Home ព័ត៌មានអន្តរជាតិ អាមេរិកកំណត់គោលដៅលើបុគ្គលសំខាន់ៗ និងក្រុមហ៊ុនមួយចំនួនដែលចូលរួមជួយអ៊ីរ៉ង់ផលិតអាវុ.ធនុយក្លេអ៊ែរ

អាមេរិកកំណត់គោលដៅលើបុគ្គលសំខាន់ៗ និងក្រុមហ៊ុនមួយចំនួនដែលចូលរួមជួយអ៊ីរ៉ង់ផលិតអាវុ.ធនុយក្លេអ៊ែរ

77
0

កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ អាមេរិកបានប្រកាសដាក់ទណ្ឌក.ម្មបន្ថែមលើក្រុមហ៊ុននៅអ៊ីរ៉ង់ តួកគី និងអេមីរ៉ាតអារ៉ាប់រួម ដែលជួយអ៊ីរ៉ង់ក្នុងការស្វែងរក ដឹកជញ្ជូន ប្រមូលផ្តុំ និងផលិតអាវុ.ធនុយក្លេអ៊ែរ រួមទាំងសម្ភារៈកងទ័ព ខណៈការប្រកាសនេះស្របពេលការចរចាបទឈប់បា.ញ់រវាងអាមេរិកជាមួយអ៊ីរ៉ង់គ្មានភាពច្បាស់លាស់ ។ លើសពីនេះ ក៏បានដាក់ទណ្ឌកម្ម.លើបុគ្គលជាច្រើនរូបដែលពាក់ព័ន្ធនឹងក្រុមហ៊ុនអាកាសចរណ៍ Mahan Air របស់អ៊ីរ៉ង់ និងមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ។

រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Donald Trump ចាប់ផ្តើមអនុវត្តវិធានការដាក់ទណ្ឌកម្មជាថ្មីកាលពីថ្ងៃទី២១ ខែមេសា ដោយកំណត់គោលដៅលើបុគ្គលសំខាន់ៗ និងក្រុមហ៊ុនមួយចំនួនដែលចូលរួមជួយអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរបន្ថែមទៀតក្នុងពេលការចរចារវាងអាមេរិកជាមួយអ៊ីរ៉ង់មិនច្បាស់លាស់ ហើយកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសទាំងពីរជិតដល់ពេលបញ្ចប់ ។

ក្រសួងហិរញ្ញវត្ថុអាមេរិកបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា វិធានការទណ្ឌកម្មថ្មីនេះនឹងប៉ះពាល់បុគ្គលជាច្រើន រួមទាំងក្រុមហ៊ុននៅប្រទេសអ៊ីរ៉ង់ តួកគី និងអេមីរ៉ាតអារ៉ាប់រួម ដែលពួកគេពាក់ព័ន្ធនឹងការស្វែងរក, ដឹកជញ្ជូនអាវុធ, ប្រមូលផ្តុំអាវុធ, ផលិតអាវុធនុយក្លេអ៊ែរ និងឧបករណ៍ដ្រូនឱ្យអ៊ីរ៉ង់ ។

តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent គឺមេដឹកនាំអ៊ីរ៉ង់ត្រូវតែទទួលខុសត្រូវដល់ទីផ្សារថាមពលពិភពលោក រួមទាំងការវាយប្រហារជនស៊ីវិលមិនរើសគោលដៅដោយប្រើប្រាស់កាំជ្រួច និងដ្រូន ។

វិធានការទណ្ឌកម្មនេះកំណត់គោលដៅលើបុគ្គលសំខាន់ៗ៣រូប ពាក់ព័ន្ធនឹងក្រុមហ៊ុនអ៊ីរ៉ង់ដែលត្រូវបានអាមេរិកដាក់ទណ្ឌកម្មមុននេះ ដោយសារក្រុមហ៊ុនអ៊ីរ៉ង់បានស្វែងរកឧបករណ៍រាប់ពាន់បំពាក់ក្នុងដ្រូនអត្តឃាត ហើយឧបករណ៍ទាំងនេះត្រូវបានរកឃើញក្នុងកំទេចដ្រូនម៉ាក Shahed-136 ដែលបាញ់ធ្លាក់ ។ អាមេរិកចោទប្រកាន់អ៊ីរ៉ង់ប្រើប្រាស់ដ្រូនអត្តឃាតវាយប្រហារគោលដៅសំខាន់ៗរបស់អាមេរិកនៅបណ្តាប្រទេសឈូងសមុទ្រពែក្សក្នុងអំឡុងពេលសង្គ្រាម និងថា រុស្ស៊ីបានប្រើប្រាស់ដ្រូន Shahed ជាច្រើនគ្រឿងធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ។

ក្រៅពីកំណត់គោលដៅដាក់ទណ្ឌកម្មលើក្រុមហ៊ុនអ៊ីរ៉ង់ អាមេរិកក៏បានកំណត់គោលដៅដាក់ទណ្ឌកម្មលើក្រុមហ៊ុននៅប្រទេសតួកគីផងដែរ ដោយចោទប្រកាន់ក្រុមហ៊ុននៅតួកគីដឹកជញ្ជូនសម្ភារៈកងទ័ពទៅឱ្យក្រុមហ៊ុនអ៊ីរ៉ង់ដែលអាមេរិកកំពុងតែដាក់ទណ្ឌកម្ម ។ ក្រសួងហិរញ្ញវត្ថុអាមេរិកបញ្ជាក់ថា សម្ភារៈកងទ័ពទាំងនេះត្រូវបានយកទៅកែច្នៃបន្ថែមដើម្បីបង្កើនប្រសិទ្ធភាពម៉ាស៊ីនកាំជ្រួច ។

វិធានការទណ្ឌកម្មថែមទាំងកំណត់គោលដៅលើបុគ្គលជាច្រើនរូបទៀតដែលពាក់ព័ន្ធនឹងក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ Mahan Air​ ដែលអាមេរិកកំពុងដាក់ទណ្ឌកម្ម ដោយចោទប្រកាន់បុគ្គលទាំងនោះមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ៕