រដ្ឋាភិបាលវៀតណាមបានប្រកាសដាក់ចេញនូវអនុក្រឹត្យដើម្បីរឹតបន្តឹងការគ្រប់គ្រងប្រព័ន្ធឌីជីថល ដោយកំណត់ប្រាក់ពិន័យយ៉ាងច្រើនរហូតដល់៥០លានដុង (ប្រមាណ១,៩០០ដុល្លារ) លើបុគ្គលដែលចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លា.យក្នុងបណ្តាញសង្គម ហើយវិធានការថ្មីនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ តទៅ ។ អាជ្ញាធរវៀតណាមមានសិទ្ធិបង្ខំឱ្យលុបចោលព័ត៌មានមិនពិតទាំងអស់ភ្លាមៗ និងបិទគណនីបណ្តាញសង្គម ដែលរដ្ឋាភិបាលវៀតណាមចាត់ទុកធ្វើសកម្មភាពល្មើស ។.jpg)
តាមការចុះផ្សាយរបស់សារព័ត៌មាន VN Express កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ អ្នកប្រើប្រាស់បណ្តាញសង្គមនឹងប្រឈមមុខជាមួយការពិន័យប្រាក់ ចាប់ពី២០លាន ទៅ៣០លានដុង (ប្រមាណ៧៦០ដុល្លារ ទៅ១,១៤០ដុល្លារ) បើប្រព្រឹត្តសកម្មភាពល្មើសច្បាប់ រួមមាន ៖ ចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ, បំភ្លៃ និងបង្កាច់បង្ខូច នាំឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះបុគ្គល ឬស្ថាប័ន, បង្ហោះរូបភាពអាសអាភា.ស អសីលធម៌ ដែលផ្ទុយនឹងទំនៀមទម្លាប់ប្រពៃណី, ចែកចាយរូបភាពហិង្សា, ការធ្វើឃា.ត ឬគ្រោះថ្នាក់រន្ធត់ និងបង្ហោះផែនទីប្រទេសវៀតណាមមិនត្រឹមត្រូវ ។
.jpg)
រដ្ឋាភិបាលវៀតណាម ក៏បានបង្កើនការពិន័យប្រាក់កាន់តែធ្ងន់ធ្ងរ ចាប់ពី៣០លាន ទៅ៥០លានដុង (ប្រមាណ១,១៤០ដុល្លារ ទៅ១,៩០០ដុល្លារ) សម្រាប់សកម្មភាព ដូចជា ៖ ចែកចាយព័ត៌មានបំភ្លៃប្រវត្តិសាស្ត្រ, បដិសេធសមិទ្ធផលរបស់រដ្ឋ, បំបែកបំបាក់សាមគ្គីផ្ទៃក្នុង, ទម្លាយអាថ៌កំបាំងរដ្ឋ ឬបុគ្គល, ផ្សព្វផ្សាយព័ត៌មានមិនពិតនាំឱ្យភ័យខ្លាចក្នុងសង្គម និងប៉ះពាល់សកម្មភាពសេដ្ឋកិច្ច ។
.jpg)
ទោះយ៉ាងណា ពលរដ្ឋវៀតណាមបានបញ្ចេញមតិគាំទ្រ និងមិនគាំទ្រ ក្នុងនោះមតិគាំទ្រលើកឡើងថា វាអាចការពារសណ្តាប់ធ្នាប់សង្គម ដោយសារបច្ចុប្បន្ន មានការចែកចាយព័ត៌មានក្លែងក្លាយច្រើននាំឱ្យជ្រួលច្របល់, កាត់បន្ថយការបង្ខូចកេរ្តិ៍ឈ្មោះ ឬវាយប្រហារគ្នាក្នុងបណ្តាញសង្គម និងជំរុញឱ្យពលរដ្ឋត្រួតពិនិត្យប្រភពឱ្យច្បាស់លាស់ថា តើជាព័ត៌មានពិតឬអត់ មុនពេលចែកចាយ (Share) អ្វីមួយ ។
ចំណែកមតិមិនគាំទ្រថា នេះជាការរឹតបន្តឹងសិទ្ធិសេរីភាពពលរដ្ឋ ឬបំបិទសិទ្ធិបញ្ចេញមតិផ្ទាល់ខ្លួន ហើយការពិន័យប្រាក់រហូតដល់១,៩០០ដុល្លារ គឺច្រើនណាស់ បើធៀបនឹងប្រាក់ចំណូលរបស់ពួកគេ ។ វាធ្វើឱ្យអ្នកប្រើប្រាស់ហ្វេសប៊ុក និង TikTok លែងហ៊ានចែកចាយព័ត៌មានដូចមុន ពីព្រោះបារម្ភខ្លាចខុសច្បាប់ ពួកគេចង់បញ្ចេញមតិរិះគន់បែបស្ថាបនា ហើយមិនរងការផាកពិន័យ ៕










