ6oYl9utBofhxVq0m33HFsZcmYk_fzGgzqvF28zXKMQIdZNFYT-z08oo6sZP6BE5yEl_45oNyR513hBqAdsaS-7FmoW4n35wEtLsLGLlSxWqLroalO40mTVhCcFPUvXs1VycRy2dpu_MSnSvmD7Ry7u_FYSEcyxRr_-VkAlhbU/s800/photo_2026-06-01_13-26-53%20(2).jpg

ក្រៅពីបម្រាមលើបង្គាទាំង៥ប្រភេទ អាជ្ញាធរម៉ាឡេស៊ីក៏បានតម្រូវឱ្យអ្នកនាំចូលត្រីស្ពង់ពីប្រទេសថៃទាំងអស់ ត្រូវតែបង្ហាញវិញ្ញាបនបត្របញ្ជាក់ពីការវិភាគ (Certificate of Analysis – CoA) រាល់ពេលឆ្លងកាត់ព្រំដែន។ ទោះជាយ៉ាងណាក៏ដោយ ភាគីខាងម៉ាឡេស៊ីបានអះអាងថា បម្រាមនេះនឹងមិនប៉ះពាល់ដល់ការផ្គត់ផ្គង់ ឬបង្កឱ្យមានការខ្វះខាតបង្គានៅក្នុងទីផ្សារស្រុករបស់ខ្លួនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWTDb2uIUfW23ntn9vZcTSpkrWYtl9QSQgmRL7ZtO1bszLfZ0wfghV_0rmc6l4rva5rUSUDkkPvEWXs-DBi1Amqij7PkOf9RE6tDe_0ACrAJaX3BXATIYg_b04JjvT7XCNk-CkdsogwkEnqgyku_AE6zjjwFXvNd0ZYBet03-u1Q9tApS-5zoGkS9vPRM/s800/photo_2026-06-01_13-26-52.jpg

នាយកសមាគមបង្គាថៃបានឱ្យដឹងថា ការផ្អាកនាំចូលភ្លាមៗរបស់ម៉ាឡេស៊ី នឹងជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់កសិករនៅភាគខាងត្បូងប្រទេសថៃ ដោយសារពួកគេត្រូវបាត់បង់ប្រាក់ចំណូលយ៉ាងមហាសាល។ សមាគមបានសំណូមពរឱ្យរដ្ឋាភិបាលថៃ ប្រញាប់ស្វែងរកការចរចាជាមួយម៉ាឡេស៊ីជាបន្ទាន់ ពីព្រោះការបាត់បង់ទីផ្សារមួយនេះនឹងធ្វើឱ្យតម្លៃបង្គាក្នុងស្រុកធ្លាក់ចុះយ៉ាងគំហុក ប្រសិនបើមិនអាចស្វែងរកទីផ្សារថ្មីជំនួសបានទាន់ពេលវេលា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBiXKy37Zn0YhVHDOuf05ETLbRqEU4KvquaLE8zGia44V6sYvHbgxtPF6RURBiTt9fIppMPHM1nJbzVziuslu7LEjmGuHwAlXtrID8VgOYw18gsMqrbKUWQAuJoDYVJvrQVgepJ0vSRvMFsoFqyrJr2klhwL32SLHM1si8HB1zVlwlqqNxdNNATq0gFiE/s862/photo_2026-06-01_13-26-52%20(3).jpg
លើសពីនេះ ផលប៉ះពាល់បានរីករាលដាលដល់ការនាំចេញបង្គាថៃទៅកាន់ប្រទេសសិង្ហបុរីផងដែរ ដោយសារការដឹកជញ្ជូនត្រូវឆ្លងកាត់ប្រទេសម៉ាឡេស៊ី។ ម៉ាឡេស៊ីបានអនុវត្តគោលការណ៍រឹតបន្តឹងដូចគ្នាចំពោះទំនិញឆ្លងកាត់ព្រំដែន ដែលធ្វើឱ្យថៃមិនអាចដឹកជញ្ជូនបង្គាពីខេត្តភាគខាងត្បូងឆ្លងកាត់ម៉ាឡេស៊ីទៅកាន់សិង្ហបុរីបានឡើយ។ អំឡុងពេលមានបម្រាមនេះ នាយកសមាគមបង្គាថៃក៏បានព្រមានដល់ឈ្មួញថៃទាំងអស់ មិនឱ្យលួចលាក់នាំចេញបង្គាស្រស់ ឬបង្គាបង្កកទៅកាន់ម៉ាឡេស៊ីជាដាច់ខាត ព្រោះអាជ្ញាធរម៉ាឡេស៊ីនឹងបដិសេធ ហើយបញ្ជូនទំនិញទាំងនោះត្រឡប់មកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2jr4XKY90DVIeRERV5HcmYktbx-H1Q_Rr2ljZv6vaULfjWlUw2-gkkt8DKdQA77b_0sJm20SEr6R_ctGFfh3lOyiozFqKUiD-3FpVwwiCNJHmZkieKoSfOJwZLs2zN1wce_C3kk_t1n4OtSxHqmVqTslA72L-ANExr8lLHngV6A1YHF9kT1dczqHE9pI/s1280/photo_2026-06-01_13-26-52%20(2).jpg

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៣ ខែឧសភា កន្លងទៅ ភ្នាក់ងារអភិវឌ្ឍន៍ជលផលម៉ាឡេស៊ី (LKIM) បានអញ្ជើញឈ្មួញនាំចេញបង្គាថៃ មន្ត្រីនាយកដ្ឋានជលផល និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមប្រជុំដើម្បីជូនដំណឹងជាមុនអំពីគោលការណ៍ណែនាំថ្មីនេះរួចរាល់ហើយ ក្នុងគោលបំណងពង្រឹងសុវត្ថិភាពចំណីអាហារ និងការពារសុខភាពរបស់អ្នកបរិភោគនៅក្នុងប្រទេសម៉ាឡេស៊ី៕