មន្ត្រីជាន់ខ្ពស់គណបក្សនយោបាយវៀតណាម កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានជំរុញឱ្យពលរដ្ឋគ្រប់រូបដែលធ្វើដំណើរតាមម៉ូតូនៅទីក្រុងហូជីមិញ ងាកមកជិះរថយន្តក្រុងដោយឥតគិតថ្លៃដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ខ្លាំងនៅតាមដងផ្លូវ និងកាត់បន្ថយការបំពុលបរិយាកាស ។ ការជំរុញនេះបន្ទាប់ពីមើលឃើញពលរដ្ឋវៀតណាមភាគច្រើនមិនសូវនិយមជិះរថយន្តក្រុង ដោយសារគ្មានភាពងាយស្រួល សេវាកម្មគ្មានគុណភាព និងមានតែសិស្សសាលាប៉ុណ្ណោះដែលធ្វើដំណើរតាមរថយន្តក្រុង ។.jpg)
ហូជីមិញ ស្ថិតក្នុងចំណោមទីក្រុងជាច្រើនដែលប្រឈមនឹងបញ្ហាខ្យល់ពុលយ៉ាងខ្លាំងជារៀងរាល់ឆ្នាំបណ្តាលមកពីមូលហេតុចម្បង គឺការធ្វើចរាចរយ៉ាងណែនណាន់ ដោយសារពលរដ្ឋវៀតណាមភាគច្រើនធ្វើដំណើរតាមម៉ូតូ ។ ហេតុនេះ មន្ត្រីជាន់ខ្ពស់គណបក្សនយោបាយនៅទីក្រុងហូជីមិញជំរុញឱ្យពលរដ្ឋគ្រប់រូបជិះរថយន្តក្រុងដោយឥតគិតថ្លៃ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយការបំពុលបរិយាកាស ។
.jpg)
លោក Tran Luu Quang មន្ត្រីជាន់ខ្ពស់គណបក្សនយោបាយ កាលពីថ្ងៃទី១ ខែមេសា បានបង្ហាញសំណើជំរុញឱ្យពលរដ្ឋងាកមកធ្វើដំណើរតាមរថយន្តក្រុង ដោយរំពឹងថា អាចមានការចំណាយថវិកាជាតិប្រមាណ ៧លានលានដុងក្នុង១ឆ្នាំ (ឬជាង២៦៦លានដុល្លារ) ក្នុង១ឆ្នាំ ។.jpg)
នេះជាវិធានការលើកទឹកចិត្តឱ្យពលរដ្ឋផ្លាស់ប្តូរពីការធ្វើដំណើរតាមម៉ូតូ មកប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈប្រចាំថ្ងៃនៅទីក្រុងហូជីមិញ ដែលមានពលរដ្ឋរស់នៅជិត១៥លាននាក់ ។ កន្លងមក ការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈមានតិចតួចនៅឡើយ ដែលបណ្តាលមកពីសេវាកម្មគ្មានគុណភាព និងមិនងាយស្រួលដូចការធ្វើដំណើរតាមមធ្យោបាយផ្ទាល់ខ្លួន ខណៈបច្ចុប្បន្ន ទីក្រុងហូជីមិញបានផ្តល់ថវិកាសម្រាប់ការជិះរថយន្តក្រុងឥតគិតថ្លៃសម្រាប់ពលរដ្ឋមួយចំនួន រួមមាន ៖ មនុស្សចាស់ កុមារតូច និងជនពិការ ។ 
លោក Luu Quang ជំរុញឱ្យផ្តល់ភាពសំខាន់ទៅលើគុណភាពការធ្វើដំណើរតាមរថយន្តក្រុង ទាំងភាពងាយស្រួល និងទៀងទាត់ពេលវេលាដើម្បីឱ្យអ្នកដំណើរមានទំនុកចិត្ត ។ ការកែលម្អសេវាកម្ម និងពង្រីកផ្លូវរថយន្តក្រុង ត្រូវតែធ្វើឡើងជាមួយការផ្លាស់ប្តូរគោលនយោបាយថ្លៃសំបុត្រ ។
គួរបញ្ជាក់ថា នៅទីក្រុងហូជីមិញ មានរថយន្តក្រុងប្រមាណ ២,៣០០គ្រឿង ក្នុងនោះរថយន្តក្រុងអគ្គិសនី ចំនួន១,៣០០គ្រឿង ដែលមានអ្នកជិះភាគច្រើន គឺជាសិស្សសាលា ។ ក្រៅពីនេះ វៀតណាមក៏មានគម្រោងលើកលែងថ្លៃសេវាដឹកជញ្ជូនមួយចំនួនសម្រាប់ក្រុមហ៊ុនដែលជួបការលំបាកដោយសារប្រេងឥន្ធនៈឡើងថ្លៃ ព្រមទាំងមានគម្រោងពិចារណាច្បាប់ថ្មីជំរុញការអភិវឌ្ឍទីក្រុងដែលប្រឈមនឹងបញ្ហាស្ទះចរាចរណ៍ ៕










