កងទ័ពថៃ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានយកកុងទឺន័រចំនួន៣ទូរបន្ថែមទៀតមកដាក់ពង្រាយនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីព័ទ្ធយកទឹកដីកម្ពុជាដោយខុសច្បាប់ ។ នាថ្ងៃទី២៧ ខែមីនា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំអ្នកតំណាងអន្តរជាតិជាច្រើនប្រចាំកម្ពុជា ចុះពិនិត្យមើលស្ថានភាពនៅតំបន់ច្រកទ្វារព្រំដែនជ័យជំនះ (ឬច្រកទ្វារព្រំដែនថ្មដា) ក្នុងឃុំថ្មដា ដើម្បីឱ្យអន្តរជាតិបានឃើញផ្ទាល់ភ្នែកពីការបំពានរបស់ថៃ ។
បើតាមការលើកឡើងរបស់អាជ្ញាធរមូលដ្ឋានកម្ពុជា គឺកងទ័ពថៃបានយកកុងទឺន័រចំនួន៣ទូរ មកដាក់ពង្រាយបន្ថែមទៀតលើទូរកុងទឺន័រចាស់ជាង៥០ទូរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៦ ខែមីនា ដែលមានចម្ងាយប្រហែល៨០០ម៉ែត្រចូលមកក្នុងទឹកដីរបស់កម្ពុជា ។ នេះជាទីតាំង១ ក្នុងចំណោមទីតាំង២ ដែលថៃបានពង្រាយកុងទឺន័រ និងបន្លាលួស បន្ទាប់ពីកម្ពុជា-ថៃឯកភាពគ្នាលើបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។ 
នាថ្ងៃទី២៧ ខែមីនា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំអង្គទូត និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិប្រចាំកម្ពុជា ចុះពិនិត្យស្ថានភាពនៅតំបន់ច្រកទ្វារព្រំដែនជ័យជំនះ (ច្រកទ្វារព្រំដែនថ្មដា) ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលកងទ័ពថៃបានរាយបន្លាលួស និងដាក់កុងទឺន័រចំនួន៣បន្ថែមទៀតកាលពីថ្ងៃទី២៦ ខែមីនា ដើម្បីបិទផ្លូវជាតិលេខ៥៥ បិទផ្លូវចូលផ្ទះសម្បែង និងដីធ្លីរបស់ពលរដ្ឋភៀសសឹក ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍ថា កម្ពុជាពិបាកនិយាយគ្នាជាមួយអ្នកមានអំណាចខាងកងទ័ពថៃ ខណៈកម្ពុជាចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែភាគីថៃមិនស្តាប់តាមការអំពាវនាវរបស់កម្ពុជាឡើយ ។ ទោះជាបែបនេះ កម្ពុជាមិននៅស្ងៀមទេ ហើយថៃក៏មិនអាចបិទមាត់កម្ពុជាបានដែរ គឺកម្ពុជាបានបន្តនីតិវិធីការទូតដើម្បីឱ្យដឹងដល់ពិភពលោក ។
រាជរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ភ្ជាប់ការប្តេជ្ញាចិត្តមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធនានា ដោយប្រកាន់ភ្ជាប់នុវគោលជំហរជាគោលការណ៍របស់កម្ពុជាថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងឡើយ ។
យោងតាមវីដេអូបង្ហោះក្នុងបណ្តាញសង្គម ដំណើរទស្សនកិច្ចនាថ្ងៃទី២៧ ខែមីនា តំណាងអង្គទូត និងអង្គការអន្តរជាតិបានឃើញដោយផ្ទាល់ភ្នែក និងថតរូបភាពសកម្មភាពកងទ័ពថៃដំឡើងទង់ជាតិ ដែលរំលោភបំពានលើទឹកដីកម្ពុជាផងដែរ ។

គួរបញ្ជាក់ថា មេបញ្ជាការកងទ័ពជើងទឹកខេត្តត្រាត ប្រទេសថៃ លោក ថាំម៉ានូន វ៉ាន់ណា ព្រមានថា សង្គ្រាមលើកទី៣ ជាមួយកម្ពុជាអាចនឹងកើតឡើង ដោយលោកចោទប្រកាន់កម្ពុជាចល័តកងទ័ព និងបាញ់ញុះញង់ចូលទឹកដីថៃជាបន្តបន្ទាប់ ។ ការព្រមាននេះ បន្ទាប់ពីមេបញ្ជាការកងទ័ពជើងទឹកខេត្តត្រាត បាននាំគណៈប្រតិភូកងទ័ពជើងទឹក និងអ្នកសារព័ត៌មានចុះពិនិត្យស្ថានការណ៍នៅព្រំដែនខេត្តត្រាត កាលពីថ្ងៃទី២៦ ខែមីនា ។

ក្នុងការចុះពិនិត្យស្ថានការណ៍នៅព្រំដែនខេត្តត្រាត លោក ថាំម៉ានូន បាននាំគណៈប្រតិភូកងទ័ពជើងទឹក និងអ្នកសារព័ត៌មានពិនិត្យមើលអគារកាស៊ីណូដែលត្រូវបានកងទ័ពថៃបំផ្ទុះគ្រាប់បំផ្លាញខ្ទេចខ្ទី ព្រមទាំងពិនិត្យមើលកុងទឺន័រដែលកងទ័ពថៃដាក់ពង្រាយលើទឹកដីកម្ពុជា ៕










