បន្ទាប់ពីបកស្រាយទាក់ទងនឹងការទិញសំបុត្រដើម្បីចូលរួមកម្មវិធីនៅបារាំង ហ្វីយ៉ាតា បានរងនូវការវែកញែកពីអ្នកលេងបណ្តាញសង្គមដោយមនុស្សមួយចំនួនគិតថានាងមិនគួរនិយាយឡើយ។ យ៉ាងណាមិញ បន្ទាប់ពីរងនូរមតិសាធារណៈ ហ្វីយ៉ាតា ស្រាប់តែបង្ហាញអារម្មណ៍របស់ខ្លួនយ៉ាងវែងអន្លាយរួមទាំងផ្តាំផ្ញើទៅកាន់អ្នកស្អប់នាងនិងចោទនាងថាជាបវរកញ្ញាក្លែងក្លាយ។

នៅយប់ថ្ងៃទី២៦ ខែឧសភា ហ្វីយ៉ាតា បាននិយាយថារឿងអាក្រក់ក៏គេឆាប់ភ្លេច ហើយរឿងដែលល្អក៏គេចាំមិនបានយូរ នៅក្នុងលោកនេះគ្មានអ្វីដែលស្មើគ្នានោះទេបើគេមិនពេញចិត្តហើយទោះបីជាធ្វើល្អយ៉ាងណាក៏គេរកចំណុចមិនពេញចិត្តទាល់តែឃើញ។ ហ្វីយ៉ាតា ថា ម្ចាស់មកុដ២០២៥ បានឆ្លងកាត់រឿងលំបាកនិងហែលឆ្លង សណ្តោងមកុដមួយនេះមកពាក់ក៏មិនមែនជារឿងងាយស្រួលដែរ ហើយអនាគតមិនដឹងថាបានជួបគ្នាម្ដងទៀតនៅលើឆាកឬអត់ទេ ប៉ុន្តែអ្វីដែលសំខាន់នៅក្នុងចិត្តមានចាំនាងឬអត់?
បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ថា «មនុស្សខ្លះរេទៅរេមកតាមតែខ្យល់ដង្ហើមតៗគ្នា។ ហើយបើរស់នៅលើលោកនេះចាំមើលតែគេហើយដើរទៅតាមតែដានជើងគេ រវល់តែខ្លាចគេស្អប់ រវល់តែខ្លាចគេគិតលើយើងយ៉ាងណានោះ.. យើងគ្មានថ្ងៃមានសេចក្តីសុខ នឹងមិនអាចធ្វើជាខ្លួនឯងបានឡើយ»។ 
នៅថ្ងៃទី២៧ ខែឧសភា ហ្វីយ៉ាតា បានបង្ហោះសារយ៉ាងវែងមួយទៀតដោយបានផ្តាំផ្ញើទៅកាន់អ្នកស្អប់និងអ្នកកាន់ផេកបវរកញ្ញាមួយចំនួនមុននឹងហៅបវរកញ្ញាណាម្នាក់ថា fake, drama ឬ sensitive ដៀលគេសុះសាច់ គួរមើលសន្ដានកំណើតខ្លួនឯងពីលើដល់ក្រោមម្ដងទៀតឡើងវិញ។ ជាមួយគ្នានេះ ហ្វីយ៉ាតា ថាអ្នកមួយចំនួនចង់ឱ្យបវរកញ្ញាគួរតែប្រើសម្លេង ដើម្បីចែករំលែក ប៉ុន្តែពេលដែលបវរកញ្ញាណាម្នាក់ហ៊ានបញ្ចេញមតិ និយាយពីបទពិសោធន៍ផ្ទាល់ខ្លួនឬចេញមកនិយាយការពារខ្លួនឯងពេលមានមតិរិះគន់បែរជាមានមតិជំរុញឱ្យបវរកញ្ញានោះនៅស្ងៀម មិនឱ្យតបតនិងគិតថានាងដ្រាម៉ាទៅវិញ។
.png)
នៅពេលប្រើប្រាស់សំឡេងហើយបែរជាចង់ឱ្យនៅស្ងៀមវិញ ហ្វីយ៉ាតា ថាតើចង់ឱ្យបវរកញ្ញា ចាំតែតែងខ្លួនស្អាតៗ ហើយធ្វើដូចមិនឃើញការឈឺចាប, ភាពអយុត្តិធម៌, ការបៀតបៀន ឬបញ្ហាជីវិតឬយ៉ាងណា ឬពាក់មកុដ តែគ្មានប្រយោជន៍អីសោះ ក្រៅពីថតយកលុយ គ្មានសិទ្ធិនិយាយអ្វីសោះ។ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ថាវប្បធម៌ដែលហាមឃាត់បែបនេះនៅក្នុងវិស័យបវរកញ្ញាគួរតែបញ្ឈប់ទៅផ្តល់សិទ្ធិឱ្យបវរកញ្ញានិយាយធ្វើជាមនុស្សធម្មតា ចែករំលែកបទពិសោធន៍ កុំចាំតែចាប់កំហុសរាល់ជំហានឬគ្រប់ពាក្យសម្ដីពេក ។
ហ្វីយ៉ាតា បានសង្កត់ធ្ងន់ថា « Queens ខ្លះពាក់មកុដ។Queens ខ្លះកាន់ភាពក្លាហាន។តែ Queen ដែលខ្លាំងជាងគេ គឺមានទាំងពីរ»៕










