អ៊ិន លក្ខិណា និងបងស្រី អ៊ិន ម៉ូលីកា បានធ្វើឱ្យទស្សនិកជនរួមទាំងភ្ញៀវជាតិនិងអន្តរជាតិចាប់អារម្មណ៍ម្តងទៀតបន្ទាប់ពីអ្នកទាំងពីរបានតុបតែងខ្លួនជា អប្សរាមាស អប្សរាប្រាក់ បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ «សមរាត្រីអង្គរ»។

ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្តឬហៅថា «សមរាត្រីអង្គរ» ដែលកើតឡើងចំនួន២ដងក្នុង១ឆ្នាំ (មីនា និង កញ្ញា) បានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនមកគយគន់ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ ស្របពេលព្រឹត្តិការណ៍ «សមរាត្រីអង្គរ» ក្នុងខែមីនា ដែលមានចាប់ពីថ្ងៃទី ២១-២៣ បវរកញ្ញាពីររូបគឺ អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 និង អ៊ិន ម៉ូលីកា លំដាប់រងទី១ The Amazing Star បានបង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើលចូលរួមក្នុងព្រឹត្តិការណ៍នេះដោយប្រមូលផ្តុំមនុស្សយ៉ាងច្រើនកុះករ។
ក្នុងការតុបតែងខ្លួនជា «អប្សរាមាស អប្សរាប្រាក់» ពីបងប្អូនត្រកូល អ៊ិន ពិតជាលះបង់យ៉ាងខ្លាំងសម្រាប់ការតុបតែងបែបនេះដើម្បីឱ្យទាត់ពេលវេលាមើលថ្ងៃរះ ស្របនឹង «ព្រឹត្តិការណ៍សមរាត្រី និងទេពអប្សរនៃអង្គរ»។ សកម្មភាព អ៊ិន លក្ខិណា ជា អប្សរាមាស និង អ៊ិន ម៉ូលីកា ជាអប្សរាប្រាក់ ក៏បានទាក់ចិត្តទាក់បេះដូងភ្ញៀវទេសចរយ៉ាងខ្លាំងផងដែរដែលស្តែងឱ្យឃើញពីអប្សរាមានជីវិត មិនមែនមាននៅលើផ្ទាំងសិលា។

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី២ សម្រាប់ អ៊ិន លក្ខិណា និង អ៊ិន ម៉ូលីកា ក្នុងការតុបតែងខ្លួនជា«អប្សរាមាស អប្សរាប្រាក់» បន្ទាប់ពីលើកទី១បានតុបតែងខ្លួនបែបនេះចូលរួមកម្មវិធី«ខ្លឹមនៃព្រះនគរ»របស់ ជី ដេវីត និង ទេព បូព្រឹក្ស៕










