ស្របពេលដែលតំណាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន កំពុងបើកកិច្ចចរចាសន្តិភាពរួមគ្នាដើម្បីដោះស្រាយលើបញ្ហាទឹកដីដ៏ស្មុគស្មាញ ដែលភាគីទាំងពីរនៅតែមានភាពខ្វែងគំនិតគ្នា ព្រោះសាររុស្ស៊ីទាមទារសិទ្ធិកាន់កាប់ទាំងស្រុងលើទឹកមួយផ្នែកធំដែលខ្លួនឈ្លានពានបានពីអ៊ុយក្រែន។ ការណ៍នេះត្រូវបានអ្នកជំនាញវិភាគសេដ្ឋកិច្ចនយោបាយមួយរូបយល់ឃើញថា ប្រទេសថៃទំនងជានឹងយកគម្រូតាមរុស្ស៊ីមិនខាន ប្រសិនបើរុស្ស៊ីពិតជាអាចសម្រេចបាននូវការទាមទាររបស់ខ្លួនមែន។.jpg)
យោងតាមប្រសាសន៍របស់លោក អ៊ូ វីរៈ អ្នកតស៊ូមតិសិទ្ធិមនុស្ស អ្នកវិភាគសេដ្ឋកិច្ចនយោបាយ និងជាអ្នកតាមដានសង្គមមួយរូប បានលើកឡើងពីការយល់ឃើញរបស់លោកយ៉ាងដូច្នេះថា៖ ប្រទេសថៃកំពុងតាមដានការចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន។ ប្រសិនបើរុស្ស៊ីអាចរក្សាទឹកដីដែលពួកគេឈ្លានពានបានពីអ៊ុយក្រែនពិតមែន នោះប្រទេសថៃមានសង្ឃឹមថានឹងអាចបង្ខំកម្ពុជាឱ្យទទួលយកការទាមទាររបស់ខ្លួនបានដូចគ្នា។ ប៉ុន្តែប្រទេសថៃមិនមែនជារុស្ស៊ីទេ ហើយកម្ពុជាក៏នឹងមិនព្រមបាត់បង់ទឹកដីរបស់យើងឡើយ។.jpg)
តាមប្រសាសន៍របស់លោក អ៊ូ វីរៈ រុស្ស៊ីកំពុងធ្វើសង្គ្រាមឈ្លានពានដោយផ្អែកលើការគំរាមកំហែងនៃការបំផ្លិចបំផ្លាញពិភពលោកដោយអាវុធនុយក្លេអ៊ែរ។ ចំណែកប្រទេសថៃ មិនមែនសូម្បីតែជាអំណាចកណ្ដាលមួយផង។ ប្រទេសថៃមិនអាចគេចផុតពីអំណាចភូមិសាស្ត្រនយោបាយបានទេ។ កម្ពុជាត្រូវតែយកឈ្នះការទូត (អំណាចទន់) ដើម្បីឈ្នះទឹកដីមកវិញ ទោះចំណាយពេលយូរក៏ដោយ។ កែទម្រង់ផង ពង្រឹងផង ការទូតផង។

គួរជម្រាបថា គិតមកត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ កិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ហាក់មិនទាន់រកឃើញកោះត្រើយបាននៅឡើយ ដោយបើតាមការបញ្ជាក់របស់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗបានធ្វើការចុះផ្សាយថា ការណ៍នេះបណ្ដាលមកពីភាគីរុស្ស៊ីទាមទារដណ្ដើមការកាន់កាប់ទឹកដីពីអ៊ុយក្រែនច្រើនលើសលប់ពេក ដែលធ្វើឲ្យការខ្វែងគំនិតគ្នានៅតែបន្តកើតមាន។
ដោយឡែកបើតាមការលើកឡើងរបស់អ្នកជំនាញដូចខាងលើ ប្រទេសថៃទំនងជាកំពុងរង់ចាំមើលសភាពការណ៍នៃប្រទេសទាំងពីរនេះយ៉ាងដិតដល់ជាទីបំផុត ព្រោះខ្លួនក៏មានមហិច្ចតាចង់ដណ្ដើមការកាន់កាប់លើទឹកដីដែលឈ្លានពានបានពីកម្ពុជាដោយខុសច្បាប់ដូចរុស្ស៊ីដែរ៕










