ដូចប្រិយមិត្តជ្រាបមកហើយថាបទ «ពូកែក្រលាស់» របស់តារាចម្រៀង រ៉ាប៊ី ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងដោយបទនេះបានផ្ទុះល្បីនៅលើបណ្តាញសង្គមទិកតុកទាក់ទាញមនុស្សរាប់លានចូលចិត្តនិងលេងបទនេះ។ ទោះជាយ៉ាងណា តារាចម្រៀងរូបនេះបានពោលទាំងហួសចិត្តដោយនាងអះអាងថាមានអ្នកចម្រៀងម្នាក់លួចចម្លងភ្លេងបទនេះ។
នៅយប់ថ្ងៃទី២១ ខែមីនា តារាចម្រៀង រ៉ាប៊ី បានបញ្ចេញប្រតិកម្មរបស់ខ្លួននៅលើបណ្តាញសង្គមថា «បើចង់ច្រៀង version ប្រុសណាស់សុំខ្ញុំទៅ ខ្ញុំសុំសិទ្ធិអ្នកធ្វើភ្លេងឱ្យ កុំcopy ធ្វើរាក់ៗចឹង ខូចបទខ្ញុំអស់ហើយ…(ឆ្ងាញ់ត្រង់អត់ដែលបានស្ដាប់បទក្រលាស់នឹងផង copy បែប high show ok u win)។ សំណេរនេះបានទាក់ទាញមតិយោបល់ជាច្រើនហើយអ្នកលេងអ៊ីនធឺណិតមួយចំនួនក៏ផ្ទុះចង្ងល់ចង់ដឹងថាតើនរណាដែល រ៉ាប៊ី ចង់សម្តៅ។

តាមរយៈសំណេរនេះអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិប្រតិកម្មដោយចោទប្រកាន់ថាអ្វីដែល រ៉ាប៊ី ចង់សម្តៅដល់គឺបទ «វង្វេងស្នេហ៍» របស់លោក លំ សុក្រិត ។ ពួកគេបានវែកញែកថាភ្លេងរបស់បទនេះមានភាពស្រដៀងគ្នាទៅនឹងបទ «ពូកែក្រលាស់» របស់ តារាចម្រៀង រ៉ាប៊ី។ ងាកទៅកាន់ផេកហ្វេកប៊ុក និងយូធូបវិញ អ្នកលេងអ៊ីនធឺណិតបានបញ្ចេញមតិរិះគន់តារាចម្រៀង លំ សុក្រិត យ៉ាងខ្លាំង។
.png)
គួរបញ្ជាក់ផងដែរថា អំឡុងពេលចេញបទចម្រៀង «ពូកែក្រលាស់» រ៉ាប៊ី ត្រូវរងនូវមតិប្រតិកម្មចម្រុះដោយសារតែយកយុវជនលេងស្ទាយ៍ក្រវីសក់មកសម្តែង។ ទោះជាយ៉ាងណា បទនេះបានក្លាយជាបទកំពុងពេញនិយមក្លាយជា Trend នៅលើបណ្តាញសង្គមទិកតុកមានអ្នកលេងជាច្រើនទាំងជនជាតិថៃ តារាថៃ វៀតណាម ឡាវ ….។ 
កាលពីថ្ងៃទី១១ ខែមីនា ត្រឹមតែរយៈពេល១ខែ រ៉ាប៊ី បានបង្ហាញថាបទនេះមានចំនួនការទស្សនារហូតដល់ ៨១លានដងដោយបូកបញ្ចូលបណ្តាញសង្គមនាងចំនួន៣ និងនៅលើយូធូប Cambodia news feed ។ តារាចម្រៀងរូបនេះក៏បានបង្ហាញថាបទនេះនឹងមាន Version 2 ផងដែរដែលថតរួមជាមួយនឹងបវរកញ្ញាកម្ពុជា៕










