Home ព័ត៌មានអន្តរជាតិ រញ្ជួយដីកម្រិតធ្ងន់ ៧.១ រ៉ិចទ័នៅរដ្ឋ Sabah ប្រទេសម៉ាឡេស៊ីបានធ្វើឲ្យរង្គើដល់សិង្ហបុរី

រញ្ជួយដីកម្រិតធ្ងន់ ៧.១ រ៉ិចទ័នៅរដ្ឋ Sabah ប្រទេសម៉ាឡេស៊ីបានធ្វើឲ្យរង្គើដល់សិង្ហបុរី

14
0

ហ្សាកាតា ៖ រញ្ជួយដីខ្លាំងដែលឈានដល់កម្រិត ៧.១ រ៉ិចទ័របានវា.យប្រហារនៅព្រឹកព្រលឹមថ្ងៃចន្ទ នៅលើកោះ Borneo ក្នុងរដ្ឋ Sabah ប្រទេសម៉ាឡេស៊ី បានបង្កឲ្យការភ័យខ្លាចយ៉ាងខ្លាំងដល់អ្នកដែលរស់នៅក្នុងនិងជុំវិញតំបន់ ខណៈពលរដ្ឋសិង្ហបុរីមួយចំនួនអះអាងថាការរញ្ជួយបានរីករាលដាលរហូតដល់តំបន់ដែលពួកគេរស់នៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។

នៅថ្ងៃទី២៣ ខែកុម្ភៈ ទីភ្នាក់ងារអង្កេតភូគព្ភសាស្ត្រសហរដ្ឋអាម៉េរិក ហៅកាត់ថា USGS បានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិត ៧.១ រ៉ិកទ័រ បានកើតឡើងនៅម៉ោង ១២:៥៧ នាទីរំលងអធ្រាត្រឈានចូល ថ្ងៃចន្ទ (ទី២៣ ខែកុម្ភៈ) នៅក្នុងឈូងសមុទ្រក្បែររដ្ឋសាបា (Sabah) នៃកោះបូណេអូ ប្រទេសម៉ាឡេស៊ី។ ចំណុចកណ្ដាលនៃគ្រោះរញ្ជួយនេះ ស្ថិតនៅចម្ងាយជិត ១០០ គីឡូម៉ែត្រពីភាគឦសានទីក្រុងកូតាគីណាបាលូ (Kota Kinabalu) ក្នុងជម្រៅដល់ទៅ ៦១៩.៨ គីឡូម៉ែត្រចុះទៅក្រោមស្រទាប់ដី ។

តាម USGS បើទោះជាកម្រិតនៃការរញ្ជួយមានសភាពខ្លាំងក្លា ប៉ុន្តែលទ្ធភាពនៃអ្នកស្លាប់ ឬរងរបួស ឬក៏ការបំផ្លិចបំផ្លាញនៅមានកម្រិតទាប ហើយមជ្ឈមណ្ឌលតាមដានរលកស៊ូណាមិរបស់សហរដ្ឋអាមេរិក ក៏មិនបានរកឃើញអំពីសញ្ញានៃរលកយក្សស៊ូណាមិផងដែរ ។

បន្ថែមលើនោះ អ្នកស្រុកមួយចំនួននៅប្រទេសសិង្ហបុរីឯណោះវិញ បានចែករំលែកសារនៅលើបណ្តាញសង្គមថា ពួកគេក៏មានអារម្មណ៍រំញ័រដូចគ្នាដែរ ជាពិសេសអ្នករស់នៅតំបន់ ប៉ាស័ររីស (Pasir Ris) និងម៉ារីន ផារ៉េដ (Marine Parade) ដោយអ្នកខ្លះរៀបរាប់ថាមានឮសំឡេងខ្លាំងៗ និងមានអារម្មណ៍ថាអគារហាក់យោលទៅឆ្វេងទៅស្តាំជាដើម ។

តាមការសិក្សារបស់ទីភ្នាក់ងារភូគព្ភសាស្ត្រម៉ាឡេស៊ី កាលពីខែតុលាឆ្នាំមុន បានរកឃើញថា រដ្ឋចំនួន ៦ ក្នុងប្រទេសម៉ាឡេស៊ី រួមមាន ប៉ាហាំង (Pahang), តេរ៉េងហ្គានូ (Terengganu), ប៉េរ៉ាក់ (Perak), ណេហ្គីរីសេមប៊ីឡាន (Negeri Sembilan), សាបា (Sabah) និងសារ៉ាវ៉ាក់ (Sarawak) សុទ្ធតែស្ថិតក្នុងតំបន់ប្រឈមនឹងគ្រោះរញ្ជួយដី។ កាលពីខែសីហាឆ្នាំមុន រដ្ឋចូហ័រ (Johor) ក៏ធ្លាប់រងការរញ្ជួយដីបន្តបន្ទាប់គ្នាផងដែរ ៕