ស្របពេលបច្ចេកវិទ្យាកាន់តែរីកចម្រើនទៅមុខ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសថា នៅក្នុងពេលអនាគតដ៏ខ្លីពួកគេនឹងរៀបចំសម្រាប់ការផ្លាស់ប្តូរយោធាដ៏សំខាន់មួយ ដោយគ្រោងកាត់បន្ថយកងទ័ពជួរមុខរហូតដល់ ៧៥% និងជំនួសមុខតំណែងជាច្រើនវិញដោយប្រព័ន្ធឃ្លាំមើលដែលដំណើរការដោយ AI។ តើ AI ជាអាចជំនួសទាហានមនុស្សពិតបានដែរឬទេ?
.jpg)
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Korea JoongAng Daily កាលពីថ្ងៃចន្ទនេះបានឲ្យដឹងថា កងទ័ពជួរមុខរបស់កូរ៉េខាងត្បូងនៅតាមបណ្ដោយព្រំដែនអាចនឹងត្រូវកាត់បន្ថយជិត ៧៥% ក្នុងរយៈពេលមួយឬពីរទសវត្សរ៍ខាងមុខ ដែលជាចលនាមួយមិនអាចជៀសរួចមួយ បន្ទាប់ពីរដ្ឋាភិបាលបានពិចារណាលើចំនួនបុគ្គលិកយោធាថាកំពុងមានការធ្លាក់ចុះ។
.jpg)
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Ahn Gyu-back និយាយថា បច្ចុប្បន្នក្រសួងការពារជាតិ មានគម្រោងកាត់បន្ថយចំនួនកងទ័ពដែលឈរជើងនៅតាមប៉ុស្តិ៍យោធាទូទៅនៅជិតតំបន់ដែលមានកំពែងរឹងមាំពីចំនួន ២២.០០០ នាក់បច្ចុប្បន្នមកត្រឹម ៦.០០០ នាក់នៅឆ្នាំ ២០៤០ ដោយជំនួសពួកគេវិញដោយប្រព័ន្ធ AI។ តាមរបាយការណ៍នេះ ក្រសួងកំពុងសិក្សាអំពីរចនាសម្ព័ន្ធកម្លាំងនាពេលអនាគត ដែលនឹងពឹងផ្អែកយ៉ាងខ្លាំងទៅលើឧបករណ៍ចាប់សញ្ញាឆ្លាតវៃ យន្តហោះគ្មានមនុស្សបើក កាមេរ៉ាស្វ័យប្រវត្តិ មនុស្សយន្តយាមកាម និង AI ចាប់សញ្ញាការគំរាមកំហែង តាមបណ្តោយព្រំដែនដែលមានកំពែងរឹងមាំជាមួយកូរ៉េខាងជើង។

ទោះជាយ៉ាងណាក៏ដោយ ការប្រកាសនេះបានបង្កឱ្យមានការរិះគន់ពីសមាជិកសភានៃគណបក្សអំណាចប្រជាជន (PPP) ដែលជាគណបក្សប្រឆាំងដ៏សំខាន់ ដែលអះអាងថាផែនការនេះនឹងមិនត្រឹមតែធ្វើឱ្យសមត្ថភាពយោធារបស់កូរ៉េខាងត្បូងចុះខ្សោយប៉ុណ្ណោះទេ ថែមទាំងបង្កើនការព្រួយបារម្ភរបស់សាធារណជនផងដែរ។.jpg)
គួរជម្រាបថា ផែនការរយៈពេលវែងរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូងដូចខាងលើនេះ បានកើតឡើងនៅពេលដែលកូរ៉េខាងជើងបន្តសាកល្បងមីស៊ីល និងបង្កើនសមត្ថភាពយោធារបស់ខ្លួន ហើយកូរ៉េខាងត្បូងប្រឈមមុខនឹងកង្វះខាតបុគ្គលិកយោធាសម្រាប់សមាជិកបំពេញកាតព្វកិច្ចសកម្មដោយសារតែអត្រាកំណើតទាបជាប់លាប់របស់ប្រទេស។
គិតត្រឹមឆ្នាំមុន យោធាសកម្មរបស់កូរ៉េខាងត្បូងមានប្រហែល 450,000 នាក់ តិចជាងចំនួនអប្បបរមា ដែលត្រូវការចាំបាច់សម្រាប់ការចល័តទ័ពក្នុងសម័យសង្គ្រាមចំនួន 500,000 នាក់ ។ កត្តានេះបង្ករឡើងដោយសារ តែបុរសដែលមានអាយុអាចចូលបម្រើកងទ័ពមានចំនួនកាន់តែតិចទៅៗពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឱ្យវាពិបាកក្នុងការរក្សាចំនួនកងទ័ព។.jpg)
បើទោះបីជាមានអ្នករិះគន់ថា បច្ចេកវិទ្យាមិនអាចជំនួសកម្លាំងមនុស្សពិតបានពេញលេញក៏ពិតមែន ប៉ុន្តែរដ្ឋាភិបាលកូរ៉េខាងត្បូង នៅតែជឿជាក់ថា ឆ្មាំព្រំដែននាពេលអនាគតអាចមានសណ្ឋានជាម៉ាស៊ីនច្រើនជាងមនុស្ស៕










