មានទៅមានមក! ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបង្ហើបថា សហរដ្ឋអាមេរិកបានទាក់ទងមកសុំជំនួយពីអ៊ុយក្រែនក្នុងការទប់ទល់នឹងបច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ចំពេលមានជម្លោះរវាងលោកខាងលិចនឹងអ៊ីរ៉ង់នៅមជ្ឈិមបូព៌ាកើនឡើងកាន់តែខ្លាំង។ នេះបើយោងតាមរបាយការណ៍ដកស្រង់របស់ BBC នៅថ្ងៃសុក្រ ទី៦ មីនា។

តាមសម្ដីរបស់ប្រធានាធិបតីអ៊ុយក្រែន សហរដ្ឋអាមេរិកបានស្នើសុំជំនួយពីអ៊ុយក្រែនក្នុងការការពារសម្ព័ន្ធមិត្តឈូងសមុទ្រប្រឆាំងនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់។ ក្នុងនោះលោក Zelensky បាននិយាយថា ការពឹងពាក់នេះកើតឡើង ដោយសារអ៊ុយក្រែនមានបទពិសោធន៍ច្បាស់លាស់ក្នុងការដោះស្រាយជាមួយយន្តហោះគ្មានមនុស្សបើកដែលផលិតដោយប្រទេសអ៊ីរ៉ង់ និងត្រូវបានរុស្ស៊ីយកមកប្រើប្រាស់ក្នុងអំឡុងពេលធ្វើសង្គ្រាមជាមួយខ្លួន។
.jpg)
យោងតាមលោក Zelenskyy កងកម្លាំងអ៊ុយក្រែនបានចំណាយពេលជាច្រើនឆ្នាំក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រ និងប្រព័ន្ធការពារជាតិ ដើម្បីសិក្សា និងរកវិធានការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ជាពិសេសម៉ូដែលយន្តហោះគ្មានមនុស្សបើក Shahed ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅលើសមរភូមិ។ ដោយសារតែបទពិសោធន៍នេះ ទើបសហរដ្ឋអាមេរិកចាប់អារម្មណ៍ក្នុងការរៀនសូត្រពីយុទ្ធសាស្ត្ររបស់អ៊ុយក្រែន ដើម្បីការពារកងកម្លាំង និងសម្ព័ន្ធមិត្តរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។
.jpg)
គួរជម្រាបថា អ៊ីរ៉ង់មានភាពលេចធ្លោខ្លាំងចំពោះការផលិតយន្តហោះគ្មានមនុស្សបើកសម្រាប់ប្រយុទ្ធដែលមានតម្លៃថោក ប៉ុន្តែមានសមត្ថភាពបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យពួកវាក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពប្រឆាំងនឹងប្រព័ន្ធការពារដែនអាកាសដែលមានតម្លៃថ្លៃៗរបស់ប្រទេសធំៗជាច្រើន។ 
ទាក់ទងនឹងការស្នើសុំជំនួយពីសម្ព័ន្ធមិត្តអាមេរិក លោក Zelenskyy បាននិយាយថា អ៊ុយក្រែនរីករាយនឹងចែករំលែកចំណេះដឹង និងបទពិសោធន៍បច្ចេកទេសរបស់ខ្លួនជាមួយដៃគូជានិច្ច។ តាមរយៈការប្រកាសនេះដែរ អ្នកវិភាគបាននិយាយថា កិច្ចសហប្រតិបត្តិការបែបនេះអាចជួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេក្នុងការពង្រឹងការការពារប្រឆាំងនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ខណៈដែលភាពតានតឹងនៅតែបន្តកើនឡើងនៅមជ្ឈិមបូព៌ា៕










