ភាពចម្រូងចម្រាសរវាង Dylan Wang និងតារាស្រី Shen Yue បានរីករាលដាលកាន់តែខ្លាំងរហូតធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មរបស់ឪពុកតារាប្រុសរូបនេះជាមួយនឹងមតិយោបល់អវិជ្ជមានជាច្រើននិងការធ្លាក់ចុះភ្ញៀវរហូតដល់៤០%។ ជាងនេះទៅទៀត អ្នកលេងអ៊ីនធឺណិតជាច្រើនបានជំរុញឱ្យផលិតករដក Dylan Wang ចេញពីរឿងថ្មីដែលសម្តែងជាមួយនឹង Meng Ziyi។

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន ភោជនីដ្ឋាន «Di ba you zha» ដែលគេដឹងថាជាហាងអាហាររបស់ឪពុក Dylan Wang បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែភាពចម្រូងចម្រាសទាក់ទងនឹងតារាប្រុសរូបនេះ។ ត្រឹមតែរយៈពេល២ថ្ងៃហាងមួយនេះបានទទួលការវាយតម្លៃអវិជ្ជមានជាច្រើន។ ថ្ងៃទី ២៦ ខែឧសភា ឪពុករបស់ Dylan Wang បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា អាជីវកម្មរបស់ហាងបានថយចុះ ៤០% ដែលប៉ះពាល់ទាំងថ្ងៃទាំងយប់។ ជាងនេះទៅទៀតឪពុករបស់ Dylan Wang បាននិយាយទាំងក្រៀមក្រំថា «ប្រឈមមុខនឹងស្ថានការណ៍នេះ ខ្ញុំមិនដឹងគួរធ្វើអីទេ…»។
ភោជនីដ្ឋាន «Di ba you zha» គឺស្ថិតនៅ Shizhong ខេត្តស៊ីឈួនត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ជាមួយនឹងដើមទុនចំនួន ៣០,០០០ យ័ន។ ព័ត៌មានរបាយការណ៍ប្រចាំឆ្នាំបង្ហាញថា ប្រាក់ចំណូលសរុបរបស់ភោជនីយដ្ឋានចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១ មានចំនួន ១៧០,០០០ យ័ន ជាមួយនឹងប្រាក់ចំណូលប្រតិបត្តិការសរុបចំនួន ១០០,០០០ យ័ន(ជាង១ម៉ឺនដុល្លារ) ក្នុងឆ្នាំ២០២០។

ក្រៅពីរងផលប៉ះពាល់ទៅដល់អាជីវកម្មគ្រួសារមតិសាធារណៈជាច្រើនក៏បានជំរុញយ៉ាងខ្លាំងក្លាឱ្យក្រុមផលិតកម្មនៃរឿង «Empress Reborn» ផ្លាស់ប្តូរតួឯកប្រុស Dylan Wang ចេញពីខ្សែភាពយន្តនេះ។ គណនី Weibo ផ្លូវការរបស់ក្រុមផលិតកម្មត្រូវបាន «វាយប្រហារ» ដោយមតិយោបល់ជាបន្តបន្ទាប់ដែលទាមទារឱ្យមានការផ្លាស់ប្តូរតួឯកប្រុស។ អ្នកទស្សនាជាច្រើនបានអះអាងថា រូបភាព អាកប្បកិរិយា និងរូបរាងរបស់ Dylan Wang មិនត្រូវគ្នានឹងចរិតរបស់ Xie Jingxing នៅក្នុងប្រលោមលោកដើមទេ។
គួរបញ្ជាក់ផងដែរថា Dylan Wang បានបង្ហាញអារម្មណ៍មិនស្រួលចិត្តរបស់ខ្លួនជាសាធារណៈក្រោយពេលឃើញមតិយោបល់របស់អ្នកគាំទ្រ បន្ទាប់ពីកម្មវិធី The Inn 2026 បានចាក់ផ្សាយ។ ដំបូងឡើយអ្នកលេងបណ្តាញសង្គមហាក់វាយប្រហារទៅកាន់ Shen Yue ប៉ុន្តែបន្ទាប់ពីនាងចេញសូមទោសនិងពន្យល់ហេតុផលមតិទាំងនោះបានបង្វែរទៅកាន់ Dylan Wang វិញ។ មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសរូបនេះបានបាត់បង់អ្នកតាមដានរាប់ម៉ឺននាក់នៅលើបណ្តាញសង្គមនិងប្រឈមនឹងរលកមតិពហិការ៕










