ជារឿយៗអ្នកគាំទ្រមួយចំនួនប្រាកដជាដឹងហើយថា Influencer ហេង វិសាល ឧស្សាហ៍ ចូលរួមវិបស្សនាដើម្បីរក្សាលំនឹងផ្លូវចិត្តឱ្យកាន់តែស្ងប់ស្ងាត់ទម្លាក់ចុះអស់សម្ពាធ។ ជាមួយនឹងបទពិសោធន៍របស់ខ្លួនដែលចូលរួមវិបស្សនាជាច្រើនដងនិងទទួលបានផលលោកបានជំរុញចិត្តឱ្យអ្នកដទៃទៅចូលរួមវិបស្សនាធ្វើយ៉ាងណាសាកឱ្យបានម្តង។

នៅថ្ងៃទី១៩ ខែមីនា លោក ហេង វិសាល បានបង្ហោះរូបប៉ុន្មានសន្លឹកក្នុងអំឡុងពេលទៅវិបស្សនានៅឯខេត្តបាត់ដំបង។ Influencer ល្បីឈ្មោះរូបនេះបានរៀបរាប់ថា «រយៈពេល៨ថ្ងៃ ៧យប់នេះតើខ្ញុំទទួលបានអ្វីខ្លះពីការចូលរួមវគ្គ វិបស្សនាញាណជាមួយនឹងព្រះអង្គវណ្ណ សុភាព? អ្វីដែលខ្ញុំទទួលបានគឺមានច្រើន ប៉ុន្តែអ្វីដែលធ្វើឱ្យអស្ចារ្យគឺការទំលាក់ចុះ ការធ្វើឱ្យចិត្តនៅជាកណ្តាល មានផ្ទះធំក៏ព្រម មានផ្ទះតូចក៏ព្រម រកបានលុយច្រើនក៏ព្រម រកមិនបានលុយក៏ព្រម បានហូបអាហារឆ្ងាញ់ក៏ព្រម បានហូបអាហារមិនឆ្ងាញ់ក៏ព្រម»។ 
ជាមួយគ្នានេះ ហេង វិសាល ក៏បានបកស្រាយពីចំណុចមួយដែលអ្នកមួយចំនួនយល់ច្រឡំនឹងការស្វែងយល់ធម៌រហូតបោះបង់ប្រពន្ធចោល។ លោកបានបញ្ជាក់ថា «ចិត្តដែលមានសេរីភាពក៏ចាប់ផ្តើមមាន ដែលធ្លាប់លឺគេនិយាយមកថាបើមកស្គាល់ និងរៀនធម៌ប្រយ័ត្នលះចោលប្រពន្ធ សម្រាប់គេខ្ញុំមិនដឹងទេ សម្រាប់ខ្ញុំកាន់តែរៀន កាន់តែស្គាល់ធម៌ ខ្ញុំកាន់តែឃើញសេចក្តីល្អ និងស្រឡាញ់ភរិយាដោយសេចក្តីមេត្តាកាន់តែខ្លាំងឡើង ធ្វើការដោយការគិតនិងភាពស្រួលខ្លួន ទំលាក់សំពាធបានច្រើន បងប្អូនសូមកុំទាន់ជឿខ្ញុំប៉ុន្តែបើអាចសូមឱ្យខ្លួនឯងបានមកសាកឱ្យបានម្តង សាកហើយមកវិញជួបជុំប្រពន្ធរកស៊ីធម្មតា អ្វីដែលខុសប្លែកគឺ រស់នៅដោយភាពរីករាយ និងសេរីភាពជាងមុន»។
គួរឱ្យដឹងថាមិនត្រឹមតែ Influencer ហេង វិសាល បានទៅចូលរួមវិបស្សនាប៉ុណ្ណោះទេកន្លងមកនេះ ជា ស្រីនា ក៏ធ្លាប់ទៅវិបស្សនាផងដែរ។ ប្តីប្រពន្ធមួយគូនេះក្រៅពីជោគជ័យលើការងារមានអាជីវកម្មផ្ទាល់ខ្លួនអ្នកទាំងពីរតែងតែមានចិត្តសប្បុរសធម៌បរិច្ចាគថវិកាទៅកាន់វត្តអារាម សាលារៀន កន្លែងខ្វះខាត ទាហានជួរមុខ ជនភៀសសឹកនិងកន្លែងជាច្រើនទៀត៕










