Home ព័ត៌មានអន្តរជាតិ អតីតប្រធានគណបក្សនយោបាយថៃប្តឹងគណៈកម្មាធិការរៀបចំការបោះឆ្នោតគ្មានភាពយុត្តិធម៌ បន្លំ និងខុសប្រក្រតី

អតីតប្រធានគណបក្សនយោបាយថៃប្តឹងគណៈកម្មាធិការរៀបចំការបោះឆ្នោតគ្មានភាពយុត្តិធម៌ បន្លំ និងខុសប្រក្រតី

8
0

គណបក្សនយោបាយ និងពលរដ្ឋថៃ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានចោទប្រកាន់គណៈកម្មាធិការរៀបចំការបោះឆ្នោតគ្មានការសម្ងាត់ ពីព្រោះមាន Barcode និង QR Code លើសន្លឹកឆ្នោត ដែលអាចត្រួតពិនិត្យអត្តសញ្ញាណពលរដ្ឋបោះឆ្នោតឱ្យគណបក្សណាមួយ ។ អតីតប្រធានគណបក្សថៃសាងថៃប្រកាសដាក់ពាក្យប្តឹងគណៈកម្មាធិការនេះពីការបោះឆ្នោតគ្មានការសម្ងាត់ បន្ទាប់ពីគណៈកម្មាធិការទទួលស្គាល់ពិតជាមាន Barcode និង QR Code លើសន្លឹកឆ្នោត ។

កាលពីថ្ងៃទី១៣ ខែកុម្ភៈ អ្នកស្រី Sudarat Keyuraphan អតីតប្រធានគណបក្សថៃសាងថៃ ប្រកាសដាក់ពាក្យប្តឹងគណៈកម្មាធិការរៀបចំការបោះឆ្នោតគ្មានការសម្ងាត់ ដែលបំពេញការងារផ្ទុយនឹងមាត្រា១៥៧ បន្ទាប់ពីគណៈកម្មាធិការទទួលស្គាល់ពិតជាមាន Barcode និង QR Code លើសន្លឹកឆ្នោត ដែលអាចស្កេនត្រួតពិនិត្យអត្តសញ្ញាណពលរដ្ឋបាន ។ អ្នកស្រីចាត់ទុកនេះជាការបំពានដោយចេតនាយ៉ាងធ្ងន់ធ្ងរលើគោលការណ៍រក្សាការសម្ងាត់សម្រាប់អ្នកបោះឆ្នោត ។

អ្នកស្រី Sudarat ដែលទើបលាលែងពីតួនាទីជាប្រធានគណបក្សថៃសាងថៃថា គណៈកម្មាធិការរៀបចំការបោះឆ្នោតមិនអាចរក្សាការសម្ងាត់ឱ្យអ្នកបោះឆ្នោតបានទេ ការបោះឆ្នោតកាលពីថ្ងៃទី៨ ខែកុម្ភៈ មានភាពខុសប្រក្រតីគួរឱ្យសង្ស័យជាច្រើន ព្រមទាំងមាន Barcode និង QR Code លើសន្លឹកឆ្នោត ។ អ្នកស្រីនឹងប្តឹងគណៈកម្មាធិការនេះប្រព្រឹត្តផ្ទុយមាត្រា១៥៧ ទៅកាន់តុលាការព្រហ្មទណ្ឌ និងប្តឹងទៅតុលាការធម្មនុញ្ញ ដើម្បីបង្ហាញថា ការបោះឆ្នោតកន្លងមកបំពានមាត្រា៨៥ នៃរដ្ឋធម្មនុញ្ញ និងបំពានច្បាប់បោះឆ្នោត មាត្រា៩៦ ។

មន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោតប្រឈមនឹងទោសកំហុសធ្ងន់ធ្ងររហូតដល់ជាប់ពន្ធនាគារ ដោយសារមន្ត្រីគណៈកម្មាធិការដឹងយ៉ាងច្បាស់ថា ការដាក់ Barcode និង QR Code លើសន្លឹកឆ្នោត គឺល្មើសច្បាប់ និងល្មើសរដ្ឋធម្មនុញ្ញយ៉ាងខ្លាំង ។ ការដាក់ពាក្យប្តឹងរបស់អតីតប្រធានគណបក្សថៃសាងថៃ ក្នុងបំណងទាមទាររកភាពយុត្តិធម៌ឱ្យពលរដ្ឋដែលបានមកបោះឆ្នោតគាំទ្រគណបក្សដែលពួកគេពេញចិត្ត បែរជាការបោះឆ្នោតគ្មានការសម្ងាត់ ។

ជាមួយគ្នានេះ អតីតប្រធានគណបក្សថៃសាងថៃ អ្នកស្រី Sudarat អំពាវនាវឱ្យពលរដ្ឋទាំងអស់រួមគ្នាបញ្ជូនទិន្នន័យ ភស្តុតាង រូបភាព និងវីដេអូ ដែលបង្ហាញពីភាពខុសប្រក្រតីក្នុងការបោះឆ្នោតនេះមកកាន់ហ្វេសប៊ុកផេករបស់អ្នកស្រី ឬហ្វេសប៊ុកផេករបស់គណបក្សថៃសាងថៃ ដើម្បីប្រមូលភស្តុតាងចាត់វិធានការគណៈកម្មាធិការរៀបចំការបោះឆ្នោតតាមផ្លូវច្បាប់ និងរួមគ្នាទាមទារអធិបតេយ្យមកវិញ ។

នៅថ្ងៃទី១៣ ខែកុម្ភៈ មន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោតបានបកស្រាយពី Barcode និង QR Code លើសន្លឹកឆ្នោតថា គឺដើម្បីសុវត្ថិភាព និងមិនអាចស្កេនពិនិត្យមើលថា តើពលរដ្ឋបោះឆ្នោតឱ្យគណបក្សណាទេ ។ ការដាក់ Barcode និង QR Code លើសន្លឹកឆ្នោត ធ្វើឡើងតាមច្បាប់របស់គណៈកម្មាធិការរៀបចំការបោះឆ្នោត មាត្រា១២៩ ដើម្បីការពារការកេងបន្លំ និងសម្រាប់ឱ្យដំណើរការបោះឆ្នោតមានប្រសិទ្ធភាព ព្រមទាំងតាមដានចំនួនសន្លឹកឆ្នោតមានការបោះពុម្ពលើសដែរឬទេ ។ ទោះយ៉ាងណា គណៈកម្មាធិការទទួលស្គាល់ថា Barcode និង QR Code អាចស្កេនដឹងពីមណ្ឌលបោះឆ្នោត ។

ចំណែកប្រធានគណបក្សភូមិចៃថៃ លោក Anutin Charnvirakul កាលពីថ្ងៃទី១៣ ខែកុម្ភៈ និយាយថា រដ្ឋាភិបាលមិនពាក់ព័ន្ធនឹងការដាក់ Barcode និង QR Code លើសន្លឹកឆ្នោតទេ វាជាបញ្ហារបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ពីព្រោះរដ្ឋាភិបាលមិនបានចាត់ចែងរៀបចំការបោះឆ្នោត ។

គួរបញ្ជាក់ថា ការបោះឆ្នោតរបស់ថៃមានភាពខុសប្រក្រតីជាច្រើនកើតឡើងនៅមណ្ឌលបោះឆ្នោតតាមបណ្តាខេត្ត ដែលធ្វើឱ្យគណបក្សនយោបាយនានា និងពលរដ្ឋទាមទារឱ្យរាប់សន្លឹកឆ្នោតឡើងវិញ ពីព្រោះលទ្ធផលបោះឆ្នោតលម្អៀងខ្លាំងទៅគណបក្សភូមិចៃថៃរបស់លោក Anutin ប៉ុន្តែគណៈកម្មការនេះប្រឆាំងការររាប់សន្លឹកឆ្នោតឡើងវិញ ក្រោមហេតុផលខុសច្បាប់ ៕