នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ កងទ័ពថៃបានសម្រេចកាត់បន្ថយកម្លាំងកងទ័ពឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយសារគ្មានសញ្ញាជម្លោះណាមួយគួរឱ្យព្រួយបារម្ភដូចការលើកឡើងរបស់ពលរដ្ឋថៃមួយចំនួននោះទេ ។ កងទ័ពថៃថា ខ្លួនប្រកាន់គោលជំហរដោះស្រាយបញ្ហាតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ដូចជា ៖ កិច្ចប្រជុំ JBC រវាងកម្ពុជា-ថៃ និងអនុវត្តតាមគោលការណ៍ដែលចែងក្នុងកិច្ចប្រជុំ GBC កន្លងមក ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Matichon Online នៅថ្ងៃទី១០ ខែមីនា អ្នកនាំពាក្យកងទ័ពជើងគោកថៃបានជូនដំណឹងពីការសម្រេចចិត្តកែសម្រួលកម្លាំងកងទ័ពថៃនៅតាមបណ្តោយព្រំដែនជាប់ប្រទេសកម្ពុជា ដោយអ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ថា ការកែសម្រួលកម្លាំងកងទ័ពធ្វើឡើងស្របតាមស្ថានការណ៍បច្ចុប្បន្ន ដោយសារគ្មានសញ្ញាជម្លោះកើតឡើង ។ ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃពេលនេះមិនគួរឱ្យបារម្ភឡើយ ប៉ុន្តែកងទ័ពថៃនៅតែតាមដានស្ថានការណ៍ជានិច្ច ។
អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោក វីនឆ័យ សុវ៉ារី បាននិយាយពីពលរដ្ឋថៃមួយចំនួនបង្ហាញក្តីបារម្ភអំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា គ្មានអ្វីកើតឡើងខុសប្រក្រតីទេ កងទ័ពជើងគោកថៃបានតាមដានស្ថានការណ៍យ៉ាងដិតដល់ បើតាមការវាយតម្លៃស្ថានការណ៍បច្ចុប្បន្ន គឺគ្មានសញ្ញាជម្លោះកើតឡើង ។
ចំណែកពលរដ្ឋមួយចំនួនបារម្ភថា កម្ពុជានឹងទាមទារទឹកដីរបស់ខ្លួនត្រឡប់ទៅវិញនោះ លោក វីនឆ័យ និយាយថា ប្រសិនបើកម្ពុជាទាមទារទឹកដីត្រឡប់ទៅវិញមែន គឺកម្ពុជានឹងប្រើប្រាស់វិធីការទូត ឬប្រើប្រាស់យន្តការទ្វេភាគី ។ រីឯការធ្វើសកម្មភាពរបស់កងទ័ពកម្ពុជានៅតំបន់ព្រំដែនគ្មានទេ ខណៈថៃប្រកាន់គោលជំហរដោះស្រាយបញ្ហាតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ដូចជា ៖ កិច្ចប្រជុំ JBC រវាងកម្ពុជា-ថៃ និងអនុវត្តតាមគោលការណ៍ដែលចែងក្នុងកិច្ចប្រជុំ GBC កន្លងមក រហូតដល់ប្រទេសទាំងពីរពិភាក្សាគ្នាពីយន្តការពាក់ព័ន្ធនាថ្ងៃអនាគត ។
ការកាត់បន្ថយកម្លាំងកងទ័ពថៃនៅតាមបណ្តោយព្រំដែនជាប់កម្ពុជា គឺជាការកែសម្រួលកម្លាំងស្របតាមស្ថានការណ៍ជាក់ស្តែង និងជាប្រតិបត្តិការរបស់អង្គភាពកងទ័ព ដើម្បីឱ្យកងទ័ពមួយចំនួនអាចវិលត្រឡប់ទៅបំពេញភារកិច្ចធម្មតារបស់ខ្លួន ។ រីឯនៅព្រំដែនកម្ពុជា-ថៃ នៅតែមានការពង្រាយកម្លាំងកងទ័ពថៃដើម្បីត្រួតពិនិត្យស្ថានការណ៍ជាបន្តបន្ទាប់ ។
យោងតាមប្រភពព័ត៌មាន គឺគ្មានការបង្កសកម្មភាពណាមួយរបស់កងទ័ពកម្ពុជានៅតំបន់ព្រំដែនឈានទៅដល់ការប៉ះទង្គិចគ្នាជាលើកទី៣ ដូចពលរដ្ឋថៃមួយចំនួនប៉ាន់ស្មានទេ ។ ស្ថានការណ៍ព្រំដែនប្រទេសទាំងពីរនាពេលនេះមិនគួរឱ្យបារម្ភឡើយ ទោះយ៉ាងណា មេបញ្ជាការកងទ័ពថៃបានបញ្ជាឱ្យកងទ័ពគ្រប់អង្គភាពកុំឱ្យប្រមាថ ៕










