ប្រធានបទទាក់ទងនឹងលោក អូលីវ៉ា គង់ បានរីកសុះសាយយ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយថៃនិងមានមនុស្សចូលទស្សនាជាច្រើនលានដងក្នុងរយៈពេលខ្លី។ មិនត្រឹមតែប៉ុណ្ណោះអ្នកលេងបណ្តាញសង្គមថៃក៏បានកាត់តរូបភាព AI និងចោទប្រកាន់ជាច្រើនមកកាន់រូបលោកដោយសារតែអ្នកច្នៃម៉ូតរូបនេះបានស្លៀកឈុតយ៉ាងពិសេសមួយនិងបានបង្ហាញទង់ជាតិខ្មែរនៅក្នុងកម្មវិធីនេះ។

ដោយសារតែការជជែកវែកញែកជាច្រើននៅមិនទាន់ដាច់ស្រឡះនៅព្រឹកថ្ងៃទី២៧ ខែឧសភា លោក អូលីវ៉ា គង់ បានចេញបកស្រាយជាវីដេអូដែលមានរយៈពេលរហូតដល់ជាង១០នាទី។ លោកបាននិយាយថាសម្រាប់កម្មវិធីមហោស្រពភាពយន្តកានបុគ្គលរូបណាក៏អាចចូលរួមបានដែរមិនថាជាតួកុន ផលិតករ ឬអ្នកច្នៃម៉ូតសំលៀកបំពាក់រួមទាំងម្ចាស់អាជីវកម្មជាដើម។ នៅក្នុងកម្មវិធីនេះគឺគេអញ្ជើញតែតួកុន និងផលិតករ ដោយផ្តល់ជូនជាសំបុត្រយន្តហោះ កន្លែងស្នាក់នៅ ដោយលោកបានដឹងតារាម៉ូដែលមិនមានលិខិតអញ្ជើញនោះទេតែមានម្ចាស់ប្រ៊េនបានចំណាយទឹកប្រាក់សម្រាប់ឱ្យអ្នកតំណាងនោះចូលរួម។

លោកបានលើកឡើងទៀតថាកេរ្តិ៍ឈ្នោះល្បីល្បាញនៃមហោស្រពភាពយន្តកានបានធ្វើឱ្យមនុស្សជាច្រើនមានបំណងប្រាថ្នាដើរលើកម្រាលព្រំក្រហមនៃកម្មវិធីនេះរួមទាំងលោកផងដែរ។ សម្រាប់ការចូលរួមជាលើកទី២នៃកម្មវិធី Cannes Festival លោកបានតាំងចិត្តច្នៃម៉ូតសំលៀកបំពាក់ដែលដកស្រង់ពីព្រះវិស្ពុគង់នៅលើគ្រុឌថ្លែងស ដែលតំណាងឱ្យភាពជោគជ័យជម្នះ ដើម្បីបង្ហាញទៅកាន់ឆាកអន្តរជាតិស្របពេលដែលប្រទេសកម្ពុជារងការឈ្លានពានពីថៃ។
ទាក់ទងនឹងរូបភាព AI លោក អូលីវ៉ា គង់ បានបញ្ជាក់ទៅកាន់សាធារណជនថាលោកចូលរួមកម្មវិធីនេះដោយមានការអញ្ជើញ។ ត្រង់ចំណុចនេះលោកបានពន្យល់បន្ថែមថាដោយសារតែខ្លួនមានទំនាក់ទំនងជាមួយនឹង Agency ស្គាល់ផលិតករ ហើយលោកបានចូលរួមរហូតដល់៣ថ្ងៃ។ ចំពោះការចូលរួមពិសេសដែលមានវត្តមាន កុយ អេនណា គឺលោកទាក់ទងជាមួយនឹង Agency ហើយចូលរួមដើម្បីបង្ហាញពីសំលៀកបំពាក់ដែលលោកច្នៃ រួមទាំងប្រ៊េនគ្រឿងអលង្ការ។
លោក អូលីវ៉ា គង់ បានអះអាងទៀតថាការចូលរួមរបស់លោកនៅឯមហោស្រពភាពយន្តកានលើកទី៧៩ នេះមិនមែនដោយសារលើកតម្កើនខ្លួនឯងនោះទេ ប៉ុន្តែមានគោលបំណងសំខាន់ដោយការតាំងចិត្តច្នៃសំលៀកបំពាក់បង្កប់ទៅដោយអត្ថន័យឆ្លុះបញ្ចាំងភាពជាខ្មែរ៕










