កែវ នរោត្តម ចេណ្ណា ដែលប្រជាពលរដ្ឋភាគច្រើននិយមហៅទ្រង់ថាជាព្រះនាង ចេណ្ណា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ដំឡើងព្រះឋានៈជា «អ្នកអង្គម្ចាស់ក្សត្រិយ៍» នរោត្តម ចេណ្ណា។ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។ ដំណឹងរីករាយនេះមហាជនដែលជាអ្នកគាំទ្របានចូលរួមអបអរសាទរទ្រង់ហើយបានពោលថាពិតជាស័ក្តិសមខ្លាំងណាស់។

ដំណឹងដែល កែវ នរោត្តម ចេណ្ណា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ដំឡើងព្រះឋានៈជា «អ្នកអង្គម្ចាស់ក្សត្រិយ៍»បានធ្វើឱ្យមហាជនចូលរួមត្រេកអរជាខ្លាំងខណៈ ព្រះនាង នរោត្តម អេម៉ា លោក អ៊ិន វិចិត្រ, ឌៀប សុហ្វៀរ៉ា និងអ្នកសិល្បៈមួយចំនួនទៀតបានបង្ហាញការអបអរចំពោះទ្រង់សម្រាប់ឋានៈថ្មីក្នុងសែរាជ្យវង្ស។ ចាប់ពីពេលនេះតទៅមហាជននឹងប្តូរការហៅព្រះនាង ចេណ្ណា មកជា «អ្នកអង្គម្ចាស់ក្សត្រិយ៍» ចេណ្ណា វិញ។

គួរឱ្យដឹងថាព្រះឋានៈនៃព្រះញាតិវង្សនគរកម្ពុជាមានដូចជា – សម្ដេច- ព្រះអង្គម្ចាស់- អ្នកអង្គម្ចាស់- អង្គម្ចាស់- កែវ។ ព្រះឋានៈនៃព្រះញាតិវង្សអាចប្រែប្រួលតាមការប្រោសព្រះរាជទានពីព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងដោយព្រះរាជក្រឹត្យ។
«អ្នកអង្គម្ចាស់ក្សត្រិយ៍» នរោត្តម ចេណ្ណា គឺជាសិល្បការិនីដ៏មានទេពកោសល្យមួយរូបនៅក្នុងអាជីពសិល្បៈ។ កន្លងមកទ្រង់បានចូលរួមលើកស្ទួយវប្បធម៌ខ្មែរយ៉ាងខ្លាំងដោយទ្រង់បានយាងទៅប្រទេសចិនផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរជាច្រើនដង។ លើសពីនេះ អ្នកអង្គម្ចាស់ក៏មានឱកាសថតខ្សែភាពយន្ត ថតទស្សនាវដ្តី របស់ប្រទេសចិនទៀតផង។
កន្លងមកមានមតិជាច្រើនសូម្បីតែប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិក៏ចាប់អារម្មណ៍អ្នកអង្គម្ចាស់
ចេណ្ណា បង្ហាញខ្លួនធ្វើជាតារា kpop ប៉ុន្តែទ្រង់បានបដិសេធវិញដោយទ្រង់ពុំបានចូលរួមប្រឡូកក្នុងវិស័យនេះនោះទេ។ ស្នាដៃសិល្បៈរបស់អ្នកអង្គម្ចាស់ត្រូវបានមហាជនទទួលស្គាល់យ៉ាងទូលំទូលាយ ជាពិសេសចុងក្រោយនេះទ្រង់ថែមទាំងនិពន្ធបទចម្រៀង សារភាពគ្មានន័យ ហើយផ្ទុះការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនទាំងជាតិនិងអន្តរជាតិ៕










