តារាចម្រៀង ឈិន ម៉ានិច្ច ម្ចាស់ពាន Cambodian Idol រដូវកាលទី២ បានទម្លាយថាមុននឹងមានឈ្មោះបោះសំឡេងរះក្នុងអាជីពអ្នកចម្រៀងម្នាក់រូបនាងធ្លាប់ធ្វើការរោងចក្ររហូតដល់ទៅ២ឆ្នាំ។ តារាចម្រៀងរូបនេះថែមទាំងទម្លាយទៀតថាខ្លួនចាញ់បោកម្តាយខ្លួនឯងថាធ្វើការរយៈពេលខ្លីប៉ុន្តែដោយសារតែជីវភាពខ្វះខាតទើបបន្តការងាររហូតឈានដល់ឆ្នាំ។

ថ្មីៗនេះនៅក្នុងកិច្ចសម្ភាសន៍ «V Talk Confession» តារាចម្រៀង ឈិន ម៉ានិច្ច បានរៀបរាប់ពីការតស៊ូរបស់ខ្លួនទាំងទឹកភ្នែកពីព្រោះអតីតកាលឆ្លងកាត់ការលំបាកជាច្រើនទម្រាំអាចមានដូចសព្វថ្ងៃនេះ។ ចំណុចដែលធ្វើឱ្យអ្នកគាំទ្ររំជួលចិត្តទប់ទឹកភ្នែកសឹងមិនជាប់ ម៉ានិច្ច បាននិយាយថាឪពុករបស់នាងបានលាចាកលោកស្របពេលនាងកំពុងល្បីក្នុងអាជីពសិល្បៈ។
រៀបរាប់ពីប្រវត្តិរបស់ខ្លួន ឈិន ម៉ានិច្ច ថានាងចេះច្រៀងនិងស្រលាញ់សិល្បៈតាំងពីក្មេងប៉ុន្តែក្រុមគ្រួសារពុំដឹងឡើយ។ ដោយមានទឹកដមសំឡេងពីរោះមិត្តរួមថ្នាក់របស់ ម៉ានិច្ច បានជំរុញលើកទឹកចិត្តឱ្យចូលរួមប្រកួតកម្មវិធីចម្រៀងនៅសាលាខេត្តហើយបានជាប់លេខ៣ក្នុងជំនាន់នោះ។ ម្ចាស់បទ «នារីក្នុងសុបិនបងជាអ្នកណា» បន្តថាដោយសារតែជីវភាពគ្រួសារលំបាកខ្លាំងពេកនៅពេលវ៉ាកងធំម្តាយរបស់នាងបានជំរុញឱ្យចូលធ្វើការរោងចក្រសិនចាំពេលចូលកងវិញមករៀនបន្ត។ ព្រោះជីវភាពខ្វះខាតម្តាយ ឈិន ម៉ានិច្ច បានអង្វរឱ្យនាងបន្តការងារក្នុងរោងចក្រដើម្បីជួយរកប្រាក់ផ្គត់ផ្គង់គ្រួសារ។
កញ្ញា ឈិន ម៉ានិច្ច បាននិយាយថានាងបានសាកធ្វើការងារជាច្រើនបន្ទាប់ពីឈប់រៀនតែក៏មានពេលមួយបានសួរខ្លួនឯងថាតើនាងគួរនៅបន្តធ្វើការនៅក្នុងរោងចក្រទៀតឬយ៉ាងណាក្រោយពីធ្វើការរោងចក្រ២ឆ្នាំមានអារម្មណ៍ថាធ្វើការនៅតែមួយកន្លែង។ 
បន្ទាប់មកទៀត ឈិន ម៉ានិច្ច បានទាក់ទងក្រុមតន្រ្តីតាមរោងការដើម្បីសុំគេមកច្រៀងដោយក្នុងមួយយប់ទទួលបានទឹកប្រាក់ចំនួន១០ដុល្លារ។ ដោយសារតែសមត្ថភាពរបស់ខ្លួនកាន់តែដុសខាត់បានល្អ និងមានការជួយជ្រោមជ្រែងពីអ្នកធ្វើការនៅក្នុងវង់តន្រ្តី ឈិន ម៉ានិច្ច បានឡើងមកច្រៀងក្នុងរាជធានីភ្នំពេញ ខណៈធ្វើការបានត្រឹមតែ១ខែនាងមានគំនិតចង់ឱ្យខ្លួនឯងលូតលាស់ធំជាងនេះមានមហាជនស្គាល់នាងថាជា ឈិន ម៉ានិច្ច។
.png)
ក្រោយពីដឹងពីសមត្ថភាពខ្លួនឯង ឈិន ម៉ានិច្ច បានដាក់ពាក្យប្រកួតចម្រៀងទោះបីជាលើកទី១បរាជ័យតែនាងមិនបាក់ទឹកចិត្តបន្តការចូលរួមប្រកួតទៀតរហូតក្លាយជាម្ចាស់ពាន Cambodian Idol រដូវកាលទី២។ ក្រោយមក ឈិន ម៉ានិច្ច បានសាងភាពល្បីល្បាញតាមរយៈបទចម្រៀងល្បីៗជាច្រើនបទដូចជា «នារីក្នុងសុបិនបងជាអ្នកណា» «បើខ្ញុំយំមានអ្នកណា ជូតទឹកភ្នែក» «ស្រលាញ់គេហើយមែនទេ?» «ចិញ្ចៀនផ្កាស្មៅ» និងបទ «កូនកំលោះអូនជាមនុស្សធម្មតា» ជាដើម៕










