ថ្មីៗនេះតារាសម្តែងជើងចាស់លោក ទេព រិនដារ៉ូ បានធ្វើឱ្យវិស័យភាពយន្តរំជួលចិត្តនិងពេញចិត្តចំពោះខ្សែភាពយន្តខ្មែរមានចំណងជើងថា «ចាស់កំព្រា» ដែលបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ។ ស្របពេលភាពយន្តនេះកំពុងទទួលបានការចាប់អារម្មណ៍លោក ទេព រិនដារ៉ូ ក៏បានលេចមុខក្នុងកិច្ចសម្ភាសន៍របស់ ខេ ខណៈលោកបានទម្លាយការពិតមួយដែលអ្នកមួយចំនួនអាចនឹងចង់ដឹង។
.png)
នៅក្នុងកិច្ចសម្ភាសន៍លោក ទេព រិនដារ៉ូ បានឆ្លើយតបនឹងសំណួររបស់ខេថា មូលហេតុដែលលោកឧស្សាហ៍ថតរូបដោះអាវបង្ហោះនៅលើបណ្តាញសង្គមដោយសារតែការបង្ហោះបែបនេះទាក់ទាញទស្សនិកជនឱ្យចុច Like បានច្រើន។ តារាសម្តែងជើងចាស់ដ៏មានប្រជាប្រិយភាពរូបនេះបន្តទៀតថានៅពេលពាក់អាវត្រឹមត្រូវនៅពេលបង្ហោះទៅមិនសូវមានអ្នកមើលនោះទេ។ លោកក៏បានបន្ថែមដែរថា មិនមែនលោកចូលចិត្តមើលរូបខ្លួនឯងដោះអាវនោះទេប៉ុន្តែការធ្វើបែបនេះគឺដើម្បីផ្គាប់ចិត្តរបស់អ្នកទស្សនា។

ចំពោះការសម្តែងវិញលោក ទេព រិនដារ៉ូ បានបញ្ជាក់ថាលោកចូលចិត្តកុនតាំងពីវ័យក្មេងហើយចំពោះអាយដលនៅក្នុងដួងចិត្តវិញគឺមានដូចជាអ្នកស្រី ឌី សាវ៉េត លោក គង់ សំអឿន និងសិល្បករ សិល្បការិនី ជាច្រើនរូប។ ចំពោះតារាសម្តែងស្រករក្រោយដែលលោក ទេព រិនដារ៉ូ មានការពេញចិត្តចំពោះការសម្តែងនោះគឺ ប្រុសខួច។
លោក ទេព រិនដារ៉ូ បានបញ្ជាក់ថាការសម្តែងរបស់ ប្រុសខួច គឺមានភាពស៊ីសង្វាក់គ្នា ដាក់អារម្មណ៍ជាមួយគ្នាសម្តែងបានល្អ។ ក្រៅពីប្រុសខួច សិល្បករជំនាន់ក្រោយដែលលោកលើកយកមកនិយាយផ្សេងទៀតមានដូចជា ខាត់ វៃហាំង សេង មង្គល ជាដើម។ ចំពោះសិល្បការិនីវិញលោក ទេព រិនដារ៉ូ បានលើកយកឈ្មោះ ជេស៊ីកា។
គួរបញ្ជាក់ផងដែរថា ក្រៅពីការងារសិល្បៈទាក់ទិននឹងជីវិតឯកជនពេលនេះលោក ទេព រិនដារ៉ូ ពុំមានភរិយានោះទេ ប៉ុន្តែលោកគឺមានគូស្នេហ៍នៅឯក្រៅប្រទេស៕










