កំពុងពរពោះ Ka Ismee ដែលជាភរិយារបស់ ណូលី បានចែករំលែកថានាងទទួលបានមតិយោបល់ជំនឿតាមតំបន់ហាមឃាត់នាងមិនឱ្យចងសក់ ទុកសក់វែង សូម្បីតែញុំារបស់សែនក្នុងផ្ទះក៏មិនឱ្យញុំាដែរ។ ភរិយាតារាចម្រៀង ណូលី ថាទោះបីជាការបញ្ចេញមតិនោះព្រួយបារម្ភពីនាងប៉ុន្តែពាក្យសម្តីខ្លះវាមិនគួរឱ្យជឿនោះទេ។
កាលពីពេលថ្មីៗនេះភរិយារបស់តារាចម្រៀង ណូលី បានចេញវីដេអូមួយនៅលើបណ្តាញសង្គមទិកតុកដោយនិយាយពីការពរពោះរបស់ខ្លួន។ Ka Ismee ថាដំបូងឡើយនាងមានបំណងចង់លាក់បាំងរហូតដល់ពេលជិតសម្រាលទើបប្រាប់មហាជនប៉ុន្តែបានផ្លាស់ប្តូរចិត្តគំនិតវិញដោយទម្លាយរឿងនាងពរពោះនៅពេលទម្ងន់ជិត៥ខែ។ ជាមួយនឹងបទពិសោធន៍ពរពោះនេះ Ka Ismee ថាមានពេលខ្លះបងប្អូនមួយចំនួនដែលមានជំនឿតាមតំបន់បានបញ្ចេញមតិយោបល់ដូចជាមិនឱ្យនាងចងសក់ និងញុំារបស់សែន។
Ka Ismee ថានាងមិនខឹងស្អប់ចំពោះការបញ្ចេញមតិយោបល់នោះទេពីព្រោះជំនឿទៅតាមតំបន់ប៉ុន្តែពាក្យខ្លះមិនគួរនិយាយពុំចាំបាច់និយាយនោះទេ។ ទោះបីជាពាក្យសម្តីខ្លះបង្ហាញការបារម្ភពីនាងក្តីប៉ុន្តែភរិយា ណូលី បាននិយាយថាពាក្យខ្លះពុំសមឱ្យយើងជឿតែម្តងជាក់ស្តែងដូចជារឿងញុំារបស់សែនផ្ទះខ្លួនឯងនិងរឿងចងសក់នេះជាដើម។ ក្នុងការពរពោះនេះដែរ Ka Ismee ថាយើងគួរគិតអ្វីដែលល្អៗ ហើយការតុបតែងខ្លួនឱ្យរៀបរយក៏ធ្វើឱ្យអារម្មណ៍យើងស្រស់ស្រាយស្រឡះដូចគ្នា។
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ Ka Ismee បានសម្រេចចិត្តបង្ហាញអ្នកគាំទ្រថានាងកំពុងពរពោះកូនរបស់តារាចម្រៀង ណូលី ។ អ្នកទាំងពីរបានរៀបការជាមួយគ្នាកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥៕










