ទន្ទឹមនឹងពិធីមង្គលការមួយដែលរៀបចំឡើងយ៉ាងសាមញ្ញតែមិនធម្មតាតាមទម្រង់បែបបទខ្មែរពីដើម តារាពហុជំនាញ ខាត់ សុឃីម ចង់ឱ្យពិធីមង្គលការខ្មែរបច្ចុប្បន្នជួយលើកតម្កើនផលិតផលក្នុងស្រុកជាជាងឱ្យតម្លៃនិយមរបស់បរទេស។
.png)
ផ្តួចផ្តើមគំនិតដោយកូនក្រមុំផ្ទាល់ពិធីមង្គលការ សុខ សេរីឧត្តម និង លី សូវុនដារីតា បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែកម្មវិធីទាំងមូលប្រព្រឹត្តទៅយ៉ាងសាមញ្ញក្នុងទម្រង់ខ្មែរពីបុរាណ។ គ្រឿងតុបតែងបានជ្រើសរើសរបស់ខ្មែរជាពិសេសសន្សំមកជាច្រើនខែឆ្នាំ ហើយទស្សនិកជនក៏សរសើរពីការជ្រើសរើសកសិផលក្នុងស្រុកមកធ្វើជាជំនួន។ ខុសពីពិធីមង្គលការដទៃទៀតដែលនិយមជ្រើសរើសផ្កាស្រស់ចំណាយថវិការាប់ម៉ឺន រាប់លានដុល្លារ ពិធីមង្គលការអ្នកទាំងពីរគឺជ្រើសរើសតុបតែងលម្អពីផ្កាក្រដាស។
ជាមួយនឹងការចាប់អារម្មណ៍រៀបចំតាមបែបប្រពៃណីខ្មែរមិនឡូយឆាយ តារាពហុជំនាញ ខាត់ សុឃីម ដែលមានត្រកូលជាអ្នកសិល្បៈមានចំណេះជំនាញខាងផ្នែកបុរាណ បានជំរុញឱ្យគូស្វាមីភរិយាដទៃទៀតលើកតម្កើនផលិតផលក្នុងស្រុកជាជាងគាំទ្ររបស់បរទេស។
អ្នកនាង បានសរសេរនៅលើបណ្តាញសង្គមថា «បើរៀបបែបនេះចំណាយតិចហើយជួយតម្កើងកសិផលក្នុងស្រុក។ ខ្មែរជំនាន់ថ្មីនិយមឱ្យតម្លៃរបស់បរទេស សូម្បីផ្លែឈើដូចជា ផ្លែប៉ម សារី ទំពាំងបាយជូរ ក្រូច ឈឺរី ផ្កា…ទាល់តែរបស់បរទេសទើបថ្លៃថ្នូរ បើទៅលេងផ្ទះញាតិកាន់ចេកទៅជូនហាក់ថោក មិនសម។ ខ្មែរយើងបោះបង់ខ្លួនឯងជាយូរមកហើយ។
សូមបន្តតម្កើងលើកស្ទួយផលិតផលក្នុងស្រុក ជាតិនិយមថែរក្សមរតកវប្បធម៌ និងសេដ្ឋកិច្ចជាតិយើង»។
ទស្សនៈរបស់អ្នកនាង ខាត់ សុឃីម ដែលចង់ឱ្យពិធីមង្គលការជួយលើកតម្កើនកសិផលក្នុងស្រុកទទួលបានមតិឆ្លើយតបវិជ្ជមានដោយមានមនុស្សជាច្រើនគាំទ្រផងដែរ៕










