ខេត្តពោធិ៍សាត់៖ ឯកឧត្តម ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា មីនានេះ បានប្រកាន់ជំហរដាច់ខាត ដោយមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែន តាមរយៈការប្រើកម្លាំងឡើយ ហើយកម្ពុជានឹងបន្ត ជ្រើសរើសការតវ៉ាតាមផ្លូវ«ការទូត និងផ្លូវច្បាប់» ដើម្បីទាមទារឱ្យថៃប្រគល់ទឹកដីមកកម្ពុជាវិញ។.jpg)
ថ្លែងនៅក្នុងឱកាសដឹកនាំអង្គទូត និងតំណាងអង្គការអន្តរជាតិ ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពដោយផ្ទាល់ជនភៀសសឹកចំនួន ៧៦ គ្រួសារ ដែលយោធាថៃបាន រាយបន្លាលួស និងដាក់ទូកុងតឺន័រ ព័ទ្ធយកផ្ទះនៅតំបន់ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៦ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងពីចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងបន្តជ្រើសរើសយន្តការការទូត និងដំណោះស្រាយផ្លូវច្បាប់ ក្នុងការទាមទារមកវិញនូវទឹកដីដែលយោធាថៃបានប្រើប្រាស់កម្លាំងដណ្ដើមយកទៅ។.jpg)
តាមប្រសាសន៍របស់ឯកឧត្តម “ជម្រើសតាមផ្លូវយោធា គឺយើងមិនចង់បាននោះទេ តែយើងត្រូវបង្ខំចិត្តធ្វើ ដើម្បីការពារទឹកដីរបស់យើង ហើយយើងការពារនូវទឹកដីដែលបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង”។ បន្ថែមលើការលើកឡើងនេះ លោកក៏បានបកអាក្រា.តពីសកម្មភាពឈ្លានពានរបស់ថៃលើដែនអធិបតេយ្យជាតិកម្ពុជា តាមរយៈបំពានបទឈប់បាញ់ មិនគោរពតាមច្បាប់អន្តរជាតិ ជាពិសេស ឯកសារនានាដែលអាណានិគមបារាំងបង្សល់ទុក ដើម្បីរៀបចំព្រំដែនរវាងកម្ពុជា និង ថៃ។
ជាងនេះទៅទៀត ប្រមុខការទូតកម្ពុជារូបនេះបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តខិតខំប្រឹងប្រែងតវ៉ាតាមច្បាប់អន្តរជាតិនានា ដើម្បីទាមទារទឹកដីកម្ពុជាពីថៃមកវិញ ដោយឈរលើផែនទីមាត្រដ្ឋាន ១:២០០.០០០ ស្របតាមអនុសញ្ញា បារាំង-សៀមឆ្នាំ១៩០៤ និង សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ និងឯកសារនានាដែលកម្ពុជា និងថៃ ធ្លាប់បានឯកភាពគ្នាជាច្រើនមក។
គួរជម្រាបថា សកម្មភាពរបស់ភាគីថៃ ដោយរាយបន្លាលួស និងដាក់ទូកុងតឺន័រ ចូលទឹកដីកម្ពុជានេះ គឺបានធ្វើឡើងក្រោយភាគីកម្ពុជា និងថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បា.ញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ចាប់តាំងពីនោះមក រាជរដ្ឋាភិបាលកម្ពុជា បានព្យាយាមរិះរកគ្រប់មធ្យោបាយដើម្បីទាមទារមកវិញនូវដីដែលបានបាត់បង់ទៅទាំងនោះ ព្រមទាំងប្រកាន់ខ្ជាប់ជានិច្ចនូវគោលជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញា សទ្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមាន។










