ស្ថានភាពនៅទីក្រុងតេហេរ៉ង់របស់អ៊ីរ៉ង់ពេលនេះកាន់តែធ្ងន់ធ្ងរខ្លាំងហើយ ពីព្រោះមិនត្រឹមតែក្លាយជាតំបន់សមរភូមិដ៏ក្តៅគគុកប៉ុណ្ណោះទេ គឺពលរដ្ឋក្នុងទីក្រុងប្រឈមនឹងផលប៉ះពាល់សុខភាពធ្ងន់ធ្ងរដោយសារបរិយាកាសគ្របដណ្តប់ដោយសារធាតុគីមីពុល ដែលបណ្តាលមកពីកងទ័ពអាមេរិក និងអ៊ីស្រាអែលវាយប្រ.ហារលើឃ្លាំងស្តុកប្រេងជាច្រើនកន្លែង ។ អ៊ីរ៉ង់ប្រកាសឱ្យពលរដ្ឋពាស់ម៉ាស់ កុំចេញក្រៅផ្ទះ ពីព្រោះទឹកភ្លៀងពណ៌ខ្មៅដូចប្រេងម៉ាស៊ីនលាយឡំសារធាតុគីមីបណ្តាលឱ្យខូចផ្លូវដង្ហើម និងសួត ។

ហេតុការណ៍ផ្ទុះឃ្លាំងស្តុកប្រេងឥន្ធនៈយ៉ាងហោចណាស់៤កន្លែងនៅទីក្រុងតេហេរ៉ង់ ដែលបណ្តាលមកពីការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល បានធ្វើឱ្យឃ្លាំងទាំងនេះបញ្ចេញសារធាតុគីមីពុលយ៉ាងច្រើនទៅលើបរិយាកាស ។ អាជ្ញាធរអ៊ីរ៉ង់ព្រមានថា ប្រសិនបើមានភ្លៀងធ្លាក់ សារធាតុគីមីពុលទាំងនេះនឹងធ្វើឱ្យទឹកភ្លៀងពណ៌ខ្មៅដូចប្រេងម៉ាស៊ីនលាយឡំជាមួយអាស៊ីតយ៉ាងច្រើនដែលបង្កគ្រោះថ្នា.ក់ដល់សុខភាពពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ជាពិសេស ផ្លូវដង្ហើម និងសួត ។
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ អាមេរិក និងអ៊ីស្រាអែលបានវាយប្រហារលើឃ្លាំងស្តុកប្រេងអ៊ីរ៉ង់ចំនួន៤កន្លែងនៅទីក្រុងតេហេរ៉ង់ និងនៅតំបន់ក្បែរគ្នា បណ្តាលឱ្យបញ្ចេញសារធាតុអ៊ីដ្រូកាបូនពុល ស្ពាន់ធ័រ និងអាស៊ីតអាសូតក្នុងបរិមាណយ៉ាងច្រើនមហាសាលទៅលើបរិយាកាស ។ បើមានភ្លៀងធ្លាក់នឹងប៉ះពាល់សុខភាពពលរដ្ឋអ៊ីរ៉ង់យ៉ាងខ្លាំង ដោយសារទឹកភ្លៀងពណ៌ខ្មៅលាយឡំជាមួយអាស៊ីតខ្ពស់បណ្តាលឱ្យមានដំបៅលើស្បែក និងបំផ្លាញសួត ។.jpg)
ការិយាល័យបរិស្ថានអ៊ីរ៉ង់បានប្រកាសទៅកាន់ពលរដ្ឋហាមចេញពីផ្ទះ ដើម្បីកុំឱ្យត្រូវទឹកភ្លៀងប៉ះពាល់សុខភាព ជាពិសេស ប្រព័ន្ធផ្លូវដង្ហើម, ហាមប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងពាក់ម៉ាស់ជានិច្ច ព្រមទាំងហាមឈរនៅទីវាល បើត្រូវទឹកភ្លៀង ហាមជូតសម្អាតដាច់ខាត ត្រូវប្រញាប់លាងដោយទឹកត្រជាក់ និងផ្លាស់ប្តូរសម្លៀកបំពាក់ ។
.jpg)
ពលរដ្ឋទីក្រុងតេហេរ៉ង់បានធុំក្លិនឈ្ងៀមគ្រប់ទីកន្លែង ខណៈទីក្រុងទាំងមូលគ្របដណ្តប់ដោយពពកខ្មៅងងឹត បើទោះជាមិនមែនជាពេលយប់ក៏ដោយ ។ ភ្លៀងធ្លាក់នៅទីកន្លែងខ្លះ គឺដំណក់ទឹកភ្លៀងធ្លាក់ពីពពកខ្មៅមានសភាពដូចប្រេងម៉ាស៊ីន បន្ទាប់ពីផ្ទុះឃ្លាំងស្តុកប្រេងជាច្រើនកន្លែង ។ ពួកគេថា ស្ថានភាពទីក្រុងទាំងមូលដូចគ្នានឹងថ្ងៃអវសានពិភពលោក មេឃងងឹតឈឹងពោរពេញដោយផ្សែងខ្មៅ ពិបាកដកដង្ហើម ។
.jpg)
នាយកប្រតិបត្តិក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈអ៊ីរ៉ង់ លោក ខេរ៉ាម៉ាត់ វ៉េសាការ៉ាមី និយាយថា ឃ្លាំងស្តុកប្រេង៤កន្លែង និងមជ្ឈមណ្ឌលដឹកជ្ជូនប្រេង១កន្លែងនៅទីក្រុងតេហេរ៉ង់ និងខេត្ត Alborz នៅភាគខាងជើងប្រទេស បានរងការវាយប្រហារដោយយន្តហោះចម្បាំងរបស់កងទ័ពអាមេរិក និងអ៊ីស្រាអែល ដែលបណ្តាលឱ្យមនុស្សស្លាប់៤នាក់ និងខូចខាតប្រព័ន្ធចែកចាយប្រេងទាំងអស់ ខណៈអភិបាលក្រុងតេហេរ៉ង់ លោក Sadegh Motamedian ថា ប្រព័ន្ធចែកចាយប្រេងក្នុងទីក្រុងត្រូវបានផ្អាកដំណើរការភ្លាមៗដោយសារការខូចខាតបណ្តាញផ្គត់ផ្គង់ប្រេង ។
ទីក្រុងតេហេរ៉ង់កំពុងប្រឈមនឹងផលប៉ះពាល់សុខភាពពលរដ្ឋយ៉ាងធ្ងន់ធ្ងរដោយសារបរិយាកាសគ្របដណ្តប់ដោយសារធាតុគីមីពុល និងមានសំឡេងផ្ទុះលាន់ជាបន្តបន្ទាប់ រីឯទីក្រុងការ៉ាជ ដែលនៅក្បែរនោះក៏ដូចគ្នា បន្ទាប់ពីការវាយប្រហារអគារឃ្លាំងស្តុកប្រេងជាច្រើនកន្លែងកាលពីយប់ថ្ងៃទី៧ ខែមីនា បណ្តាលឱ្យមានពន្លឺភ្លើង និងផ្សែង ។ នេះជាការកំទេចឃ្លាំងស្តុកប្រេងអ៊ីរ៉ង់លើកដំបូង តាំងពីអាមេរិក និងអ៊ីស្រាអែលធ្វើប្រតិបត្តិការកងទ័ពកាលពីថ្ងៃទី២៨ ខែកុម្ភៈ ។
គួរបញ្ជាក់ថា ការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលបណ្តាលឱ្យខូចខាតអគារស៊ីវិលនៅប្រទេសអ៊ីរ៉ង់ ប្រមាណ១ម៉ឺនកន្លែង ក្នុងនោះមានអគារស្នាក់នៅ ចំនួន៧,៩៤៣កន្លែង, អគារពាណិជ្ជកម្ម ១,៦១៧កន្លែង ព្រមទាំងមន្ទីរពេទ្យ និងសាលារៀនជាច្រើនកន្លែង ៕










