ពិតជាគួរឱ្យភ្ញាក់ផ្អើល! នៅពេលអ្នកស្រាវជ្រាវអង់គ្លេសបានបង្ហាញអាថ៌កំបាំងដ៏អស្ចារ្យមួយ គឺមនុស្សមានភ្នែក១ទៀតលាក់ជ្រៅនៅក្នុងខួរក្បាល ហៅថា «ក្រពេញ Pineal» មានទំហំប៉ុនគ្រាប់សណ្តែក ។ កាលពី៥០០លានឆ្នាំមុន ភ្នែកទី៣នេះមានតួនាទីសំខាន់សម្រាប់ចាប់ពន្លឺលើក្បាលរបស់មនុស្ស ហើយវាក៏វិវឌ្ឍន៍ជាបន្តបន្ទាប់មកលាក់ក្នុងខួរក្បាលនាពេលបច្ចុប្បន្ន ហើយបំពេញតួនាទីសំខាន់គ្រប់គ្រងនាឡិកាជីវសាស្ត្រ ។

សាស្ត្រាចារ្យផ្នែកប្រព័ន្ធប្រសាទនៅសាកលវិទ្យាល័យ Sussex ឈ្មោះ Thomas Baden បានបង្ហាញលទ្ធផលការជ្រាវជ្រាវក្នុងទស្សនាវដ្តីលំដាប់ពិភពលោក Current Biology កាលពីខែកុម្ភៈ ឆ្នាំ២០២៦ ដោយវិភាគទិន្នន័យពីការវិវត្តន៍សរីរាង្គផ្សេងៗរបស់មនុស្សកាលពី៥០០លាន ទៅ៦០០លានឆ្នាំមុន និងប្រៀបធៀបជាមួយសត្វបច្ចុប្បន្ន ដូចជា៖ ត្រី និងអន្ទង់ ។
លទ្ធផលការស្រាវជ្រាវបង្ហាញថា កាលពី៥៧៥លានឆ្នាំមុន មនុស្សមានភ្នែកដល់ទៅ៣ ក្នុងនោះភ្នែកទាំងពីរសម្រាប់សម្លឹងរកអាហារ និងភ្នែក១ទៀតនៅលើក្បាល សម្រាប់ចាប់ពន្លឺ ។ បន្ទាប់មក ភ្នែកទាំងពីរមិនត្រូវបានប្រើប្រាស់ច្រើនប៉ុន្មានទេ គឺប្រើប្រាស់តែភ្នែកទី៣ លើក្បាល ទាំងថ្ងៃទាំងយប់ ។ រាប់លានឆ្នាំក្រោយ ភ្នែកទី៣ លើក្បាល ក៏វិវត្តន៍ទៅលាក់ក្នុងខួរក្បាលវិញ ហៅថា «ក្រពេញ Pineal» មានតួនាទីគ្រប់គ្រងនាឡិកាជីវសាស្ត្រ (គ្រប់គ្រងមុខងារសំខាន់ៗ ដូចជា ៖ ការបញ្ចេញអូរម៉ូន សីតុណ្ហភាពរាងកាយ វការគេង និងភ្ញាក់ ដែលនាឡិកានេះបញ្ជាដោយខួរក្បាល) ។ .jpg)
បើតាមសាស្ត្រាចារ្យ Baden សរីរាង្គរបស់មនុស្សបានវិវឌ្ឍន៍រហូតមកដើម្បីបំពេញតម្រូវការប្រើប្រាស់នាពេលបច្ចុប្បន្ន ។ ភ្នែកទី៣ មិនបានសម្លឹងឃើញរូបភាពដូចភ្នែកទាំងពីរនោះទេ ប៉ុន្តែសម្រាប់ទទួលពន្លឺគ្រប់គ្រងនាឡិកាជីវសាស្ត្ររយៈពេល២៤ម៉ោង និងបំពេញតួនាទីស្ងាត់ៗក្នុងខួរក្បាល ។
បើទោះជាបច្ចុប្បន្ន ភ្នែកទី៣ ត្រូវបានគ្របដណ្តប់ដោយខួរក្បាល និងមិនអាចមើលឃើញរូបភាពខាងក្រៅបាន ប៉ុន្តែវានៅតែទទួលពន្លឺបន្តពីភ្នែកទាំងពីរ ។ តួនាទីសំខាន់របស់វា គឺគ្រប់គ្រងនាឡិកាជីវសាស្ត្រជួយឱ្យដឹងថា ត្រូវគេងពេលណា ភ្ញាក់ពេលណា ហើយនេះមិនមែនជាការរកឃើញភ្នែកថ្មីស្រឡាងទេ ប៉ុន្តែជាការស្រាវជ្រាវពីមនុស្សបុរាណកាលពីរាប់រយលានឆ្នាំមុន ធ្លាប់ប្រើប្រាស់ភ្នែកទី៣ ៕










