តារាចម្រៀង ទេព បូព្រឹក្ស បានបញ្ចេញអារម្មណ៍ឈឺចិត្តយ៉ាងខ្លាំងនៅពេលដែលតារាម៉ូដែលហ្គាណា Nana បានយកសិទ្ធិស្នាដៃរបស់ប្រ៊េនកូនខ្មែរទៅឱ្យអ្នកច្នៃម៉ូតម្នាក់ទៀតយកទៅតម្លើងឈុតហើយចោ.ទប្រកាន់មកម្ចាស់ដើមដែលមានគំនូរព្រាងវិញ។ ទេព បូព្រឹក្ស បានប្រាប់ទៅម្ចាស់ប្រ៊េន ALmée រូបនាងមានគម្រោងស្លៀកឈុតនេះនៅពេលឡើងឆាកអន្តរជាតិលើកក្រោយ។
.png)
រយៈពេលចុងក្រោយនេះបណ្តាញសង្គមមានភាពវឹកវរយ៉ាងខ្លាំងជុំវិញការជជែកដេញដោលទៅកាន់តារាម៉ូដែល Nana Akua Addo ដែលមិនគោរពសិទ្ធិគំនូរព្រាងដើមរបស់ប្រ៊េនកូនខ្មែរដោយបដិសេធថាគឺជាកម្មសិទ្ធិបញ្ញាផ្ទាល់ខ្លួនរបស់នាងទាំងស្រុង។ ភាពចម្រូងចម្រាសនេះបានធ្វើឱ្យ Nana ខូចខាតមុខមាត់សាធារណៈរបស់ខ្លួនឯងខ្លាំងបន្ទាប់ពី បង្ហាញសំលៀកបំពាក់នេះនៅឯកម្មវិធី AMVCA ។ មិនត្រឹមតែប៉ុណ្ណោះក៏ធ្លាយនូវរូបភាពមួយចំនួនដែលតារាម៉ូដែលរូបនេះបានចម្លងការច្នៃម៉ូតរបស់អ្នកដទៃផ្សេងទៀតផងដែរមិនមែនតែ ALmée នោះទេ។
ជុំវិញភាពចម្រូងចម្រាសនេះដោយការហួសចិត្តខ្លាំងទៅកាន់តារាម៉ូដែលហ្គាណា តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនចង់ស្លៀកឈុតដែលមានឈ្មោះថា «The Royal Obsidian» ជាស្នាដៃរបស់ ALmée នៅពេលមានឱកាសច្រៀងនៅស្រុកក្រៅ។
តាមរយៈការបកស្រាយរបស់ម្ចាស់ប្រ៊េន ALmée តារាចម្រៀង ទេព បូព្រឹក្ស បានចែករំលែកដោយការហួសចិត្តជាមួយនឹងសម្តីថា «ទេចេះចឹងទៅរួច» តារាចម្រៀងរូបនេះថែមទាំងឆ្លើយតបទៅនឹងខម្មិនរបស់ម្ចាស់ប្រ៊េនជាមួយនឹងសម្តីថា «បើបងទៅច្រៀងស្រុកក្រៅពេលក្រោយសុំស្លៀកឈុតនេះហើយ»។ ការបង្ហាញគម្រោងនេះរបស់ ទេព បូព្រឹក្ស បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនបង្ហាញការគាំទ្រផងដែរ។

គួរបញ្ជាក់ផងដែរថា ឈុតដែលច្នៃបង្ហាញពីរបាំអប្សរា ដែល ទេព បូព្រឹក្ស ស្លៀកចូលរួមកម្មវិធីនៅប្រទេសហ្វីលីពីនលើកមុនគឺជាស្នាដៃច្នៃម៉ូតដោយ ALmée ខណៈកម្មវិធីមួយចំនួនតារាចម្រៀង ទេព បូព្រឹក្ស បានជ្រើសរើសស្លៀកឈុតពីម៉ាកយីហោនេះ៕










