គ្រូពេទ្យបេះដូងបានដាស់តឿនថា ចាប់ពីម៉ោង៧យប់ទៅ គឺជាពេលវេលាដ៏មានសារៈសំខាន់សម្រាប់សុខភាពបេះដូង ពុំគួរអនុវត្តទម្លាប់ទាំង៦នេះទេបន្ទាប់ពីម៉ោង៧យប់ ប្រសិនបើចង់ឱ្យបេះដូងរឹងមាំ និងគេងលក់ស្រួល ប៉ុន្តែមនុស្សភាគច្រើនតែងតែអនុវត្តទម្លាប់ទី១ ជាប្រចាំ ។
ទម្លាប់មុនចូលគេងពេលយប់មានឥទ្ធិពលយ៉ាងខ្លាំងសម្រាប់សុខភាពបេះដូងដែលមនុស្សគ្រប់គ្នាគិតមិនដល់! គ្រូពេទ្យបេះដូងម្នាក់ដែលមានបទពិសោធន៍ការងារនៅក្រៅប្រទេសរយៈពេលជាង២០ឆ្នាំ និយាយថា អ្វីដែលយើងធ្វើបន្ទាប់ពីម៉ោង៧យប់ (ឬជាពេលវេលាចេញពីធ្វើការ) គឺមានផលប៉ះពាល់សម្រាប់រាងកាយ គួរចៀសវាងទម្លាប់ទាំង៦នេះ ដើម្បីថែទាំសុខភាពបេះដូង រួមមាន ៖
១-ហាមបរិភោគអាហារល្ងាចក្រោយម៉ោង៧យប់ ៖ ពេលវេលានេះ ការគ្រប់គ្រងកម្រិតស្ករ និងខ្លាញ់ក្នុងរាងកាយនឹងធ្លាក់ចុះ ។ ការបរិភោគអាហារក្នុងអំឡុងពេលនេះធ្វើឱ្យកម្រិតស្ករ និងខ្លាញ់ក្នុងឈាមកើនឡើង ព្រមទាំងបង្កើនការរលាកក្នុងរាងកាយ ។ រីឯការឆាប់បរិភោគអាហារល្ងាច គឺជាការថែទាំសុខភាពបេះដូងយ៉ាងល្អ និងរាងកាយមានពេលសម្រាក ។
.jpg)
២-ហាមនៅក្រោមពន្លឺភ្លើងពណ៌ស ពេលយប់ ៖ ពន្លឺអំពូលភ្លើងខ្លាំងអាចរំខានដល់ការបញ្ចេញអរម៉ូនមេឡាតូនីនដែលពាក់ព័ន្ធនឹងការគេងលក់ និងសម្ពាធឈាម ។ គ្រូពេទ្យណែនាំឱ្យបន្ថយពន្លឺពេលយប់ដើម្បីជួយឱ្យរាងកាយឆាប់បានសម្រាក ។.jpg)
៣-ហាមអានព័ត៌មានស្ត្រេសមុនចូលគេង ៖ ព័ត៌មាននយោបាយ ឬព័ត៌មានស្ត្រេសផ្សេងៗនឹងជំរុញដល់ប្រព័ន្ធប្រសាទបណ្តាលឱ្យបេះដូងលោតញាប់ និងឡើងសម្ពាធឈាម ។ ចូរចៀសវាងអានព័ត៌មានទាំងនេះពេលយប់ដើម្បីឱ្យរាងកាយអាចសម្រាកពេញលេញ ។.jpg)
៤-ហាមហាត់ប្រាណខ្លាំង ៖ ទោះជាការហាត់ប្រាណល្អសម្រាប់បេះដូង ប៉ុន្តែការហាត់ប្រាណខ្លាំងពេលយប់នឹងធ្វើឱ្យរាងកាយបញ្ចេញកម្លាំងមិនឈប់ឈរនាំឱ្យពិបាកគេងលក់ ។ យើងអាចហាត់ប្រាណបញ្ខេញកម្លាំងស្រាលៗ ដូចជា ៖ ដើរឱ្យមានចលនាសរសៃ ។.jpg)
៥-ហាមឈ្លោះប្រកែក ៖ អារម្មណ៍ខឹងសម្បារដោយសារការឈ្លោះប្រកែកគ្នាពេលយប់មានឥទ្ធិពលដោយផ្ទាល់ដល់បេះដូង និងនាំឱ្យអរម៉ូនតានតឹងកើនឡើងរំខានការគេងពេលយប់ ។ បើមានរឿងសំខាន់ ត្រូវលើកមកជជែកគ្នាពេលណាសមស្រប ដើម្បីចៀសវាងផលប៉ះពាល់សុខភាព ។
៦-ហាមមើលទូរស័ព្ទបើកពន្លឺអេក្រង់ខ្លាំង ៖ ពន្លឺចេញពីអេក្រង់ទូរស័ព្ទដៃ ឬថេបប្លេតពេលយប់ នឹងពន្យារពេលការបញ្ចេញសារធាតុមេឡាតូនីន ជាលទ្ធផល យើងមិនងាយគេងលក់ទេ និងគុណភាពការគេងធ្លាក់ចុះ ។ ការគេងមិនគ្រប់គ្រាន់ពាក់ព័ន្ធនឹងសម្ពាធឈាមខ្ពស់ និងជំងឺបេះដូង ។.jpg)
សរុបមក បេះដូងត្រូវការពេលវេលាសម្រាក ដែលយើងត្រូវចៀសវាងឱ្យបាននូវទម្លាប់ណារំខានការគេង ឬអារម្មណ៍តានតឹងបន្ទាប់ពីម៉ោង៧យប់ ដើម្បីឱ្យរាងកាយសម្រាកបានគ្រប់គ្រាន់ ។ ការផ្លាស់ប្តូរទម្លាប់ទាំងនេះជាការថែទាំសុខភាពបេះដូងយូរអង្វែងយ៉ាងមានប្រសិទ្ធភាព ៕










