នៅដើមឆ្នាំ ២០២៦ តម្លៃប្រេងម៉ាស៊ូតស្ថិតនៅក្នុងចន្លោះពី ៣,០០០៛ ទៅ ៤,០០០៛ តែប៉ុណ្ណោះនៅក្នុង ១លីត្រ ប៉ុន្តែគិតមកត្រឹមថ្ងៃទី៤ ខែមេសានេះ តម្លៃប្រេងម៉ាស៊ូត បែរជាកើនឡើងរហូតដល់ ៨,១០០៛/លីត្រ វ៉ាដាច់តម្លៃប្រេងសាំង ធ្វើឲ្យប្រជាពលរដ្ឋដែលប្រកបរបរដឹកជញ្ជូនទំនិញ កសិកម្ម និងឧស្សាហកម្ម ត្អូញត្អែនិងព្រួយបារម្ភជាខ្លាំង ដ្បិតប៉ះពាល់ដល់ជីវភាព។ តើការហក់ឡើងយ៉ាងខ្លាំង និងឆាប់រហ័សនៃតម្លៃប្រេងម៉ាស៊ូតនៅពេលនេះបណ្ដាលមកពីកត្តាអ្វី?.jpg)
យោងតាមអត្ដបទដែលចេញផ្សាយដោយសារព័ត៌មាន CNA (Channel News Asia) បានពន្យល់ថា មូលហេតុសំខាន់ៗ ដែលធ្វើឲ្យប្រេងម៉ាស៊ូតឡើងថ្លៃលើសប្រេងឥន្ធនៈដទៃ ដោយសារការផ្គត់ផ្គងរងផលប៉ះពាល់ខ្លាំងជាងគេបន្ទាប់ពីជម្លោះនៅមជ្ឈិមបូព៌ា។ ជាទូទៅគេដឹងថា ប្រេងម៉ាស៊ូតផលិតពីប្រេងឆៅប្រភេទធ្ងន់ ដែលពឹងផ្អែកខ្លាំងលើតំបន់មជ្ឈិមបូព៌ា ដែលកំពុងតែមានជម្លោះ ស្របពេលដែលរោងចក្រចម្រាញ់ អាចមានសមត្ថភាព បំប្លែងវាមិនបានទាន់តម្រូវការ ។
ហេតុផលមួយក្នុងចំណោមហេតុផលធំៗ គឺតម្រូវការសកលកាន់តែខ្លាំងសម្រាប់ប្រេងម៉ាស៊ូត។ មិនដូចប្រេងសាំងដែលភាគច្រើនត្រូវបានប្រើប្រាស់ក្នុងយានយន្តឯកជនដែលត្រូវការប្រេងសមល្មមដើម្បីដំណើរការនោះទេ ប្រេងម៉ាស៊ូតត្រូវបានប្រើដើម្បីផ្តល់ថាមពលដល់រថយន្តដឹកទំនិញធំៗ កប៉ាល់ ឧបករណ៍សំណង់ និងគ្រឿងចក្រឧស្សាហកម្ម ដែលត្រូវការក្នុងបរិមាណច្រើនដើម្បីដំណើរការ។

ក្រៅពីកត្តាទាំងនេះ ការរឹតបន្តឹងការផ្គត់ផ្គង់គឺជាកត្តាសំខាន់មួយទៀត ដែលរំខានដល់ការចែកចាយ និងប៉ះពាល់ដល់តម្លៃ។ ការនេះកើតចេញពីការរំខានដល់ផ្លូវប្រេងសំខាន់ៗ ជាពិសេសនៅជុំវិញច្រកសមុទ្រហ័រមូស បានបង្កើនហានិភ័យនៃការដឹកជញ្ជូន និងកាត់បន្ថយលំហូរផ្គត់ផ្គង់។
.jpg)
សរុបមក ការកើនឡើងនៃតម្លៃរបស់ប្រេងម៉ាស៊ូតនៅពេលនេះ គឺបណ្ដាលមកពីតម្រូវការច្រើនលើសលប់ពិបាកកាត់បន្ថយ ចំពេលដែលការផ្គត់ផ្គង់មានការថយចុះមកនៅបរិមាណតិច។ ដោយឡែកចំពោះមូលហេតុដែលវាមានតម្លៃថ្លៃជាងសាំង គឺដោយសារតែឥឡូវនេះវាជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចពិភពលោក ដែលមានតម្រូវការខ្ពស់ ពិបាកផលិត និងងាយនឹងប្រឈមនឹងហានិភ័យភូមិសាស្ត្រនយោបាយ។
.jpg)
ក្នុងនាមជាប្រទេសមួយដែលពឹងផ្អែកយ៉ាងខ្លាំងលើប្រេងឥន្ធនៈនាំចូល ប្រទេសកម្ពុជាអាចទទួលរងផលប៉ះពាល់ពីធម្យមទៅខ្លាំង ជាពិសេសពាក់ព័ន្ធនឹងតម្លៃប្រេងមានការកើនឡើង ព្រមទាំងប៉ះពាល់ដោយផ្ទាល់ដល់ការដឹកជញ្ជូន កសិកម្ម និងឧស្សាហកម្ម។ តែទោះជាយ៉ាងណា បញ្ហានេះមិនមែនប្រឈមតែនៅក្នុងប្រទេសកម្ពុជានោះទេ ពោលគឺដរាបណាតម្រូវការនៅតែមានខ្ពស់ បញ្ហាប្រឈមនៃការផ្គត់ផ្គង់នឹងនៅតែបន្ត ហើយវានឹងបង្កើតលក្ខខណ្ឌរាំងស្ទះដល់សេដ្ឋកិច្ចនៅទូទាំងពិភពលោក៕










