ជាច្រើនសប្តាហ៍មកហើយដែលនៅទូទាំងប្រទេសថៃខ្វះខាតប្រេងឥន្ធនៈយ៉ាងខ្លាំងសម្រាប់បំពេញតម្រូវការប្រើប្រាស់ ពលរដ្ឋថៃសម្រុកមកចាប់លេខរៀងរង់ចាំចាក់ប្រេងនៅតាមស្ថានីយ ខ្លះទៀតទិញប្រេងស្តុកទុករហូតដល់ស្ថានីយអស់ប្រេងពីស្តុក ដោយសារពលរដ្ឋបារម្ភផលប៉ះពាល់ពីសង្គ្រា.មនៅមជ្ឈិមបូព៌ា ។ ប្រធានសមាគមទេសចរណ៍ថៃបានបង្ហាញក្តីបារម្ភកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ប្រសិនបើនៅតែខ្វះខាតប្រេងបែបនេះ នឹងប៉ះពាល់វិស័យទេសចរណ៍មិនខាន ពីព្រោះភ្ញៀវទេសចរបរទេសត្រូវការជួលរថយន្ត ហើយពិបាករកស្ថានីយចាក់ប្រេង ។
លោក ធៀនប្រសីទ្ធ ឆៃយ៉ាផាត្រាណាន់ ប្រធានសមាគមទេសចរណ៍ប្រទេសថៃ កាលពីថ្ងៃទី១៩ ខែមីនា បាននិយាយពីផលប៉ះពាល់ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ាធ្វើឱ្យតម្លៃប្រេងលើពិភពលោកកើនឡើងខ្ពស់ រួមទាំងតម្លៃប្រេងនៅថៃផងដែរ ។ ទោះជារដ្ឋាភិបាលថៃប្រកាសថា មានប្រេងបម្រុងគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការប្រើប្រាស់ ប៉ុន្តែត្រូវតែទទួលស្គាល់ថា ពេលនេះ ស្ថានីយប្រេងនានាគ្មានប្រេងលក់ទេ ដែលបង្កភាពចលាចលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋយ៉ាងខ្លាំង ។.jpg)
ប្រសិនបើប្រទេសថៃនៅតែខ្វះខាតប្រេងបែបនេះ ទៅថ្ងៃមុខនឹងប៉ះពាល់ដល់វិស័យទេសចរណ៍ចៀសមិនផុត បច្ចុប្បន្ន ភ្ញៀវទេសចរបរទេសធ្វើដំណើរមកប្រទេសថៃចាប់ផ្តើមធ្លាក់ចុះជាបន្តបន្ទាប់ ។ ការធ្វើដំណើរប្រចាំថ្ងៃរបស់ពលរដ្ឋរងផលប៉ះពាល់ទាំងអស់ ហើយសេវាកម្មទេសចរណ៍នានាមិនអាចគេចផុតពីផលប៉ះពាល់ទេ ។.jpg)
ប្រធានសមាគមទេសចរណ៍បន្តថា ខ្លួនលោកបានបើករថយន្តទៅចាក់ប្រេងម៉ាស៊ូតនៅស្ថានីយប្រេងមួយកន្លែង ប៉ុន្តែស្ថានីយប្រេងអស់ប្រេងពីស្តុក លោកក៏បើករថយន្តទៅចាក់ប្រេងនៅស្ថានីយចាប់ពី៤ ទៅ៥ស្ថានីយទៀត ក៏គ្មានប្រេងចាក់ដែរ ។ ហេតុនេះ លោកបារម្ភពីភ្ញៀវទេសចរមកលេងប្រទេសថៃ បើពួកគេជួលរថយន្តជិះ ប៉ុន្តែគ្មានប្រេងឥន្ធនៈសម្រាប់ចាក់រថយន្ត តើនឹងប៉ះពាល់ដល់មុខមាត់ប្រទេសថៃកម្រិតណា?.jpg)
វានឹងប៉ះពាល់ដល់ភ្ញៀវទេសចរបរទេស រួមទាំងអ្នកប្រកបមុខរបរសេវាកម្មទេសចរណ៍ ដោយសារពិបាករកស្ថានីយចាក់ប្រេង និងចំណាយពេលវេលាច្រើនក្នុងការបើករថយន្តទៅរកស្ថានីយ ។ ស្ថានីយមានប្រេងមិនគ្រប់គ្រាន់នាពេលនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ជាពិសេស នៅទីក្រុងបាងកក ដែលថៃចាត់ទុកជាទីក្រុងសំខាន់ ។.jpg)
ចំណែកវិស័យឯកជនដែលធ្វើការងារក្នុងវិស័យទេសចរណ៍បានស្នើឱ្យរដ្ឋាភិបាលថៃកំណត់វិធានការផ្សេងៗទប់ទល់នឹងវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា ដើម្បីទាក់ទាញទេសចរណ៍ទាំងក្នុងប្រទេស និងក្រៅប្រទេស ទើបអាចជួយស្រោចស្រង់វិស័យទេសចរណ៍ឱ្យឆ្លងផុតស្ថានការណ៍ដ៏លំបាកនេះ ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ និងកីឡាថៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ភ្ញៀវទេសចរមកពីតំបន់មជ្ឈិមបូព៌ា និងអឺរ៉ុប ដែលធ្វើដំណើរមកប្រទេសថៃបានធ្លាក់ចុះ១២% ដោយសារជើងយន្តហោះមានបញ្ហា ហើយភ្ញៀវទេសចរធ្លាក់ចុះខ្លាំងជាងគេ រួមមាន ៖ ភ្ញៀវទេសចរអាល្លឺម៉ង់ រុស្ស៊ី និងអ៊ីស្រាអែល ៕










