ចង់ឱ្យវិស័យបវរកញ្ញាខ្មែរឆ្ពោះទៅមុខដូចជាប្រទេសដទៃទៀតប៉ុន្តែទង្វើរបស់បវរកញ្ញាមួយចំនួនធ្វើឱ្យអាប់ឱនវិស័យនេះជាមិនខានពីព្រោះតែការមិនគោរពសម្តី ដូច្នេះវាពិបាកនឹងរីកចម្រើនណាស់។ ការលាតត្រដាងរបស់លោក ឆយ អ្នកគ្រប់គ្រងបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានបញ្ជាក់ថា Queen ដែលធ្លាប់តំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិបញ្ចេញអត្តចរិតមិនឱ្យតម្លៃក្រុមការងារឡើយ។

នៅព្រឹកថ្ងៃទី១៩ ខែមីនា លោក ឆយ បានបង្ហោះវីដេអូមួយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «គុណភាព Queen តំណាងជាតិ មិនមែន១ មិនមែន២! អនិច្ចា វិស័យបវរកញ្ញាស្រុកខ្មែរ…»។ តាមរយៈវីដេអូនេះលោក ឆយ បាននិយាយថាយើងថតចប់តាំងពីម៉ោង៥កន្លះហើយមាន Queen នៅតាមផ្លូវហើយបានណាត់ក្រុមការងារឱ្យចាំនាងនៅម៉ោង១១យប់ទើបមកដល់។ អ្នកគ្រប់គ្រងកម្មវីធី Miss Universe Cambodia 2025 រូបនេះបន្តទៀតថានៅពេលជិតដល់ម៉ោង១១យប់ លោកបានបញ្ជាក់ទៅបវរកញ្ញារូបនោះម្តងទៀតប៉ុន្តែទទួលបានចម្លើយនាងមិនមកវិញដោយសារតែយប់ពេក។

ក្រោយពីទទួលបានចម្លើយនេះរួចលោក ឆយ បានសម្រេចចិត្តថានឹងមិនមានការថតបញ្ជូល Queen ទៀតនោះទេដោយការថតបញ្ចប់ត្រឹមនេះខណៈក្រុមការងារបានចាំបវរកញ្ញារូបនោះតាំងពីម៉ោង៥កន្លះ។ លោក ឆយ បានសង្កត់ធ្ងន់ថានេះគឺជាចរិតមួយ គុណភាពមួយរបស់ Queen ដែលធ្លាប់ទៅប្រកួតប្រជែងនៅអន្តរជាតិប៉ុន្តែគុណភាពបានត្រឹមតែប៉ុណ្ណឹង។
ការលាតត្រដាងរបស់លោក ឆយ ពីអត្តចរិតរបស់បវរកញ្ញាមួយចំនួននេះបានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាមានការហួសចិត្តជាខ្លាំងនិងចង់ដឹងថាតើ Queen ម្នាក់នោះជានរណាដែលមិនផ្តល់តម្លៃក្រុមការងារអីបន្តិច ឱ្យក្រុមការងាររង់ចាំយ៉ាងយូរប៉ុន្តែចុងក្រោយបែរក្រឡាស់សម្តីមិនបានមកចូលរួមទៅវិញ៕










