បាងកកនឹងក្លាយជាទីក្រុងមានអាកាសធាតុក្តៅជាងគេបំផុតក្នុងតំបន់អាស៊ាននៅឆ្នាំ២០៥០ ខាងមុខនេះ ដោយមានសីតុណ្ហភាពកើនឡើងខ្ពស់រហូតដល់៣៨.១អង្សាសេ បណ្តាលមកពីបម្រែបម្រួលអាកាសធាតុ សំណង់បេតុង និងខ្វះតំបន់បៃតង ។ បន្ទាប់មក ទីក្រុងហូជីមិញ របស់វៀតណាម ស្ថិតក្នុងលំដាប់ទី២ ជាទីក្រុងមានអាកាសធាតុក្តៅបំផុតនៅឆ្នាំ២០៥០ ខណៈទីក្រុងម៉ានីល របស់ហ្វីលីពីន ស្ថិតក្នុងលំដាប់ទី៣ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation ដកស្រង់ពីរបាយការណ៍របស់មជ្ឈមណ្ឌលថាមពលអាស៊ាន (ACE) ។
ការផ្សព្វផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ កំដៅកើនឡើងយ៉ាងខ្ពស់នៅទីក្រុងបាងកក បាននិងកំពុងគំរាមកំហែងយ៉ាងខ្លាំងដល់សុខភាពពលរដ្ឋ, បង្កហានិភ័យដល់ការដាច់សរសៃឈាមខួរក្បាលដោយសារកំដៅ ព្រមទាំងប៉ះពាល់សេដ្ឋកិច្ចថៃផងដែរ ។
របាយការណ៍របស់មជ្ឈមណ្ឌលថាមពលអាស៊ាន (ACE) បញ្ជាក់ថា កាលពីឆ្នាំ២០២៥ ទីក្រុងបាងកកមានអាកាសធាតុក្តៅខ្លាំងដែលមានសីតុណ្ហភាពខ្ពស់ជាង៣៥អង្សាសេ (ដែលសីតុណ្ហភាពនេះបានកើតឡើងក្នុងរយៈពេល៤៥ថ្ងៃនៃឆ្នាំ២០២៥) ប៉ុន្តែនៅឆ្នាំ២០៥០ ខាងមុខ បាងកកនឹងក្លាយជាទីក្រុងមានអាកាសធាតុក្តៅជាងគេក្នុងតំបន់អាស៊ាន ហើយចំនួនថ្ងៃដែលក្តៅខ្លាំងនឹងកើនឡើងដល់១២០ថ្ងៃក្នុង១ឆ្នាំ ។ នៅឆ្នាំ២០៥០ ទីក្រុងនេះនឹងមានអាកាសធាតុក្តៅខ្លាំងលើសបច្ចុប្បន្នរហូតដល់៣ដង គឺពេលនោះ សីតុណ្ហភាពនឹងកើនឡើងដល់៣៨.១អង្សាសេ ។
ទាំងនេះជាទីក្រុងមានអាកាសធាតុក្តៅជាងគេក្នុងតំបន់អាស៊ាន នៅឆ្នាំ២០៥០ ៖
១-ទីក្រុងបាងកក ប្រទេសថៃ សីតុណ្ហភាពនឹងកើនដល់ ៣៨.១អង្សាសេ
២-ទីក្រុងហូជីមិញ ប្រទេសវៀតណាម សីតុណ្ហភាពនឹងកើនដល់ ៣៧.៧អង្សាសេ
៣-ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន សីតុណ្ហភាពនឹងកើនដល់ ៣៧.២អង្សាសេ
៤-ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី សីតុណ្ហភាពនឹងកើនដល់ ៣៦.៩អង្សាសេ
៥-ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី សីតុណ្ហភាពនឹងកើនដល់ ៣៦.១អង្សាសេ
៦-ប្រទេសសិង្ហបុរី សីតុណ្ហភាពនឹងកើនដល់ ៣៦.១អង្សាសេ.jpg)
មូលហេតុបណ្តាលឱ្យទីក្រុងបាងកកនឹងមានអាកាសធាតុក្តៅជាងគេក្នុងតំបន់អាស៊ាននៅឆ្នាំ២០៥០ ដោយសារទីក្រុងនេះស្រូបកំដៅពីសំណង់បេតុង, អគារខ្ពស់ៗបាំងខ្យល់, ខ្វះតំបន់បៃតង និងការឡើងកំដៅដោយសារសកម្មភាពរបស់មនុស្ស ។ តំបន់នៅកណ្តាលក្រុងបាងកក ដែលសម្បូរដោយសំណង់បេតុង និងអគារខ្ពស់ នឹងមានសីតុណ្ហភាពកើនឡើងខ្ពស់បំផុតបណ្តាលឱ្យប៉ះពាល់សុខភាពពលរដ្ឋ ។
អាកាសធាតុក្តៅខ្លាំងនេះក៏ប៉ះពាល់ដល់ផលិតកម្មរបស់ប្រទេសថៃដែរ ជាពិសេស ប៉ះពាល់សុខភាពអ្នកធ្វើការក្រោមកំដៅថ្ងៃនៅទីក្រុងបាងកក រហូតដល់ជាង១លាន ៣សែននាក់ ។ របាយការណ៍បញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលថៃគ្មានវិធានការដោះស្រាយ ឬបង្កើតតំបន់បៃតងទេនោះ អាកាសធាតុក្តៅខ្លាំងនឹងធ្វើឱ្យខាតបង់ផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃ រហូតដល់៦% ៕










