រដ្ឋាភិបាលឥណ្ឌា ជាច្រើនឆ្នាំមកនេះបានជំរុញឱ្យពលរដ្ឋចម្អិនអាហារដោយហ្គាសជំនួសលាមកគោ និងអុស ដើម្បីកាត់បន្ថយការបំពុលបរិយាកាស ប៉ុន្តែដោយសារសង្គ្រា.មនៅមជ្ឈិមបូព៌ាអូសបន្លាយធ្វើឱ្យប្រទេសឥណ្ឌារងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិថាមពលពិភពលោក ។ ពេលនេះ ពលរដ្ឋឥណ្ឌាងាកមកចម្អិនអាហារដោយប្រើប្រាស់លាមកគោ អុស កាកសំណល់រុក្ខជាតិ និងប្រេងឥន្ធនៈកខ្វក់ឡើងវិញ រដ្ឋាភិបាលមិនអាចហាមឃាត់បានទេ ខណៈអ្នកជំនាញបារម្ភពីការចម្អិនអាហារបែបនេះប៉ះពាល់សុខភាព ។
សង្គ្រាមនៅមជ្ឈិមបូព៌ាធ្វើឱ្យប្រទេសនៅទូទាំងពិភពលោកប្រឈមនឹងវិបត្តិថាមពល រួមទាំងឥណ្ឌាផងដែរខ្វះខាតហ្គាសសម្រាប់ចម្អិនអាហារយ៉ាងខ្លាំង ពលរដ្ឋឥណ្ឌាក៏ងាកមកប្រើប្រាស់លាមកគោ អុស និងប្រេងឥន្ធនៈកខ្វក់ចម្អិនអាហារជំនួសហ្គាស ប៉ុន្តែអ្នកជំនាញព្រមានថា វាមិនផ្តល់ផលល្អសម្រាប់សុខភាព ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ។

ជម្លោះរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល ធ្វើប្រទេសឥណ្ឌាជួបវិបត្តិថាមពលដោយសារអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz ភ្លាមៗមិនឱ្យនាវាដឹកថាមពល និងប្រេងឥន្ធនៈឆ្លងកាត់ ខណៈច្រកសមុទ្រនេះជាផ្លូវដឹកជញ្ជូនដ៏សំខាន់របស់ពិភពលោក ហើយហ្គាស LNG និងហ្គាស LPG ភាគច្រើនបានឆ្លងកាត់ច្រកនេះទៅកាន់ឥណ្ឌា ។ ពលរដ្ឋឥណ្ឌាបានសម្រុកទិញលាមកគោ និងអុសមកចម្អិនអាហារជំនួសហ្គាស ខណៈអ្នកខ្លះទិញហ្គាសស្តុកទុក ដោយពួកគេបារម្ភពីការខ្វះខាតទំនិញ សំណូមពរឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យប្រើប្រាស់ប្រេងឥន្ធនៈកខ្វក់ផ្សេងទៀតសម្រាប់ចម្អិនអាហារ ។
រដ្ឋាភិបាលឥណ្ឌាបានដាក់ចេញនូវវិធានការបន្ទាន់ដោយអនុញ្ញាតឱ្យប្រើប្រាស់ប្រេងឥន្ធនៈកខ្វក់បន្ថែមទៀតសម្រាប់ពលរដ្ឋមានប្រាក់ចំណូលតិច ព្រមទាំងអនុញ្ញាតឱ្យភោជនីយដ្ឋាន និងសណ្ឋាគារអាចប្រើប្រាស់អុស ធ្យូង និងប្រេងឥន្ធនៈកខ្វក់សម្រាប់ចម្អិនអាហារបណ្តោះអាសន្នជំនួសហ្គាស ។ ទោះជាច្រើនឆ្នាំមកនេះ រដ្ឋាភិបាលឥណ្ឌាព្យាយាមជំរុញឱ្យពលរដ្ឋចម្អិនអាហារដោយហ្គាស LPG ជំនួសអុស និងលាមកគោ ប៉ុន្តែដោយសារប្រទេសឥណ្ឌាបាននាំចូលហ្គាស LPG រហូតដល់៦០% ទើបធ្វើឱ្យឥណ្ឌារងផលប៉ះពាល់ខ្លាំងពីវិបត្តិថាមពលពិភពលោក ។
អ្នកជំនាញបានព្រមានពីការចម្អិនអាហារតាមវិធីនេះផ្តល់ផលប៉ះពាល់សុខភាព និងថា ឥណ្ឌាដើរថយក្រោយត្រឡប់ទៅប្រើប្រាស់ប្រេងឥន្ធនៈកខ្វក់ រួមមាន ៖ ធ្យូងថ្ម ប្រេងកាត អុស កាកសំណល់រុក្ខជាតិ និងលាមកសត្វ បន្ទាប់ពីខ្វះខាតហ្គាស LPG នៅតំបន់ជាច្រើន ។ វាជាការបំពុលបរិយាកាសយ៉ាងឆាប់រហ័ស ដោយសារបញ្ចេញឧស្ម័នពុលជាច្រើនប្រភេទ និងបញ្ចេញកំទេចតូចៗជ្រាបចូលក្នុងសួត ឬឈាម បង្កជាជំងឺបេះដូង និងមានបញ្ហាផ្លូវដង្ហើម ។
អ្នកជំនាញបន្តថា នៅទីក្រុងនឹងផលប៉ះពាល់ខ្លាំងជាងតំបន់ជនបទ ហើយពលរដ្ឋទីក្រុងអាចងាកទៅចម្អិនអាហារដោយប្រើប្រាស់អគ្គិសនីកាន់តែច្រើន ស្របពេលប្រទេសកំពុងតែខ្វះខាតប្រេង រីឯពលរដ្ឋឥណ្ឌាមួយចំនួនទៀតចម្អិនអាហារដោយពន្លឺព្រះអាទិត្យដែលជួយកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ។ បើសង្គ្រាមនៅមជ្ឈិមបូព៌ាអូសបន្លាយពេលយូរ រដ្ឋាភិបាលឥណ្ឌាត្រូវតែជ្រើសរើស២ជម្រើស គឺតើគួរជ្រើសរើសការរក្សាថាមពល ឬសម្រេចគោលដៅកាត់បន្ថយការបំពុលបរិយាកាស ៕










