អ្នកជំនាញសេដ្ឋកិច្ចបារម្ភពីការរង្គោះរង្គើអង្គការផលិតប្រេងធំបំផុតលើពិភពលោក OPEC បន្ទាប់ពីប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) សម្រេចចិត្តចាកចេញពីអង្គការនេះ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ គឺប្រទេសផ្សេងៗនឹងចាកចេញដែរ ស្របពេលសង្គ្រា.មនៅអ៊ីរ៉ង់ បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារប្រេងពិភពលោក ។ វាជារឿងនឹកស្មានមិនដល់សម្រាប់ក្រុមប្រទេសផលិតប្រេង ដែលអេមីរ៉ាតអារ៉ាប់រួមសម្រេចចិត្តបែបនេះ ខណៈរដ្ឋមន្ត្រីថាមពលអេមីរ៉ាតអារ៉ាប់រួម បញ្ជាក់ថា អវត្តមានរបស់ប្រទេសខ្លួននឹងមិនប៉ះពាល់ខ្លាំងក្លាដល់ទីផ្សារប្រេងពិភពលោក ។
.jpg)
មូលហេតុដែលអេមីរ៉ាតអារ៉ាប់រួម សម្រេចចិត្តចាកចេញពីអង្គការ OPEC ដោយសារខកចិត្តទាក់ទងនឹងកូតា អេមីរ៉ាតអារ៉ាប់រួមត្រូវការបង្កើនការផលិតប្រេងដើម្បីប្រមូលប្រាក់ចំណូល ដែលផ្ទុយនឹងគោលនយោបាយកាត់បន្ថយការផលិតប្រេងរបស់អង្គការនេះ ។.jpg)
បើតាមអ្នកជំនាញ បន្ទាប់ពីអេមីរ៉ាតអារ៉ាប់រូម (UAE) ចាកចេញពីអង្គការ OPEC វានឹងប៉ះពាល់យ៉ាងខ្លាំងដល់អង្គការផលិតប្រេងដ៏ធំលើពិភពលោកនេះ និងអាចបណ្តាលឱ្យរលំរលាយអង្គការទាំងមូល ប្រសិនបើ OPEC គ្មានវិធានការការពារកុំឱ្យប្រទេសផ្សេងទៀតចាកចេញដែរ ។
នាយកប្រតិបត្តិក្រុមហ៊ុនផ្តល់ការប្រឹក្សានៅទីក្រុងឌូបៃ Qamar Energy ឱ្យដឹងថា ប្រទេសកាហ្សាក់ស្ថាន ក៏ចាកចេញពី OPEC ដែរ ខណៈប្រទេសនេះផលិតប្រេងយ៉ាងច្រើន និងចង់បង្កើនការផលិត ។ រីឯអ្នកជំនាញសេដ្ឋកិច្ចមកពី Capital Economics ថា ទំនាក់ទំនងរវាងប្រទេសជាសមាជិក OPEC ចាប់ផ្តើមបែកបាក់ ហើយការចាកចេញរបស់អេមីរ៉ាតអារ៉ាប់រួម នឹងប៉ះពាល់ក្នុងរយៈពេលយូរទៅមុខទៀត គឺតម្លៃប្រេងពិភពលោកនឹងប្រែប្រួល ។
ផលប៉ះពាល់ចម្បង គឺ OPEC នឹងបាត់បង់ប្រាក់ចំណូលយ៉ាងច្រើនមហាសាល បើតាមទិន្នន័យរបស់ភ្នាក់ងារថាមពលអាមេរិក (EIA) ឱ្យដឹងថា កាលពីឆ្នាំ២០២៥ OPEC ទទួលបានប្រាក់ចំណូលពីការលក់ប្រេងរហូតដល់ជាង៤សែនលានដុល្លារ ហើយក្នុងចំនួននេះ ប្រាក់ចំណូលពីការលក់ប្រេងរបស់អេមីរ៉ាតអារ៉ាប់រួម ស្មើប្រមាណ ៧ម៉ឺន ៧ពាន់លានដុល្លារ (ឬជិត១៧%) ។
.jpg)
ការបាត់បង់អេមីរ៉ាតអារ៉ាប់រួម ដែលជាប្រទេសផលិតប្រេងលំដាប់ទី២ របស់ OPEC នឹងជំរុញឱ្យប្រទេសផ្សេងៗចាកចេញជាបន្តបន្ទាប់ ស្របពេលទំនាក់ទំនងរវាងប្រទេសសមាជិកមិនល្អស្រាប់តែហើយ ។ ក្រៅពីនេះ ស្ថានការណ៍អសន្តិសុខក្នុងតំបន់ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ព្រមទាំងការវាយប្រហារទីតាំងប្រេងអ៊ីរ៉ង់ដែលជាសមាជិក OPEC អាចជាមូលហេតុធ្វើឱ្យអង្គការនេះរលំលាយ ។
.jpg)
សូមរំឭកថា អេមីរ៉ាតអារ៉ាប់រួម គឺជាសមាជិកដ៏សំខាន់របស់ OPEC ហើយការបាត់បង់សមាជិកនេះ នឹងបង្កមានភាពចលាចលធ្វើឱ្យអង្គការនេះចុះខ្សោយ ។ កន្លងមក សមាជិកអង្គការនេះខ្វែងគំនិតគ្នាលើបញ្ហាផ្ទៃក្នុងជាច្រើន ចាប់ពីភូមិសាស្ត្រនយោបាយ រហូតដល់កូតាការផលិតប្រេង ។

អង្គការ OPEC ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៦០ ដោយប្រទេសជាសមាជិកដំបូង រួមមាន ៖ អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អ៊ីរ៉ាក់ វេណេស៊ុយអេឡា និងគុយវ៉ែត រីឯអេមីរ៉ាតអារ៉ាប់រួម បានក្លាយជាសមាជិកបន្ទាប់ពីបង្កើតអង្គការនេះបានរយៈពេល៧ឆ្នាំ ៕










