ទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីប្រ៊េន ALmée ដែលជាម៉ាកយីហោកូនខ្មែរ បានចេញមកបញ្ជាក់ជាសាធារណៈទៅកាន់អ្នកច្នៃម៉ូតបរទេសដែលយកគំនិតច្នៃម៉ូតដំបូងរបស់ខ្លួនទៅតំឡើងឈុតដោយគ្មានការអនុញ្ញាត។ រឿងនេះកំពុងមានការវែកញែកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមអ៊ីនស្រ្តាក្រាម ខណៈដែលអ្នកច្នៃម៉ូតម្ខាងទៀតបានអះអាងថាពួកគេគ្រាន់តែធ្វើតាមអ្វីដែលគំនិតអតិថិជនបានប្រាប់ប៉ុណ្ណោះ។

នៅថ្ងៃទី១១ ខែឧសភា ប្រ៊េន ALmée បានចេញមកបញ្ជាក់នៅលើបណ្តាញសង្គមថា គម្រោងនេះត្រូវបានបង្កើតឡើងដំបូងជាមួយអតិថិជនកាលពីឆ្នាំមុនជាផ្នែកមួយនៃស្នាដៃរចនាម៉ូតដែលត្រូវបានបញ្ជាទិញ។ ប្រ៊េនកូនខ្មែរនេះបានទទួលស្គាល់ថាដំបូងឡើយ អតិថិជនបានចែករំលែកគំនិតរូបវិហារជាមួយ ALmée ហើយក្រុមការងារគឺទទួលខុសត្រូវទាំងស្រុងចំពោះការអភិវឌ្ឍចក្ខុវិស័យសិល្បៈចុងក្រោយ គំនូរព្រាងដើម ស្រមោល ព័ត៌មានលម្អិតអំពីរចនាសម្ព័ន្ធ ទិសដៅរចនាម៉ូត និងការប្រតិបត្តិទាំងមូលនៃការរចនា។ 
យ៉ាងណាមិញបន្ទាប់ពីការលុបចោលគម្រោង និងការសងប្រាក់កក់ពេញលេញ និងទទួលស្គាល់គ្នាទៅវិញទៅមកយ៉ាងច្បាស់ថា ALmée Couture នឹងរក្សាភាពជាម្ចាស់ពេញលេញ និងសិទ្ធិផ្តាច់មុខចំពោះការរចនា គំនូរព្រាង និងការបកស្រាយរចនាម៉ូត couture ដែលបានបង្កើតឡើងដោយ ALmée ការច្នៃម៉ូតមួយនេះត្រូវបានអ្នកច្នៃម៉ូតម្នាក់ទៀតយកទៅតំឡើងដោយគ្មានការអនុញ្ញាតពីខ្លួន។

ALmée Couture បានបញ្ជាក់ថាក្រុមហ៊ុនមិនដែលអះអាងពីភាពជាម្ចាស់លើគំនិតរូបព្រះវិហារខ្លួនឯងទេ។ ការបំផុសគំនិតអាចមកពីកន្លែងជាច្រើន ហើយអតិថិជនអាចចែករំលែកឯកសារយោង ឬប្រធានបទក្នុងអំឡុងពេលដំណើរការច្នៃប្រឌិត។ ALmée ថាការអភិវឌ្ឍការរចនាដើមសមនឹងទទួលបានការទទួលស្គាល់ ការគោរព និងការពិចារណាខាងសីលធម៌ត្រឹមត្រូវ។
រឿងដ៏ក្តៅគគុកនេះកំពុងតែរីកសាយភាយនៅលើបណ្តាញសង្គមអ៊ីនស្ត្រាក្រាម ខណៈដែលអ្នកច្នៃម៉ូតម្ខាងទៀតបានអះអាងថារូបគេមិនបានលួចគំនិតពី ALmée ឡើយប៉ុន្តែបានច្នៃឡើងតាមការចង់បានរបស់អតិថិជនគឺ Nana ដែលជាតារាសម្តែងនិងម៉ូដែលហ្គាណា ប៉ុណ្ណោះ។ 
យ៉ាងណាមិញ ទស្សនិកជនបានចង្អុលបង្ហាញថាអ្វីដែលអ្នកច្នៃម៉ូតនេះយកមើលធ្វើជាគំរូគឺជាផ្ទាំងរូបភាពរចនារបស់ម៉ាកយីហោ ALmée ប្រសិនជាតំឡើងឈុតថ្មីគួរមានការឌីហ្សាញថ្មីមិនមែនយករូបការច្នៃប្រឌិតពីម៉ាកយីហោនេះទៅតំឡើងថ្មីឡើយ៕










