ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានបង្ហាញរបាយការណ៍កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ថា មហាអំណាចចិននឹងមិនប្រើប្រាស់កម្លាំងកងទ័ពវា.យសង្គ្រុបតៃវ៉ាន់នៅឆ្នាំ២០២៧ ទេ ក៏ប៉ុន្តែមហាអំណាចចិនអាចអនុវត្តវិធីផ្សេងដើម្បីគ្រប់គ្រងតៃវ៉ាន់ ។ ក្រៅពីនេះ ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានលើកឡើងពីរដ្ឋាភិបាលអាមេរិកអនុវត្តគោលនយោបាយ២ផ្សេងគ្នា គឺបង្កើនទំនាក់ទំនងជាមួយចិនផង និងលក់សព្វាវុ.ធឱ្យតៃវ៉ាន់ផង ។.jpg)
តាមការចុះផ្សាយរបស់សារព័ត៌មាន Reuters កាលពីថ្ងៃទី១៨ ខែមីនា ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានចេញរបាយការណ៍ប្រចាំឆ្នាំបញ្ជាក់យ៉ាងច្បាស់ថា ចិនគ្មានគម្រោងវាយយកតៃវ៉ាន់នៅឆ្នាំ២០២៧ទេ ប៉ុន្តែចិននឹងផ្តោតលើការបង្រួបបង្រួមជាតិតាមវិធីផ្សេងដោយមិនប្រើប្រាស់កម្លាំងកងទ័ព ។ រីឯរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Donald Trump អនុវត្តគោលនយោបាយ២ផ្សេងគ្នា គឺបង្កើនទំនាក់ទំនងជាមួយប្រធានាធិបតីចិន លោក Xi Jinping ដើម្បីកាត់បន្ថយភាពតានតឹង និងលក់សព្វាវុធយ៉ាងច្រើនឱ្យតៃវ៉ាន់ ។
របាយការណ៍ប្រចាំឆ្នាំរបស់ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកស្តីពី «ស្ថានការណ៍គំរាមកំហែងពិភពលោក» ឱ្យដឹងថា ទោះជាចិនធ្វើសមយុទ្ធកងទ័ពជុំវិញកោះតៃវ៉ាន់ជាបន្តបន្ទាប់ ប៉ុន្តែពេលនេះ មេដឹកនាំចិនគ្មានគម្រោងប្រើប្រាស់កម្លាំងកងទ័ពវាយយកតៃវ៉ាន់នៅឆ្នាំ២០២៧ ទេ ដែលជាពេលវេលាគម្រប់ខួប១០០ឆ្នាំនៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ។ ប៉ុន្តែចិននៅតែព្យាយាមបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ដោយសន្តិវិធី ហើយចិនមិនទាន់កំណត់ពេលវេលាជាក់លាក់ដើម្បីសម្រេចគោលដៅនេះឡើយ ទោះជាកងទ័ពចិនពង្រឹងសមត្ថភាពក្តី ។.jpg)
ចំណែកលោកប្រធានាធិបតី Trump មិនបានផ្តោតសំខាន់លើហានិភ័យនៅច្រកសមុទ្រតៃវ៉ាន់ទេ ក្រោមហេតុផលមានទំនាក់ទំនងល្អជាមួយប្រធានាធិបតីចិន ហើយលោកថា លោក Xi គ្មានផែនការវាយយកតៃវ៉ាន់ក្នុងអំឡុងពេលកាន់តំណែងទេ ។ កាលពីខែធ្នូ ឆ្នាំ២០២៥ រដ្ឋាភិបាលអាមេរិកទើបតែអនុម័តលក់សព្វាវុធយ៉ាងច្រើនឱ្យតៃវ៉ាន់ ស្មើទឹកប្រាក់រហូតដល់១ម៉ឺន ១ពាន់លានដុល្លារ ដែលធ្វើឱ្យរដ្ឋាភិបាលចិនមិនពេញចិត្តយ៉ាងខ្លាំង ។
.jpg)
ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកជឿជាក់ថា ចិននឹងបន្តដាក់សម្ពាធតៃវ៉ាន់តាមវិធីជាច្រើន ហើយចិននឹងដាក់សម្ពាធកាន់តែខ្លាំងនៅឆ្នាំ២០២៦ ព្រមទាំងប្រឆាំងជប៉ុន និងប្រទេសផ្សេងៗដែលជួយអន្តរាគមន៍រឿងតៃវ៉ាន់ ។ បើតាមការិយាល័យតំណាងតៃវ៉ាន់នៅទីក្រុងវ៉ាស៊ីនតោន គឺតៃវ៉ាន់នឹងបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយសារចិនមិនបានបដិសេធការប្រើប្រាស់កម្លាំងទ័ពវាយតៃវ៉ាន់ ដែលនេះជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពក្នុងតំបន់ ។
ដោយឡែក ជប៉ុនព្រួយបារម្ភពីលោកប្រធានាធិបតី Trump អាចសម្របសម្រួលបញ្ហាតៃវ៉ាន់ដើម្បីឱ្យចិនយល់ព្រមធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក ដោយមន្ត្រីជប៉ុនមួយចំនួនថា គោលជំហររបស់លោក Trump នឹងជំរុញឱ្យចិនកាន់តែខ្លាំងថែមទៀត ។
ក្រៅពីនេះ ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានលើកឡើងពីភាពតានតឹងរវាងអាមេរិក និងជប៉ុនផងដែរ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi និយាយកន្លងមកថា អាចបញ្ជូនកងទ័ពទៅជួយការពារតៃវ៉ាន់ បើរងការវាយប្រហារពីចិន ។ លោក Trump បានដាស់តឿននាយករដ្ឋមន្ត្រីជប៉ុន កុំធ្វើឱ្យជម្លោះការទូតជាមួយចិនរាលដាល ហើយចាត់ទុកពាក្យសម្តីនាយករដ្ឋមន្ត្រីជប៉ុន គឺជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់ ដែលធ្វើឱ្យជប៉ុនមិនសប្បាយចិត្ត មុនពេលនាយករដ្ឋមន្ត្រីជប៉ុនធ្វើដំណើរទស្សនកិច្ចនៅអាមេរិក ៕










