Home ព័ត៌មានអន្តរជាតិ តើរដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់ Anutin អាចនឹងគ្រប់គ្រងប្រទេសបានត្រឹមតែរយៈពេល២ឆ្នាំឬ?

តើរដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់ Anutin អាចនឹងគ្រប់គ្រងប្រទេសបានត្រឹមតែរយៈពេល២ឆ្នាំឬ?

16
0

ទាំងគណបក្សនយោបាយ ទាំងអន្តរជាតិសុទ្ធតែដឹងថា លោក Anutin Charnvirakul ប្រធានគណបក្សភូមិចៃថៃ អាចបន្តអំណាចរបស់ខ្លួនរហូតដល់ពេលនេះ ដោយសារទិញសន្លឹកឆ្នោត កេងបន្លំលទ្ធផលបោះឆ្នោត និងបំផុសឱ្យពលរដ្ឋមានស្មារតីជាតិនិយមជ្រុលរឿងព្រំដែនកម្ពុជា-ថៃ ថែមទាំងបង្កើតគោលនយោបាយបន្តបិទព្រំដែនជាមួយកម្ពុជា លុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ និងធ្វើរបងព្រំដែនតាមការទាមទាររបស់ម្ចាស់ឆ្នោត ។ អតីតសមាជិកព្រឹទ្ធសភាម្នាក់និយាយថា រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោក Anutin មិនអាចគ្រប់គ្រងប្រទេសយូរអង្វែងទេ ។

អតីតសមាជិកព្រឹទ្ធសភា និងជាមេធាវីនៅប្រទេសថៃ លោក វ៉ាន់ឆ័យ សនស៊ិរី បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាននៅសប្តាហ៍ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ថា រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោក Anutin Charnvirakul អាចគ្រប់គ្រងប្រទេសថៃត្រឹមតែរយៈពេល២ឆ្នាំប៉ុណ្ណោះ ត្រូវផ្លាស់ប្តូររដ្ឋាភិបាលថ្មីហើយ ដោយសារការខ្វែងគំនិតគ្នាពីអ្នកនយោបាយ ។

ឆ្លើយតបនឹងអ្នកសារព័ត៌មានដែលសួរថា ៖ «តើរដ្ឋាភិបាលថៃនឹងអាចដឹកនាំប្រទេសបានតែ២ឆ្នាំ មែនទេ?» លោក វ៉ាន់ឆ័យ និយាយថា អ្នកដែលមកចូលរួមជាមួយគណបក្សភូមិចៃថៃ របស់លោក Anutin មិនមែនមកដោយសារមានគំនិតដូចគ្នា ឬដោយសារការស្រឡាញ់ ឬមានបំណងល្អជាមួយគ្នានោះទេ ប៉ុន្តែពួកគេមកចូលរួមដោយសារតែអំណាចប៉ុណ្ណោះ ពីព្រោះដឹងថា លោក Anutin នឹងបង្កើតរដ្ឋាភិបាល ។

អ្នកនយោបាយជាច្រើនបានដង្ហែគ្នាមកចូលរួមជាមួយគណបក្សភូមិចៃថៃ ដោយសារចង់បានតំណែងជារដ្ឋមន្ត្រី ហើយតើលោក Anutin អាចផ្តល់តំណែងរដ្ឋមន្ត្រីទៅអ្នកនយោបាយបាន២០តំណែងដែរឬទេ? មិនអាចទេ ពីព្រោះត្រូវផ្តល់តំណែងរដ្ឋមន្ត្រីឱ្យអ្នកនយោបាយក្នុងគណបក្សភូមិចៃថៃផង និងអ្នកនយោបាយមកពីគណបក្សផ្សេងផង ។

នៅឆ្នាំដំបូងដែលរដ្ឋាភិបាលលោក Anutin គ្រប់គ្រងប្រទេស គឺអ្នកនយោបាយមកពីគណបក្សផ្សេងគ្នាព្យាយាមធ្វើការឱ្យចុះសម្រុង ប៉ុន្តែនៅឆ្នាំបន្ទាប់ នឹងពិបាក ។ ប្រសិនបើត្រូវផ្លាស់ប្តូរគណៈរដ្ឋមន្ត្រី ត្រូវទម្លាក់តំណែងរដ្ឋមន្ត្រីមួយចំនួន ធ្វើឱ្យរដ្ឋមន្ត្រីធ្លាក់តំណែងមិនពេញចិត្ត រីឯអ្នកមិនបានតំណែងរដ្ឋមន្ត្រីក៏ខឹងសម្បារ នៅទីបំផុត នឹងមានទំនាស់ផ្ទៃក្នុងគណបក្សខ្លួនឯង (គណបក្សភូមិចៃថៃ) ដែលនេះជាមូលហេតុធ្វើឱ្យរដ្ឋាភិបាលរបស់លោក Anutin មិនអាចកាន់អំណាចបានយូរ ។ នេះបើតាមការលើកឡើងរបស់លោក វ៉ាន់ឆ័យ អតីតសមាជិកព្រឹទ្ធសភា និងជាមេធាវី ។

គួរបញ្ជាក់ថា លោក Anutin បានប្រកាសពីគោលជំហរនយោបាយគណបក្សខ្លួនដើម្បីឱ្យពលរដ្ឋបោះឆ្នោតឱ្យ គឺប្រកាន់គោលជំហរដាច់ខាតជាមួយកម្ពុជា ដូចជា ៖ បិទព្រំដែនរៀងរហូតក្រោមហេតុផលការពារអធិបតេយ្យ ។ ការប្រកាសគោលជំហរដាច់ខាតនេះ ដោយសារខ្លួនលោកអសមត្ថភាពដឹកនាំប្រទេសកន្លងមក និងរងការរិះគន់ខ្លាំងពីពលរដ្ឋរឿងយឺតយ៉ាវក្នុងការជួយសង្គ្រោះពលរដ្ឋពីទឹកជំនន់ភាគខាងត្បូង បណ្តោយឱ្យបទល្មើសឆបោកអនឡាញ ជួញដូរគ្រឿងញៀន កើនឡើងស្ទើរគ្រប់ទីកន្លែង ។

អ្វីដែលធ្វើឱ្យលោក Anutin ទទួលការគាំទ្រខ្លាំងដោយសារបើកដៃឱ្យកងទ័ពថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជា លើកទី២ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីកាន់កាប់ទឹកដីកម្ពុជានៅព្រំដែនដោយខុសច្បាប់ ក្រោមលេសចោទប្រកាន់កម្ពុជាបង្ករឿងដាក់មីនទៅវិញ ​៕