យោងតាមរបាយការណ៍ពីសារព័ត៌មានថៃ Thai Enquirer កាលពីថ្ងៃទី១៨ ខែមីនា បានឲ្យដឹងថា អាជ្ញាធរ និងយោធាថៃបានចុះវាស់វែងដីនៅតំបន់ភូមិណងចាន់ ខេត្តស្រះកែវ ឬភូមិជោគជ័យ ក្នុងខេត្តបន្ទាយមានជ័យ ដែលពួកគេបានព័ទ្ធបន្លាលួស និងទូរកង់តឺន័រ ដើម្បីត្រៀមចេញឯកសារកម្មសិទ្ធិកាន់កាប់ដីធ្លីឲ្យពលរដ្ឋរបស់ខ្លួនចំនួន ៣គ្រួសារ នៅលើផ្ទៃដីសរុបប្រមាណ ៧០រ៉ៃ ឬស្មើជាង ១១ហិកតា។

តាមប្រភពខាងលើ ប្រតិបត្តិការនេះធ្វើឡើងដោយអង្គភាពកងកម្លាំងពិសេសលេខ១២ នៃកងកម្លាំងបូព៌ាថៃ ដោយពួកគេបានដាក់កម្លាំងសន្តិសុខ មន្រ្តីព្រៃឈើ និងមន្រ្តីសូរិយោដី ចុះពិនិត្យក្បាលដីចំនួន ៣ ដើម្បីផ្ទៀងផ្ទាត់សិទ្ធិកម្មកាន់កាប់ និងឈានដល់ការចេញប្លង់ផ្លូវការ។ ទន្ទឹមនឹងផែនការវាស់វែងដីកាត់ចែកប្រជាជនខ្លួន ភាគីថៃថែមទាំងអះអាងថា ដីទាំង ៣ប្លង់នេះ គឺជាដីរបស់ថៃតាំងពីជំនាន់បុព្វបុរសទៀតផង។
.jpg)
ជុំវិញបញ្ហានេះ លោក ប៉ែន រិទ្ធី មេភូមិជោគជ័យ បានផ្ដល់ការអត្ថាធិប្បាយមកថា លោកបានដឹងព័ត៌មានអំពីថៃត្រៀមចែកប្លង់ដីដល់ពលរដ្ឋរបស់ខ្លួនតាមរយៈការផ្សាយរបស់ព័ត៌មានថៃប៉ុណ្ណោះ ព្រោះភូមិជោគជ័យពេលនេះ ត្រូវបានរាំងខ្ទប់ដោយបន្លាលួស និងទូរកង់តឺន័រ ដែលធ្វើឲ្យការចុះត្រួតពិនិត្យស្ថានការណ៍ជាក់ស្ដែងមិនអាចធ្វើទៅបាន។

ដោយឡែក ក្រសួងការបរទេសកម្ពុជាទើបតែបានចេញលិខិតជំទាស់សកម្មភាពរបស់ភាគីថៃ ដោយធ្វើការបញ្ជាក់ថា រាល់សកម្មភាពរបស់ថៃ ដែលធ្វើឡើងនៅក្នុងដែនដីរបស់កម្ពុជាគឺផ្ទុយពីកិច្ចព្រមព្រៀងទ្វេភាគី បំពានច្បាប់ និងផែនទីអន្តរជាតិ ដែលភាគីថៃខ្លួនឯងធ្លាប់បានទទួលស្គាល់។ 
កម្ពុជាបានទាមទារឲ្យថៃបន្តការងារវាស់វែង និងបោះបង្គោលព្រំដែនបណ្ដោះអាសន្ន តាមរយៈគណកម្មាធិការព្រំដែនចម្រុះ ក៏ប៉ុន្តែត្រូវបានថៃពន្យាពេលម្ដងហើយម្ដងទៀត តាំងពីខែធ្នូ ឆ្នាំ២០២៥ មកដល់បេលនេះ ហើយបន្តបង្កើនស្ថានភាពថ្មីលើដីជាក់ស្ដែងដែលខ្លួនបានដណ្ដើមកាន់កាប់ដោយប្រើកម្លាំងយោធា។
.jpg)
គួររម្លឹកថា ក្រោយការប្រកាសបទឈប់បាញ់កាលពីថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ កម្ពុជាបានចេញមុខតវ៉ាតាមកំណត់ទូតជាហូរហែ ហើយជាមួយគ្នានេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗ អំពីការបន្តកាន់កាប់ទឹកដីកម្ពុជាពីសំណាក់យោធាថៃដែរ។ ទោះបីកម្ពុជាប្រឆាំងយ៉ាងខ្លាំងក្លាតាមផ្លូវការទូតយ៉ាងណាក្តី ក៏ទីក្រុងបាងកកនៅបន្តបើកដៃឲ្យពួកយោធាថៃកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងថែមទាំងបានអនុញ្ញាតឲ្យអាជ្ញាធរ និងពលរដ្ឋខ្លួនរួមគ្នាសាងសង់ហេដ្ឋារចនាសម្ព័ន្ធរឹងមាំលើទឹកដីកម្ពុជាផងដែរ៕










