ពីបទមនោសញ្ចេតនា យូរី បានសាងភាពល្បីល្បាញក្នុងអាជីពសិល្បៈក្រោយពីជោគជ័យបទ «ចាក់ទឹកដូង» សម្រាប់រដូវកាលបុណ្យចូលឆ្នាំខ្មែរ។ ក្រោយៗមកទៀតតារាចម្រៀងរូបនេះមានបទចម្រៀងសម្រាប់រាំលេងកម្សាន្តជាច្រើនសូម្បីតែក្នុងឆ្នាំ២០២៦ យូរី បានទម្លាក់បទថ្មីប្លែកពីតារាចម្រៀងផ្សេងៗ។
ថ្មីៗនេះ យូរី បានបញ្ចេញវីដេអូខ្លីនៃបទចម្រៀង «ដំរីយោលជើង» ជាមួយនឹងចង្វាក់និងក្បាច់រាំដ៏គួរឱ្យចាប់អារម្មណ៍បើទោះបីជាមិនទាន់ចេញបទចម្រៀងពេញក្តី។ មិនត្រឹមតែប៉ុណ្ណោះបទចម្រៀងនេះក៏បញ្ជូលសំឡេងរបស់សត្វដំរីផងដែរ។ គំនិតច្នៃប្រឌិតសម្រាប់ ការរាំសប្បាយៗអបអរពិធីបុណ្យចូលឆ្នាំខ្មែររបស់ យូរី បានធ្វើឱ្យអ្នកគាំទ្ររបស់នាងចូលមកបញ្ចេញមតិយោបល់ថា យូរី ប្លែករហូតនិងចំអន់បែបលេងសើចថា «ឆ្នាំមុនជិះសេះ ឆ្នាំនេះជិះដំរី ឆ្នាំក្រោយជិះក្របី»។
.png)
កាលពីខែមេសា ឆ្នាំ២០២៥ តារាចម្រៀង សេន យូរី បានទម្លាក់បទ ដូចជា «ទាស្រវឹង, ជិះសេះ និង ចូកចែវ» ជាដើម។ ក្រៅពីចម្រៀង ទស្សនិកជនបានចាប់អារម្មណ៍ថា តារាចម្រៀងរូបនេះបានដឹកនាំក្រុមការងារចាប់ប្លង់ឱ្យបានល្អដើម្បីរូបភាពក្នុងបទចម្រៀងចេញមកស្អាត។.png)
ប្រឡូកនៅក្នុងអាជីពសិល្បៈជាច្រើនឆ្នាំ តារាចម្រៀង យូរី បានសាងភាពល្បីល្បាញតាមរយៈបទចម្រៀងល្បីៗជាច្រើនគួរឱ្យកត់សម្គាល់ជាពិសេសបទញាក់។ បទល្បីៗរបស់ យូរី ដែលទស្សនិកជនស្តាប់មិនសាបមានដូចជា «ចាក់ទឹកដូង» «រាំទយ» «នំបុ័ងប៉ាតតេ» «ខ្យល់កំដរទឹកភ្នែក» «រាំតោង» ជាដើម៕










