តារាចម្រៀង មាស សុខសោភា និងគូស្នេហ៍ ចេញមកបញ្ជាក់ទៅកាន់លោកជំទាវ ហ៊ុន ស៊ីណាត ដោយបានធ្វើការបដិសេធថាពាក្យសម្តីដែលនិយាយថានឹងមានជុំទី៣ គឺមិនមែនចង់សម្តៅទៅកាន់រឿងសង្គ្រាមនោះទេប៉ុន្តែគឺជារឿងរបស់ទាំងពីរដែលមហាជនតែងតែវែកញែកដែលមានចំនួន២ដងមកហើយ ហើយវាអាចនឹងមានម្តងទៀតដែលជាជុំទី៣។
ថ្មីៗនេះលោកជំទាវ ហ៊ុន ស៊ីណាត បានធ្វើការ live នៅតាមបណ្តាញសង្គមដោយស្នើឱ្យខាងក្រសួងពាក់ព័ន្ធពិនិត្យលើពាក្យសម្តីរបស់តាសក់សភ្នំត្បែងដែលជាគូស្នេហ៍តារាចម្រៀង មាស សុខសោភា ទៅលើពាក្យសម្តីត្រៀមលក្ខណៈជុំទី៣ដែលនឹងត្រូវផ្ទុះឡើង។ ការលើកឡើងរបស់លោកជំទាវធ្វើឡើងបន្ទាប់ពីសំណេររបស់តាភ្នំត្បែងបានបង្ហោះសំណេរមួយកាលពីថ្ងៃទី១៣ ខែឧសភា។

យ៉ាងណាមិញបន្ទាប់ពីលោកជំទាវ ហ៊ុន ស៊ីណាត ចេញមកប្រតិកម្ម មាស សុខសោភា និងគូស្នេហ៍ចេញមកបដិសេធនិងពន្យល់បន្ថែមទៀតជុំវិញការលើកឡើងរបស់ខ្លួនទាក់ទងនឹងសំណេរកាលពីកន្លងមកនេះ។ មាស សុខសោភា បានបង្ហោះវីដេអូមួយកាលពីល្ងាចថ្ងៃទី២១ ខែឧសភា ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ផ្ញើសារនេះជូនអ្នកម្តាយចិត្តធម៌ ហ៊ុន ស៊ីណាត ដែលអ្នកម្តាយកំពុងយល់ច្រឡំ ពាក់ព័ន្ធនិងការសរសេរដំណើររឿងជីវិតឯកជនរបស់យើងខ្ញុំទាំងពីរ»។
ក្នុងវីដេអូនេះគូស្នេហ៍ មាស សុខសោភា បានបកស្រាយថាសំណេររបស់ខ្លួនគឺទាក់ទងនឹងការផ្ទុះឡើងនូវជីវិតឯកជនររបស់អ្នកទាំង២គឺកើតមានឡើងចំនួនពីរលើកមកហើយ ស្របពេលដែលស្រុកទេសមិនល្អប្រពៃណីដូច្នេះកុំចំណាយពេលចាប់អារម្មណ៍រឿងជីវិតឯកជនរបស់អ្នកទាំងពីរ។ តាភ្នំត្បែង បញ្ជាក់ទៀតថារឿងរ៉ាវឯកជនរបស់ពួកគេនឹងផ្ទុះឡើងនៅជុំទី៣ទៀតគឺចំថ្ងៃចន្ទ ទី២៥ ខែឧសភា ដោយជីវិតប្រចាំពួកគេសុទ្ធតែមានសៀវភៅកត់ត្រាដើម្បីជាចំណាំ។
គូស្នេហ៍មាស សុខសោភា អះអាងថាសំណេររបស់ខ្លួនគឺមានអ្នកបំភ្លៃដោយបង្វែរពីជីវិតឯកជនពួកគេនឹងផ្ទុះឡើងជុំទី៣ ទៅជាសង្គ្រាមនឹងកើតឡើងជុំទី៣ប្រសិនជាមានការប្រមាថអ្នកទាំងពីរ។ អ្នកទាំងពីរបាននិយាយថា ការចោទប្រកាន់នេះគឺជាការលាបពណ៌ទាំងស្រុង ទាំងពួកគេចង់ឱ្យមហាជនធ្វើរឿងដែលល្អកុំចំណាយពេលចេះដឹងរឿងឯកជនអ្នកដទៃ យកពេលគិតគូរពីប្រទេសជាតិវិញ។ មាស សុខសោភា ថាពួកគេមិនមានឥទ្ធិពលឬស្អប់ប្រទេសឱ្យជួបព្យុះភ្លៀងតាមអំពើចិត្តនោះទេ តែជារឿងអយុតិ្តធម៌សម្រាប់ខ្លួនធ្វើឱ្យនាងគ្មានកម្លាំងចិត្តក្នុងការងារសង្គមនោះទេ៕










