ថ្មីៗនេះលោក អូលីវ៉ា គង់ បានបង្ហាញខ្លួនចំនួន៣ថ្ងៃនៅក្នុងកម្មវិធីកម្រាលព្រំក្រហមមហោស្រពភាពយន្តកានលើកទី៧៩ ពោរពេញដោយមោទនភាព។ ដោយសារតែការបង្ហាញខ្លួនរបស់លោកបានភ្ជាប់មកជាមួយនឹងអត្តសញ្ញាណខ្មែរធ្វើឱ្យខាងផ្ទះលេខ២កើតទុក្ខមិនសុខចិត្តមានអ្នកខ្លះថែមទាំងបង្កើតរូប AI ចំណែកឯប្រព័ន្ធផ្សព្វផ្សាយថៃធំៗផ្សាយភ្លូកទឹកភ្លូកដី។ ទោះយ៉ាងណា ទង្វើរបស់ផ្ទះលេខ២មិនបានធ្វើឱ្យលោក អូលីវ៉ា គង់ ក្តៅក្រហាយនោះទេផ្ទុយទៅវិញលោកមានតែអរគុណថែម។
នៅយប់ថ្ងៃទី២២ ខែឧសភា លោក អូលីវ៉ា គង់ បានបង្ហោះវីដេអូដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ពេលគេព្យាយាមទាញអ្នកចុះ តែឈ្មោះអ្នកកាន់តែល្បី… នោះមិនមែនបរាជ័យទេ តែជាការប្រម៉ូតដោយមិនដឹងខ្លួនអរគុណអ្នកជិតខាងដែលជួយឲ្យពិភពលោកស្គាល់ខ្មែរ កាន់តែច្រើន…»។ នៅក្នុងវីដេអូអ្នកច្នៃម៉ូតដ៏មានប្រជាប្រិយភាពរូបនេះបានលើកឡើងថាលោកមានតែអរគុណថៃដោយសារតែប្រព័ន្ធផ្សព្វផ្សាយធំៗបានចុះផ្សាយពីលោកដែលកាន់ទង់ជាតិខ្មែរស្លៀកឈុត «ជ័យជម្នះនៃព្រះវិស្ណុផ្លែងសរ» ដែលតំណាងឱ្យជ័យជម្នះរបស់ប្រទេសកម្ពុជា។
លោក អូលីវ៉ា គង់ លើកឡើងទៀតថា ផេកធំៗរបស់ថៃបាន Pin វីដេអូរបស់ខ្លួនដែលមានអ្នកទស្សនារាប់លានដងនិងលែងចុះផ្សាយពីតារាខ្លួនឯងដែលឈរលើកម្រាលព្រំក្រហមហើយប៉ុន្តែបែរផ្សាយពីខ្មែរវិញ។ ទង្វើរបស់ប្រព័ន្ធផ្សព្វផ្សាយថៃត្រូវបានលោក អូលីវ៉ា គង់ ចាត់ទុកថាជាការជួយប្រម៉ូតខ្មែរហើយលោកមិនខឹងនោះទេព្រោះការផ្សាយនេះមិនចាំបាច់ចំណាយថវិកាក្នុងការប្រម៉ូតឡើយ ផ្ទុយទៅវិញគឺបានឃើញពីល្បិចរបស់សៀម។

លោក អូលីវ៉ា គង់ បានអះអាងថាការចូលរួមរបស់ខ្លួនគឺពេញដោយកិត្តិយសជិះរថយន្តទៅចូលរួមកម្មវិធីដើរនៅលើកម្រាលព្រំក្រហមប៉ុន្តែត្រូវបានខាងផ្ទះលេខ២ប្រើ AI ដែលទង្វើនេះគឺអាប់ឱនដល់ប្រទេសសៀមខ្លួនឯង និងទម្លាក់កម្មវិធីដ៏មានកិត្យានុភាពនេះ។ ឃើញថៃប្រើរូបភាព AI លោក អូលីវ៉ា គង់ ថាថៃគឺគ្មានសិល្បៈវប្បធម៌ខ្មែរពិតប្រាកដឃើញខ្មែរអាចបង្ហាញទៅកាន់ពិភពលោក ប្រទេសមួយនេះឈឺចាប់ហើយលាបពណ៌ខ្មែរ។

គួរបញ្ជាក់ផងដែរថា ការចូលរួមរបស់លោក អូលីវ៉ា គង់ នៅឯកម្មវិធី Cannes Festival 2026 គឺជាទី២របស់លោកដោយលើកទី១ គឺនៅឆ្នាំ២០២៤៕










